គណៈ​គ្រប់គ្រង​សាលា​អន្តរជាតិ​ឧ​ត្ត​ម​បញ្ញា​ខេត្តសៀមរាប បង្ហាញ​ជំហរ​ពង្រឹងគុណភាព​អប់រំ​តាម​និយាម​គរុកោសល្យ ឱ្យបាន​ឈានមុខ​គេ​

ថ្លែង​នៅក្នុង​ពិធី​ចែក​វិញ្ញាបនបត្រ និង​ជូន​រង្វាន់​លើកទឹកចិត្ត​ដល់​សិស្ស​ជ័យលាភី​ឆ្នាំ​សិក្សា​២០១៨-២០១៩ នា​ព្រឹក​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៩ នេះ លោក អ៊ុង​សិរី​ឌី នាយក​សាលា​អន្តរជាតិ​ឧ​ត្ត​ម​បញ្ញា មានប្រសាសន៍ថា ក្នុងទិសដៅ ពេលខាងមុខ​នេះ សាលា​នឹង​ខិតខំ​យកចិត្តទុកដាក់​ទៅលើ​ការសិក្សា​របស់​សិស្ស ឱ្យមាន​គុណភាព ស្របតាម​និយាម​គរុកោសល្យ នៃ​កម្មវិធី​អប់រំ ដើម្បី​ធ្វើ​ឲ្យ​សាលា​អន្តរជាតិ​ឧ​ត្ត​ម​បញ្ញា​នេះ ក្លាយទៅជា​សាលា​ឈានមុខ​គេ បើ​ធៀប​ទៅនឹង​សាលា​ឯកជន​នានា​ក្នុង​ក្រុង​សៀមរាប ក្នុងនោះ ធ្វើការ​កែលំអ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​បរិស្ថាន , បំពាក់​សម្ភារ​រូបវ័ន្ត​បន្ថែម និង ជ្រើសរើស​គ្រូ​បរទេស​សម្រាប់​បង្រៀន​ផ្នែក​ភាសា ។

​លោក អ៊ុង សិរី​ឌី បញ្ជាក់​បន្ថែមថា ដើម្បី​ធានាបាន​នូវ​ទិសដៅ​ខាងលើនេះ សាលា​នឹង​ព្យាយាម​ចាប់​ដៃគូ​ជាមួយ​បណ្តា​សាលា​ឆ្នើមៗ មួយចំនួន ទាំង​ក្នុងប្រទេស និង​បណ្ដា​ប្រទេស​ក្នុង​តំបន់ ដើម្បី​ចង​ស​ម្ព័​ន្ឋ​មេត្រីភាព ផ្តល់ឱកាស​ឱ្យ​សិស្ស​ឆ្នើមៗ​ទៅធ្វើ​ទស្សនកិច្ច​សិក្សា​ដក​បទពិសោធន៍​រយៈពេល​ខ្លី ពី​បណ្តា​ប្រទេស​ដៃគូ​ទាំ​នោះ ជាពិសេស គឺ​សិស្ស​ដែល​មក​សិក្សា​នៅ​សាលា​នេះ នឹងមិន​ឱ្យ​ធ្លាក់​នរណាម្នាក់​ណា​ឡើយ លើកលែងតែ​ភាពមិនប្រក្រតី នៃ​សរីរាង្គ ឬ​វិកល​ពិការ​ដោយ​ចៃដន្យ និង​មិនមែន​ជាប់​ដោយ​ការ​លួច​កែ​បន្ថែម​ពិន្ទុ​ឡើយ គឺ​ធ្វើយ៉ាងណា​រក្សា​វិធីសាស្ត្រ​ពន្យល់ និង​បង្រៀន​ពួកគាត់ ឱ្យ​ទទួលបាន​ចំណេះដឹង​ពេញលេញ និង​ពិតប្រាកដ ប្រឡង​ជាប់​តាមរយៈ​ការវាយតម្លៃ​ស្តង់ដារ​ជាតិ របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា និង ស្តង់ដារ​អន្តរជាតិ​ក្នុង​តំបន់ ។

​ក្នុងឱកាស​នោះដែរ លោក សុខ ដា​នី អនុប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តសៀមរាប បាន​សម្ដែង​នូវ​ការគាំទ្រ ចំពោះ​ការបង្ហាញ​នូវ​ជំហរ​ពង្រឹងគុណភាព​អប់រំ​តាម​និយាម​គរុកោសល្យ របស់​សាលា​អន្តរជាតិ​ឧ​ត្ត​ម​បញ្ញា​ខេត្តសៀមរាប​នេះ ដោយ​ផ្អែកលើ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក៏ដូចជា​គោលការណ៍​ក្រសួង​អប់រំ ខណៈ​វិស័យ​អប់រំ​ផ្នែក​ឯកជន​មានការ​រីកចម្រើន​ខ្លាំង តាមរយៈ​នៃ​ការបង្កើត​សាលា​ឯកជន​ថ្មីៗ​ជាច្រើន​លើ​គ្រប់​ក​ម្រឹត តាំងពី​ថ្នាក់​ទារកដ្ឋាន ម​ត្តេ​យ្យ​សិក្សា បឋមសិក្សា មធ្យមសិក្សា រហូតដល់​ដ្នា​ក់​ឧ​ត្ត​មសិ​ក្សា ហើយ​គ្រឹះស្ថានសិក្សា​ឯកជន​ទាំងនោះ កំពុង​បាន​បំពេញ​តួនាទី​របស់ខ្លួន ជា​ដៃគូ ជាមួយ​ភា​សាលារៀន​ឯកជន​គ្រ​ប់ក​ម្រឹត បាន​បំពេញ​តួនាទី​ជា​ដៃគូ​ដ៏​សំខាន់ ជាមួយ​គ្រឹះស្ថានសិក្សា​របស់​រដ្ឋ ធ្វើ​ឲ្យ​វិស័យ​អប់រំ​សិក្សាធិការ​ជាតិ មាន​ភាពរឹងមាំ និង មាន​សក្តានុពល សម្រាប់​ការអភិវឌ្ឍន៍ ។

​លោក សុខ ដា​នី មានប្រសាសន៍​បន្ថែមថា ដើម្បីឱ្យ​គ្រួសារ​ក្នុងសង្គម​ជាតិខ្មែរ​យើង​មាន​សុខដុម​នីយកម្ម មាន​ជីវភាព​ធូរធារ ទាំងអស់គ្នា​ចាំបាច់​យើង​ត្រូវ​វិនិយោគ​ចំណេះដឹង​ដល់​បុត្រ​ធីតា​របស់ខ្លួន​តាំងពី​តូចៗ​ទៅ ដោយ​ការជួយ​ពន្យល់​ណែនាំ​អប់រំ​ពួកគាត់ ឱ្យ​ខិតខំ​សិក្សា​រៀនសូត្រ ថ្វីបើ​ការវិនិយោគ​នេះ វា​ចំណាយ​ពេលវេលា​វែង តែ​វា​នឹង​ផ្តល់​ផល​ដល់​កូនចៅ​យើង​ជា​រៀងរហូត ពោលគឺ​មានចំណេះដឹង​ពួកគាត់ ជា​ចន្ទល់​ក្នុង​គ្រួសារ និង​ជា​សសរទ្រូង​សម្រាប់​រួមចំណែក​អភិវឌ្ឍន៍​សង្គមជាតិ​យើងទាំងអស់គ្នា ៕​