ក្នុង​កិច្ចប្រជុំ​លើក​ទី​១ របស់​គណ​:​កម្ម​ការលុបបំបាត់​ឱសថ​ក្លែងក្លាយ និង សេវា​សុខាភិបាល​ខុសច្បាប់​ខេត្តសៀមរាប សម្រេចយក​ខ្លឹមសារ​សំខាន់ៗ​ចំនួន​៦​ចំណុច ដើម្បី​គ្រប់​ឱសថ​ប្រកបដោយ​ប្រសិទ្ធភាព​

​កាលពី​រសៀល​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០១៩​ សាលប្រជុំ​លេខ​១ សាលាខេត្ត​សៀមរាប បាន​បើក​កិច្ចប្រជុំ​មួយ របស់​គណ​:​កម្ម​ការលុបបំបាត់​ឱសថ​ក្លែងក្លាយ និង សេវា​សុខាភិបាល​ខុសច្បាប់​ខេត្តសៀមរាប ក្រោម​អធិបតីភាព​លោក ពិន ប្រាកដ អភិបាលរង​ខេត្ត និង​ជា​ប្រធាន​គណ​:​កម្ម​ការ​ខេត្ត លុបបំបាត់​ឱសថ​ក្លែងក្លាយ និង​សេវា​សុខាភិបាល​ខុសច្បាប់ ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ ដោយមាន​ការចូលរួម​ពី​សំណាក់​លោក លោកស្រី​ជា​សមាជិក សមាជិក​គណ​:​កម្ម​ការលុបបំបាត់​ឱសថ​ក្លែងក្លាយ និង សេវា​សុខាភិបាល​ខុសច្បាប់​ខេត្ត , ស្នងការរង​នគរបាល​ខេត្ត , ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​នានា​ក្នុង​ខេត្ត , អភិបាល អភិបាលរងក្រុង ស្រុក និង​អ្នកពាក់ព័ន្ធ​មួយចំនួនទៀត ។

​ក្នុងឱកាស​បើក​កិច្ចប្រជុំ​លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប មានប្រសាសន៍ថា នេះ​ជា​លើក​ទី ១ ដែល​គណ​:​កម្ម​ការលុបបំបាត់​ឱសថ​ក្លែងក្លាយ បាន​បើក​កិច្ចប្រជុំ ដើម្បី​ប្រកាស​សមាសភាព និង​ប្រគល់​តួនាទី​ដល់​ក្រុមការងារ​ចុះ​ប្រតិបត្តិការ ក្នុងការ​អនុវត្ត​សេចក្តីសម្រេច​លេខ​០២៨/១៩ សសរ​ថ្ងៃទី​០៦ ខែឧសភា ឆ្នាំ​២០១៩ ឲ្យ​មាន​ប្រសិទ្ធភាព និង​តម្លាភាព ពិសេស គឺ​ឆ្លុះបញ្ចាំង​ពី​សកម្មភាព​ក្នុងការ​ត្រួតពិនិត្យ តាមដាន​របស់​គណ​:​វិជ្ជាជីវ​:​សុខាភិបាល​ខេត្ត ដើម្បី​ចុះ​ត្រួតពិនិត្យ​ឲ្យ​បាន​ទៀងទាត់​ជា​រៀងរាល់​ត្រីមាស តាម​ឱសថស្ថាន និង​ឱសថស្ថាន​រង នៅតាម​ស្រុក​នីមួយៗ ពិនិត្យ​រកមើល​ឱសថ​ក្លែងក្លាយ ឱសថ​ដែល​មិនទាន់បាន​ចុះបញ្ជី​កា ឱសថ​ហួស​កាលកំណត់​ប្រើប្រាស់ និង​ខូចគុណភាព ឱសថ​ដែល​ក្រសួងសុខាភិបាល​ហាមឃាត់ ដែល​បាន​ចុះ​ធ្វើ​កិច្ចសន្យា​បិទ​កន្លែង​លក់​ឱសថ​នានា កន្លែង​ថែរក្សា​សម្ផស្ស និង​លក់​គ្រឿងសំអាង​គ្មាន​ច្បាស់ ហើយ​ផ្សព្វផ្សាយ​ប្រាសចាក​ពី​ការពិត ព្រមទាំង​ឱសថ​នៅតាម​បណ្ណាគារ គ្លី​និ​ច និង​បន្ទប់​ពិនិត្យ ពិគ្រោះ បន្ទប់​ថែទាំ​ជំងឺ​ជាដើម​។

​លោក ពិន ប្រាកដ បាន​សំណូមពរ​ដល់​អាជ្ញាធរ​ដែនដី សូមជួយ​សហការ​ក្នុងការ​ស្រង់​ស្ថិតិ​ចំនួន​ទីកន្លែង​អ្នក​ប្រកប​សេវា​ឯកជន​គ្មាន​ច្បាប់ នៅក្នុង​សមត្ថកិច្ច​របស់ខ្លួន ដើម្បី​ជួយ​ទប់ស្កាត់​ការផ្សព្វផ្សាយ​បំពាន ប្រាសចាក​ការពិត និង​លក់​អាហារ​បំប៉ន​សុខភាព​នៅតាម​សហគមន៍ ហើយ​ពេលដែល​មន្ត្រី​ជំនាញ​បានធ្វើ​ការដកហូត​រឹប​អូស​ចំពោះ​ឱសថ​ខុសច្បាប់​នោះ អាចធ្វើ​ការដុត​កំទេចចោល​ទៅតាម​នីតិវិធី​ច្បាប់ ។

​ក្នុងឱកាស​នោះដែរ លោក ក្រុស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប អនុប្រធាន​ប្រចាំការ​នៃ​គណ​:​កម្ម​ការលុបបំបាត់​ឱសថ​ក្លែងក្លាយ និង សេវា​សុខាភិបាល​ខុសច្បាប់​ខេត្ត បានធ្វើ​បទ​បង្ហាញ ស្តីពី​ច្បាប់​ការគ្រប់គ្រង​អ្នក​ប្រកប​វិជ្ជាជីវ​:​សុខាភិបាល ជាច្រើន​មាត្រា​នៃ​បទ​ប្បញ្ញា​ត្តិ​ទូទៅ ដែល​ច្បាប់​នេះ​មាន​គោលបំណង​ការពារ​សុខភាព និង​សុវត្ថិភាព​របស់​ប្រជាជន តាមរយ​:​ការផ្តល់​នូវ​យន្តការ​ក្នុងការ​ធានាថា ចំពោះ​អ្នក​ប្រកប​វិជ្ជាជីវ​:​សុខាភិបាល​ទាំងអស់ មានគុណ​វុឌ្ឍិ សមត្ថភាព និង សម្បទា​គ្រប់គ្រាន់ ក្នុងការ​ប្រកប​បែប​វិជ្ជាជីវ​:​របស់ខ្លួន ដោយមាន​ការទទួលខុសត្រូវ​ខ្ពស់បំផុត ដែល​អាចធ្វើ​ទៅបាន ។

​បន្ទាប់ពី​បាន​ពិភាក្សាគ្នា​យ៉ាង​ល្អិតល្អន់ និង ស្ដាប់​មតិ​ចូលរួម​របស់​សមាជិក សមាជិកា​រួចមក អង្គ​ប្រជុំបាន​សម្រេចយក​ខ្លឹមសារ​សំខាន់ៗ​ចំនួន​៦​ចំណុច គឺ​៖ ទី​១. មន្ទីរ​សុខាភិបាល​ត្រូវ​ពង្រឹង ការត្រួតពិនិត្យ ទីតាំង​ការបើក​លក់​ឱសថ និង​សេវា​សុខាភិបាល​ផ្សេងៗ ឲ្យ​ស្របតាម​គោលការណ៍​ច្បាប់ , ទី​២. មន្ទីរ​សុខាភិបាល សហការ​ជាមួយ​សមត្ថកិច្ច អាជ្ញាធរ​មូលដ្ឋាន ចុះ​ត្រួតពិនិត្យ​ជាប្រចាំ​នៅតាម​ទីតាំង​ឱសថស្ថាន និង​សេវា​សុខភាព​ផ្សេងៗ ដើម្បី​ត្រួតពិនិត្យ​គុណភាព​ថ្នាំ ដើម្បី​បញ្ឈប់​ឱសថ​ក្លែងក្លាយ និង​រាយការណ៍​ជាបន្ទាន់​ដើម្បី​លុបបំបាត់​ការលក់​ផលិតផល​អាហារ​បំប៉ន , ទី​៣. មន្ទីរ​សុខាភិបាល និង​អាជ្ញា​ធរមាន​សមត្ថកិច្ច ករណី​ពិនិត្យឃើញ​ទីតាំង​ណាមួយ​ខុសច្បាប់​ត្រូវ​ចាត់ចែង​តាម​នីតិវិធី​ច្បាប់ , ទី​៤. មន្ទីរ​សុខាភិបាល ត្រូវ​សហការ​ជាមួយ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត ចុះ​បាញ់ថ្នាំ​មូស​នៅតាម​សាលា​មត្ដេយ្យ និង​បឋមសិក្សា និង​ដាក់​អា​បេ​ត​កម្ចាត់​ចៃ​ទឹក , ទី​៥. រដ្ឋបាល​ក្រុង ស្រុក សហការ​ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្ត ដើម្បី​ត្រួតពិនិត្យ​តាមដាន និង​រាយការណ៍ និង​ចាត់វិធានការ​ចំពោះ​ទីតាំង​សេវា​សុខាភិបាល​ឯកជន ទាំង​ឱសថស្ថាន អ្នក​ប្រកប​អាជីវកម្ម​ព្យាបាល​ជំងឺ និង​ដើរ​ចាក់​ថ្នាំ​ខុសច្បាប់ និង​រៀបចំ​បង្កើត​អនុគណៈកម្មការ ថ្នាក់ក្រុង ស្រុក និង ទី​៦. មន្ទីរ​សុខាភិបាល និង​អនុ​គណៈកម្មការក្រុង ស្រុក ត្រូវ​ប្រជុំ​រាល់​ត្រីមាស ឆមាស និង​ប្រចាំឆ្នាំ ឲ្យ​បាន​ទៀងទាត់ ដើម្បី​រាយការណ៍​ជូន​ឯកឧត្តម​អភិបាលខេត្ត និង​បូកសរុប របាយការណ៍​ជូន​ក្រសួងសុខាភិបាល ៕​