ជំនួប​ពិភាក្សា​ការងារ​រវាង​អាជ្ញាធរ​ខេត្តសៀមរាប ជាមួយ​អ្នក ជំនាញ​អន្តរជាតិ​ផ្នែក​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​

នៅ​សាលប្រជុំ​លេខ​១ សាលាខេត្ត​សៀមរាប នា​ព្រឹក​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០១៩​នេះ អ្នកជំនាញការ​អន្តរជាតិ​២​រូអ្នកជំនាញការ​អន្តប គឺ​លោក​សាស្ត្រាចារ្យ ហ្សា​ក់កេ រូ​ហ្វេ (Jacques Ruffé) អ្នកជំនាញការ​អន្តរជាតិ ជំនាញ​អភិវឌ្ឍន៍​ទេសចរណ៍ និង​លោក​តាន់ កូ​កូ​ស៊ី​ស ចា​ឡា​រាម​ប៉ូ​ស៍ (Tann Coccossis Chalarampos) អ្នកជំនាញ​ជាន់ខ្ពស់ ផ្នែក​យុទ្ធសាស្ត្រ និង​រៀបចំ​ទេសចរណ៍ បាន​ចូលជួប​ពិភាក្សា​ការងារ​ជាមួយ​អាជ្ញាធរខេត្ត ក្រោម​វត្តមាន​លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត រួម​នឹង​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​នានា​ក្នុង​ខេត្ត​ជាច្រើនរូប ក្នុង​គោលបំណង​សិក្សា​អំពី​ការរៀបចំ​ផែនការមេ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប ។

​លោក​សាស្ត្រាចារ្យ ហ្សា​ក់កេ រូ​ហ្វេ (Jacques Ruffé) បាន​ថ្លែងថា ខេត្តសៀមរាប ជា​ខេត្ត​គោលដៅ​ទេសចរណ៍​មួយ​របស់​កម្ពុជា ក៏ដូចជា​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ហើយ​លំហូរ​ភ្ញៀវទេសចរ បាន​តម្រូវ​ឲ្យ​ខេត្ត​មាន​ផែនការមេ​មួយ​ច្បាស់ លាស់ ដូច្នេះហើយ​ទើប​លោក​និង​ក្រុមការងារ ចាំបាច់​ត្រូវ​សិក្សា​ស្វែងយល់​ពី​ស្ថានភាព​នៃ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប និង​តំបន់​ជុំវិញ សិក្សា​ស្វែងយល់​អំពី​គម្រោង​អភិវឌ្ឍន៍​ក្រុង និង​ខេត្តសៀមរាប គម្រោង​រៀបចំ និង​អភិវឌ្ឍ​តំបន់​ជនបទ ការអភិវឌ្ឍ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ និង​ដឹកជញ្ជូន និង​ផ្លូវថ្នល់​ការគ្រប់គ្រង​សំណង​រីង​រាវ​ក្នុង​ក្រុង​សៀមរាប និង​ធ្វើ​ការវិភាគ​ចំណុចខ្លាំង​ចំណុចខ្សោយ បញ្ហា​ប្រឈម របស់​ក្រុង​សៀមរាប វិភាគ​អំពី​ស្ថានភាព​នៃ​ការមកដល់​នៃ​ភ្ញៀវ​ទេសចរណ៍​ទៅតាម​តំបន់​គោលដៅ​ទេសចរណ៍​នីមួយៗ ។

​លោក​ពៅ ពិសិដ្ឋ អភិបាលរង​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា ខេត្តសៀមរាប ជា​ខេត្ត​មួយ​ដែល​ពឹងផ្អែក​ស្ទើរ​ទាំងស្រុង​លើ​វិស័យ​ទេរ​ចរណ៍ ដូច្នេះ​ទាំង​រាជរដ្ឋាភិបាល​កម្ពុជា ទាំង​អាជ្ញាធរខេត្ត និង​ស្ថាប័ន​ពាក់ព័ន្ធ បាន​យកចិត្តទុកដាក់​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​នានា ដើម្បី​គ្រប់គ្រង​ការងារ​នេះ ដែល​ជាក់ស្តែង​អាជ្ញាធរ​ខេត្តសៀមរាប បាន​បង្កើត​គណៈកម្មកា​រ​គ្រប់គ្រង និង​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប ដែលមាន​ឯកឧត្តម​អភិបាលខេត្ត​ជា​ប្រធាន​។

​ឯកឧត្តម​សុខ សង្វារ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា និង​ជា​អនុប្រធាន​គណៈកម្មការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​វិស័យ​ទេ​ចរណ៍​ក្នុង​ខេត្តសៀមរាប បាន​លើកឡើងថា តំបន់​ទេសចរណ៍​នៅក្នុង​ខេត្តសៀមរាប គេ​មិនអាច​កំណត់ថា តំបន់​ណា​ជា​តំបន់​ទី​១​បាន​នោះទេ គឺ​ទាំង​នៅ​តំបន់​ប្រាសាទ តំបន់​ក្នង​ក្រុង​សៀមរាប និង​តំបន់​បឹង​ទន្លេសាប គឺជា​ត្រូវ​ចា​ត​ទុកជា​តំបន់​ទី​១​ទាំងអស់ ដូច្នេះ សូម​ឲ្យ​អ្នកពាក់ព័ន្ធ​ទាំងអស់​គិតគូរ​ឲ្យ​ច្បាស់លាស់ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​អ្នកទេសចរ​បាន​ត្រៀមខ្លួន​ក្នុងការ​ទទួលយក​កញ្ចប់​សេវា​ទេ​ចរណ៍​ដ៏​ល្អ​របស់​ខេត្តសៀមរាប ៕​