គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្តសៀមរាប បើក​កិច្ចប្រជុំ​ពិនិត្យ​របាយការណ៍​ពាក់ព័ន្ធ​ទៅនឹង​ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​តាម​បណ្ដា​ក្រុង​ស្រុក​នាពេល​កន្លងមក​

នៅ​រសៀល​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៩ លោក ង៉ាន់ ភិ​រុណ អភិបាលរង​ខេត្តសៀមរាប បាន​ដឹកនាំ​កិច្ចប្រជុំ​ពិនិត្យ​របាយការណ៍ ពាក់ព័ន្ធ​ទៅនឹង​ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​តាម​បណ្ដា​ស្រុក​ក្រុង​ទាំង​១២​របស់​ខេត្ត ដោយមាន​ការចូលរួម​ពី លោក លោកស្រី ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​នានា អភិបាល​អភិបាលរង ក្រុង​ស្រុក ជាច្រើន​ផងដែរ ។

​បើតាម​របាយការណ៍​ពី​អាជ្ញាធរ​មូលដ្ឋាន​និង​អង្គភាព​មន្ទីរ បានបង្ហាញ​នូវ​ផលប៉ះពាល់​ដោយសារ​គ្រោះរាំងស្ងួត និង​ផលប៉ះពាល់​ដោយ​គ្រោះទឹកជំនន់​ទឹកភ្លៀង​នាពេល​កន្លងមក ដែលនាំឱ្យ​ខូចខាត​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ ខូចខាត​ផលដំណាំ ងាប់ និង​លិចលង់​សន្ទូង​របស់​ប្រជាពលរដ្ឋ​នៅតាម​បណ្តា​ភូមិសាស្ត្រ​ក្រុង​-​ស្រុក នៃ​ខេត្តសៀមរាប​ចាប់ពី​អំឡុង​ខែសីហា រហូតដល់​ខែកញ្ញា ឆ្នាំ​២០១៩ ដែល​ក្នុង​រយៈពេល​ពីរ​ខែ​ចុង​ក្រោយនេះ ស្រុក​មួយចំនួន​នៅ​ខេត្តសៀមរាប មាន​ករណី​គ្រោះមហន្តរាយ​កើតឡើង​បន្តបន្ទាប់​ដោយសារ​គ្រោះធម្មជាតិ ដូចជា​៖ ស្រុក​ក្រឡាញ់ , ស្រុក​អង្គរជុំ , ស្រុក​វ៉ារិន , ស្រុក​ជីក្រែង , ស្រុក​ស្វាយ​លើ , ស្រុក​ស្រីស្នំ , ស្រុក​ពួក , ស្រុក​ប្រាសាទបាគង , ស្រុក​អង្គរធំ , ស្រុក​សូទ្រនិគម , ស្រុក​បន្ទាយស្រី និង​ក្រុង​សៀមរាប ដែល​បាន​ទទួលរង​នូវ​ផលប៉ះពាល់​ពី​គ្រោះរាំងស្ងួត គ្រោះទឹកជំនន់ ឧ​ប្ប​ទ្ទេវ​ហេតុ​ផ្សេងៗ ។

​មានប្រសាសន៍​ក្នុងឱកាស​នេះ លោក ង៉ាន់​ភិ​រុណ បាន​សំណូមពរ​ដល់​អាជ្ញាធរ​ក្រុង​ស្រុក ធ្វើ​របាយការណ៍​ផ្តល់​មក​លេខាធិការដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត​ឱ្យបាន​ទៀងទាត់ តាម​ប្រក្រតីទិន តាម​ខែ​និ​មួយៗ​ដែល​បានកំណត់ ដើម្បី​ក្រុមការងារ​លេខាធិការដ្ឋាន ធ្វើ​របាយការណ៍​រាយការណ៍ ជូនទៅ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​ជ្រាប និង ដើម្បី​មាន​វិធានការ​ដោះស្រាយ និង​ឆ្លើយតបបាន​ទាន់ពេលវេលា ចំពោះ​សេចក្តីត្រូវការ​ទៅតាម​សំណូមពរ​របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​រង​ផលប៉ះពាល់​ដោយ​គ្រោះមហន្តរាយ​ផ្សេងៗ ហើយ​ពាក់​ព័​ន្ឋ​ទៅនឹង​ផលប៉ះពាល់​ដោយ​គ្រោះរាំងស្ងួត និង​ទឹកជំនន់​ទឹកភ្លៀង​ក្នុង​រដូវវស្សា​នេះ ស្រុក​ខ្លះ​នឹង​ទទួលបាន​ស្រូវពូជ​ពី​ក្រសួងកសិកម្ម ឬ​ពី​រាជរដ្ឋាភិបាល តែ​ចំពោះ​ស្រុក​ក្រុង​ណា​ដែល​គ្មាន​ប្រភពទឹក ពុំ​ទទួលបាន​ស្រូវពូជ​នោះទេ តែ​ទទួលបាន​ពូជ​ដំណាំ​វិញ​។

​លោក ង៉ាន់​ភិ​រុណ បាន​ណែនាំ​ដល់​អាជ្ញាធរ​ស្រុក​ណា​ដែលមាន​រថយន្ត​ធុន​ធំ​ដឹក​ធ្ងន់​ឆ្លងកាត់​ភូមិសាស្ត្រ​របស់ខ្លួន ត្រូវ​ពិនិត្យមើល​តើ​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ដែរឬទេ និង​បើ​ដឹក​លើស​ទម្ងន់​ត្រូវមាន​វិធាន​ចាត់ការ​ជាបន្ទាន់ ជាពិសេស​ចំពោះ​ស្រុក​ចំនួន​ពីរ​គឺ​ស្រុក​អង្គរជុំ និង​ស្រុក​អង្គរធំ បើ​ឃើញ​មាន​រថយន្ត​ដឹក​ដី ដឹក​ថ្ម ដឹក​ខ្សាច់ ឬ​ដឹក​ផលិតផល​អ្វី​ក៏ដោយ ឆ្លងកាត់​ក្នុងភូមិ​សាស្ត្រ​របស់ខ្លួន ត្រូវ​អភិបាលស្រុក​ទាំងពីរ​នេះ​ប្រើ​សិទ្ឋិ​អំណាច​ជា​អភិបាលស្រុក ពិនិត្យ​និង​ផាកពិន័យ មិនត្រូវ​លើកលែង​ជាដាច់ខាត ព្រោះ​បើ​នៅតែ​បណ្តែតបណ្តោយ វា​បណ្តាលឱ្យ​ខូច​ផ្លូវ​អស់​គ្មាន​សល់​ទេ ដោយសារតែ​ដឹក​លើស​ទម្ងន់ ។

​សូម​ជំរាប​ថា ៖ បើតាម​របាយការណ៍រ​បស់​លេខាធិការដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត បាន​ឲ្យ​ដឹងថា ផលប៉ះពាល់​ដោយសារ​គ្រោះមហន្តរាយ​ឆ្នាំ​២០១៩​នេះ បាន​បណ្តាលឱ្យ​មនុស្ស​ស្លាប់​ដោយសារ​លង់ទឹក ចំនួន ១១ នាក់ ក្នុងនោះ​ស្រី​ចំនួន ១​នាក់ , ភាពរាំងស្ងួត បាន​នាំឱ្យ​ខូចខាត​ប៉ះពាល់ ដល់​ក្រុង​-​ស្រុក ចំនួន​១១ , ឃុំ​ចំនួន ៧៤ , ភូមិ​ចំនួន ៥៨៥ ក្នុងនោះ​មានគ្រួសារ​ចំនួន ៤៣.៨៩៣ គ្រួសារ , ប៉ះពាល់​ស្រូវពង្រោះ ចំនួន ៣៦. ០៨៩ ហិកតា ក្នុងនោះ​ខូចខាត​ចំនួន ៤.៦០៧ ហិកតា , ស្រូវស្រាល ចំនួន ១១.៥១៥ ហិកតា ក្នុងនោះ​ខូចខាត​ចំនួន​៣.៦៣០ ហិកតា , ស្រូវកណ្តាល​ចំនួន ១៩.១៤៨ ហិកតា ក្នុងនោះ​ខូចខាត​ចំនួន​៧០០ ហិកតា , ស្រូវធ្ងន់​ចំនួន ៥.៤២៦ ហិកតា ក្នុងនោះ​ខូចខាត​ចំនួន ២៧៧ ហិកតា , ប៉ះពាល់​ស្រូវ​សន្ទូង ចំនួន ១៥៥ ហិកតា ក្នុងនោះ​ខូចខាត​ចំនួន​៥០ ហិកតា , លិច​ទីធ្លា​មន្ទីរពេទ្យបង្អែក​ស្រុក និង​មណ្ឌល​សុខភាព ២​កន្លែង , លិច​ទីធ្លា​សាលារៀន ២១ កន្លែង , ទឹក​ហូរ​ចូល​ផ្សារ ១ កន្លែង , ទឹក​លិច​ក្រោមផ្ទះ​ប្រជាពលរដ្ឋ​កម្រិតធ្ងន់ ចំនួន ៥ ខ្នង , ទឹក​លិច​ក្រោមផ្ទះ​ប្រជាពលរដ្ឋ​កម្រិត​ស្រាល ចំនួន ៩១០ ខ្នង , ទឹក​ហូរ​រំលង​ផ្លូវ ៨៧ កន្លែង ស្មើនឹង​ប្រវែង ៤០.៨០៦ ម៉ែត្រ , ទឹក​ហូរ​ច្រោះ​ដាច់​ផ្លូវ ២៨ កន្លែង ស្មើនឹង​ប្រវែង ៥៧៥ ម៉ែត្រ , ដាច់​ស្ពាន ២ កន្លែង ប្រវែង ២៧ ម៉ែត្រ​, ទឹក​ហូរ​រំលង​ទំនប់ និង​ខ្នង​ប្រឡាយ ៣​ខ្សែ ប្រវែង ២.១៣៥ ម៉ែត្រ ៕​