អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ អក្ខរ​មេ​សួគ៌ និង ម្ចាស់​ក្ស​ត្រី​យ៍ ស៊ីសុវត្ថិ សោមា ទទួលយក​ការ​បិណ្ឌ​បាត្រ​សុំ​សាងសង់​សាលាឆាន់​ថ្មី​សម្រាប់​វត្ត​សុវណ្ណ​ព្រឹក្សា​គគីរ ហៅ​វត្ត​គគីរ​ធំ​

ក្នុងឱកាស​ជួប​សំណេះសំណាល​ជាមួយ​តាជី​យាយជី និង ចុះ​ត្រួតពិនិត្យ​សាលាឆាន់​ថ្មី នៃ​វត្ត​សុវណ្ណ​ព្រឹក្សា​គគីរ ហៅ​វត្ត​គគីរ​ធំ ស្ថិតក្នុង​ឃុំ​កន្ទ្រាំ​ង ស្រុក​ប្រាសាទបាគង កាលពី​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០១៩​នេះ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ អក្ខរ​មេ​សួគ៌ វេជ្ជបណ្ឌិត​ពី​អាល្លឺម៉ង់ និង ម្ចាស់​ក្ស​ត្រី​យ៍ ស៊ីសុវត្ថិ សោមា អគ្គរាជទូត​សុ​ឆន្ទៈ​ដើម្បី​ស្ត្រី​ពី​សហគមន៍​អឺរ៉ុប បានទទួល​យកតាម​សំណើ​របស់​ព្រះចៅអធិការ​វត្ត នូវ​ថវិកា​ផ្ទាល់ខ្លួន​ទៅតាម​ល​ទ្ឋ​ភាព​ដែល​អាច​ធ្វើបាន ជាពិសេស​នឹង​ជួយ​អំពាវនាវ​កៀរគរ​រក​សប្បុរសជន​ទាំង​ក្នុង​និង​ក្រៅប្រទេស​ដែលមាន​ល​ទ្ឋ​ភាព​និង​មា​នស​ទ្ឋា​ជ្រះថ្លា​ក្នុង​វិស័យ​ព្រះ​ពុ​ទ្ឋ​សាសនា ឱ្យមក​ជួយ​កសាង​សាលា​ឆាន់​នេះ ដើម្បី​ជា​សម្បត្តិ​គរុ​ភ័​ណ្ឌ​ទុក​សម្រាប់​ពុ​ទ្ឋ​សាសនិក​ប្រើប្រាស់​និង​ទុក​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​របស់​យើង​ទៅ​ថ្ងៃ​អនាគត ប៉ុន្តែ​សូមឱ្យ​ព្រះគ្រូ​ចៅអធិការ​វត្ត​សហការ​និង​ប្រឹក្សា​ឱ្យបាន​ជិត​ស្និ​ទ្ឋ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់​មុននឹង​សម្រេច​សាងសង់​ឬ​ជួសជុល កុដិ​សាលា ព្រះវិហារ​ជាដើម​។

​អ្នកអង្គម្ចាស់​ក្ស​ត្រី​យ៍ ស៊ីសុវត្ថិ សោមា បាន​មាន​ព្រះ​សុ​វ​ណ្ណី​ថា ក្នុងនាម​ជា​ស្ត្រី​ខ្មែរ​មួយរូប ប្រសូត្រ​នៅលើ​ទឹកដី​ខ្មែរ ហើយ​បើទោះបីជា​ចម្រើន​វ័យ​វឌ្ឍនាការ​នៅឯ​ក្រៅប្រទេស​ក៏ពិតមែន ប៉ុន្តែ​ទឹកចិត្ត​នៅតែមាន​ស្វាមី​ភ័​ក្រ​ស្រឡាញ់​ជាតិ​មាតុភូមិ​និង​បងប្អូន​ខ្មែរ​ទាំងអស់គ្នា ខណៈដែល​ប្រទេស​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប៉ិនប្រសព្វ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង ជា​ប្រមុខ​ដឹកនាំ​ដ៏​ឆ្នើម បាន​ដឹកនាំ និង​អភិវឌ្ឍ​ប្រទេសជាតិ​តាំងពី​បាតដៃ​ទទេរ រហូត​ប្រទេសជាតិ ទទួលបាន​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​លើ​គ្រប់​វិស័យ​ស្ទើរ​ស្មាន​ពុំ​ត្រូវ​។

​អ្នកអង្គម្ចាស់​ក្ស​ត្រី​យ៍ ស៊ីសុវត្ថិ សោមា បាន​មាន​ព្រះ​សុ​វ​ណ្ណី​បន្ថែមថា ទី​វត្ត​អារាម​ដែលមាន​ការរីកចម្រើន គឺជា​កត្តា​ឆ្លុះ​បង្ហាញ​ឲ្យ​ឃើញ​អំពី​ជីវភាព​ប្រសើរឡើង​នៃ​ប្រជា​ពុទ្ធបរិស័ទ​នៅក្នុង​តំបន់​ចំណុះជើងវត្ត​នោះ ជាមួយនឹង​ទេពកោសល្យ​ដឹកនាំ​នៃ​ព្រះគ្រូ​ចៅអធិការ​វត្ត ព្រមទាំង​ការផ្តល់​ជំនឿ​ទុកចិត្ត​ពី​សំណាក់​ក់​ព្រះសង្ឃ​ផងដែរ ក្រោម​គោលការណ៍​ជា​មូលដ្ឋាន គឺ ព្រះពុទ្ធសាសនា​ផ្សារភ្ជាប់​សង្គម ប៉ុន្តែ​វិស័យ​អាណាចក្រ និង​វិស័យ​ពុទ្ធិ​ចក្រ គឺមាន​ទំនាក់ទំនង​គ្នា​យ៉ាង​ស្អិតល្មួត ហើយ​វិស័យ​ទាំង​២​នេះ គឺជា​កញ្ចក់​ឆ្លុះ​បង្ហាញ​ជា​សត្យានុម័ត​ឲ្យ​ឃើញ​អំពី​ការវិវឌ្ឍ​រីកចម្រើន​នៃ​សង្គមជាតិ​។

​អ្នកអង្គម្ចាស់​ក្ស​ត្រី​យ៍ ស៊ីសុវត្ថិ សោមា បាន​មាន​ព្រះ​សុ​វ​ណ្ណី​បន្ថែមទៀតថា ស​មិ​ទ្ឋ​ផល​ទាំងនេះ​កើតឡើង​ដោយសារ​ប្រទេសជាតិ​យើង​មាន​សន្តិភាព​គ្រប់គ្រាន់ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​នាំឱ្យ​ប្រទេសជាតិ​យើង​មាន​សុខសន្តិភាព ស្ថេរភាព និង​ភាព​រីកចម្រើន​សម្បូរ​ស​ប្បាយ ខណៈ​ទីវ​ត្ត​អារាម គឺជា​ឃ្លាំង​រក្សាទុក​វប្បធម៌ អក្សរសាស្ត្រ ប្រពៃណី ហើយ​ព្រះសង្ឃ​មាន​តួនាទី​យ៉ាងសំខាន់ លើ​ការងារ​អប់រំ​បណ្តុះបណ្តាល​សីលធម៌​សង្គម ពិសេស សំដៅ​ទៅរក​ការតម្រង់​ទិសដៅ​អនាគត​នៃ​យុវជន​។

​គួររំលឹកថា ក្នុងឱកាស​នោះ ព្រះ​តេជគុណ ជុ​ត សំ​អូន ព្រះគ្រូ​ចៅអធិការ​វត្ត​សុវណ្ណ​ព្រឹក្សា​គគីរ បាន​សំណូមពរ​ដល់​អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ អក្ខរ​មេ​សួគ៌ និង ម្ចាស់​ក្ស​ត្រី​យ៍ ស៊ីសុវត្ថិ សោមា ជួយ​សាងសង់​ឡើងវិញ តាម​ការប៉ាន់ប្រមាណ​អស់​ទឹកប្រាក់​ប្រហែលជា​២៥​ម៉ឺន​ដុល្លារ​អាមេរិក លើ​គម្រោង​ថ្លង់​ថ្មី​១៨​ម៉ែត្រ​គុណ​នឹង​៣៦​ម៉ែត្រ ស្មើនឹង​៦៤៨​ម៉ែត្រការ៉េ ដោយ​គិត​ជា​ទឹកប្រាក់​ក្នុង​មួយ​ម៉ែត្រការ៉េ​ស្មើនឹង​ចំនួន​៣៥០​ដុល្លារ ។

​ព្រះ​តេជគុណ ជុ​ត សំ​អូន មាន​សង្ឃដីកា​បន្ថែមថា វត្ត​នេះ​មាន​អាយុ​១០៣​ឆ្នាំ​ហើយ តែ​អកុសល​នៅ​ឆ្នាំ​១៩៧០​ទី​អារាម​នេះ​រងគ្រោះ​ដោយ​គ្រាប់ផ្លោង គ្រាប់​ទម្លាក់​ពីលើ​យន្តហោះ ខណៈ​កុដិ​សាលា និង ព្រះវិហារ ត្រូវ​រង​ដោយ​គ្រាប់កាំភ្លើង​យ៉ាងដំណំ​ផងដែរ ហើយ​នៅក្នុង​របប​ខ្មែរក្រហម ទាំង​កុដិ សាលា និង គរុ​ភ័​ណ្ឌ​នានា ត្រូវបាន​បំផ្លិចបំផ្លាញ​អស់​ជាច្រើន ប៉ុន្តែ​ក្រោយ​ថ្ងៃ​រំដោះ​៧​មករា​១៩៧៩ ទី​អារាម​នេះ ត្រូវបាន​ជួសជុល និង​កសាង​ជា​បន្តបន្ទាប់ ប៉ុន្តែ​ប​ច្ចប្ប​ន្ន សាលាឆាន់​ដែល​បាន​សាងសង់​នៅ​ឆ្នាំ​១៩៦៥​នោះ កំពុង​ទ្រុឌទ្រោម និង​ប្រឈម​ទៅនឹង​ហា​នី​ភ័យ បើទោះជា​បាន​ជួសជុល​ជាច្រើន​ដង​មកហើយ​ក្តី ។

​ក្នុងឱកាស​នោះដែរ អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ អក្ខរ​មេ​សួគ៌ និង ម្ចាស់​ក្ស​ត្រី​យ៍ ស៊ីសុវត្ថិ សោមា ព្រមទាំង​ញាតិវង្ស បាន​នាំយក​អំណោយ​ជា​សំពត់​ស កន្សែង​ពានា ចែកជូន​ដូនជី​តាជី​នៅ​វត្ត​សុវណ្ណ​ព្រឹក្សា​គគីរ​ចំនួន​ជាង​២០០​នាក់ និង​ប្រគេន​ថវិកា​មួយចំនួន​សម្រាប់​វត្ត ៕