កិច្ចប្រជុំ​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន​លើក​ទី​១៥ នៃ​ភាគី​សន្និសីទ​កិច្ចព្រមព្រៀង​អាស៊ាន បាន​ពិភាក្សា​ស្តីពី​ការបំពុល​ផ្សែង​អ័ព្ទ​ឆ្លងដែន​

នា​ព្រឹក​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ខេត្តសៀមរាប កិច្ចប្រជុំ​លើក​ទី​១៥ រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន បាន​ដំណើរការ​បន្តទៀត ដោយ​ផ្តោតទៅលើ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន​លើក​ទី​១៥​នៃ​ភាគី​សន្និសីទ​កិច្ចព្រមព្រៀង​អាស៊ាន​ស្តីពី​ការបំពុល​ផ្សែង​អ័ព្ទ​ឆ្លងដែន ខណៈ​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ជា​ប្រធាន​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន បាន​សម្ដែង​នូវ​ស្វាគមន៍​យ៉ាង​កក់ក្តៅ ដល់​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន​ទាំងអស់ ដែល​បាន​ចូលរួម និង​ខិតខំ​រួមគ្នា​គ្រប់គ្រង ការបំពុល​ដោយ​ផ្សែង​អ័ព្ទ កើតចេញពី​ទន្ទ្រាន​ដីព្រៃ និង​ការដុត​ព្រៃ ដែល​បញ្ហា​នេះ​ត្រូវបាន​ប្រទេស​អាស៊ាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ស្តីពី​ការគ្រប់គ្រង​ផ្សែង​អ័ព្ទ​ឆ្លងដែន កាលពី​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០០២ ហើយ​ចូល​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០០៣ ។

​សូមបញ្ជាក់ថា នៅក្នុង​កិច្ចប្រជុំ​នេះ រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន និង​ជួបពិភាក្សា​តាម​កម្មវិធី​ដែល​បានគ្រោង​ទុកដូចជា ការពិនិត្យ​និង​គម្រោង​ផែនការ​គ្រប់គ្រង​ស្ថានភាព អាកាសធាតុ និង​ផ្សែង​អ័ព្ទ​ឆ្លងដែន ក្នុងនោះ អង្គ​ប្រជុំបាន​ពិនិត្យ និង​ពិភាក្សា​លើ​ឯកសារ​ទាក់ទង​ទៅនឹង ៖ ស្ថានភាព​ភ្លើង​ឆេះ​ព្រៃ និង​ផ្សែង​អ័ព្ទ និង​ផែនការ​សកម្មភាព​រប​ស់​ប្រទេស​ជា​សមាជិក​អាស៊ាន , ការធ្វើ​បច្ចុប្បន្នភាព​កិច្ចព្រមព្រៀង​លើ​ការគ្រប់គ្រង​ផ្សែង​អ័ព្ទ​ឆ្លងដែន​ក្នុង​ក្របខណ្ឌ​ជាតិ និង​តំបន់ , ផែនទី​បង្ហាញផ្លូវ​នៃ​កិច្ចសហប្រតិបត្តិការ ដើម្បី​គ្រប់គ្រង​ផ្សែង​អ័ព្ទ​ឆ្លងដែន , ការស្វែងរក​មូលនិធិ ដើម្បី​គ្រប់​ផ្សែង​អ័ព្ទ​ឆ្លងដែន​របស់​អាស៊ាន , ការធ្វើ​បច្ចុប្បន្នភាព​នូវ​ការបង្កើត​មជ្ឍមណ្ឌល​គ្រប់គ្រង​ផ្សែង​អ័ព្ទ​ឆ្លងដែន , ការពិនិត្យ​របាយការណ៍​នៃ​កិច្ចប្រជុំ​ក្រុមការងារ​អាស៊ាន​លើក​ទី​៤​ស្តីពី​ដីមមោក , កម្មវិធី​កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃគូ , ការបង្កើត​ការិយាល័យ​ធ្វើការ​សម្រាប់​គណៈកម្មាធិកា​រ​ប្រតិបត្តិ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ៕​