កិច្ចប្រជុំ​ពិភាក្សា​និង​ផ្សព្វផ្សាយ​គោលការណ៍​ចងក្រង​សមាជិក​រវាង​គណៈកម្មាធិកា​រ​ជាតិ​ជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ ជាមួយ​គណៈកម្មាធិការ​ខេត្ត​ជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ​ខេត្តសៀមរាប​

នៅ​សាលប្រជុំ​សាលាខេត្ត​សៀមរាប នា​ព្រឹក​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ​២០២០​នេះ អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​ជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ បាន​បើក​កិច្ចប្រជុំ​ស្តីពី​ការចុះ​តាមដាន​ការងារ​ជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ ដើម្បី​ពិភាក្សា និង​ផ្សព្វផ្សាយ​គោលការណ៍​ចងក្រង​សមាជិក​ភូមិ​មួយ​ផលិតផល​មួយ​នៅ​ខេត្តសៀមរាប ក្រោម​កិច្ចដឹកនាំ និង​សម្របសម្រួល​ពី​ឯកឧត្តម ផល សុជាតិ អគ្គលេខាធិការរង នៃ​អគ្គលេខាធិការដ្ឋាន​ភូមិ​មួយ​ផលិតផល​មួយ និង លោក នាក់ ណេ​រ៉ុ​ន អភិបាលរង​ខេត្ត និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ដោយមាន​ការចូលរួម​ពី​សំណាក់​លោក លោកស្រី អនុប្រធាន​មន្ទីរ ប្រធានការិយាល័យ មកពី​មន្ទីរ​ពាណិជ​កម្ម កសិកម្ម ឧស្សាហកម្ម កិច្ចការនារី វប្បធម៌ ទេសចរណ៍ និង​ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ខេត្ត​ភូមិ​មួយ​ផលិតផល​មួយ សរុប​ចំនួន​១០​នាក់​។

​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ពិភាក្សា​និង​ផ្សព្វផ្សាយ​អំពី​គោលបំណង ឯកសារ គោលការណ៍​ណែនាំ​ស្តីពី​ការ​ចងក្រង​សមាជិក​ភូមិ​មួយ​ផលិតផល​មួយ​ជាមួយនឹង​សមាជិក​នៃ​គណៈកម្មាធិការ​ខេត្ត​ជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ , ការកសាង​បញ្ជី​ផលិតករ​បឋម​តាមរយៈ​ការប្រើប្រាស់​ទិន្នន័យ​មាន​ស្រាប់​របស់​មន្ទីរ​ពាក់​ព័​ន្ឋ និង ការស្វែងយល់​ពីបទ​ពិសោធ​និង​បញ្ហា​ប្រឈម​នានា​នៃ​ច្រ​វ៉ា​ក់​ផលិតកម្ម ទីផ្សារ​កម្លាំង​ពលកម្ម​។​ល​។ សំដៅ​ធ្វើឱ្យ​ទទួលបាន​នូវ​ផលិតផល​មាន​ភាព​សម្បូរបែប កាត់បន្ថយ​ការនាំ​ចូល​នូវ​ទំនិញប្រើប្រាស់​មួយចំនួន​មកពី​ប្រទេសជិតខាង នេះ​ជា​គោលដៅ​មួយ​មិន​ត្រឹមតែ​ជួយ​កំណើន​សេដ្ឋកិច្ចជាតិ ឬ​កំណើន​ម៉ាក្រូសេដ្ឋកិច្ច​នោះទេ ប៉ុន្តែ​វា​បាន​ជួយ​ដល់​កំណើនសេដ្ឋកិច្ច​គ្រួសារ​ផងដែរ ។

​គួររំលឹកថា ភូមិ​មួយ​ផលិតផល​មួយ​នេះ គឺជា​ចលនា​មួយ​ដែលមាន​ភាព​ប្រទាក់ក្រឡា​ជាមួយ​ក្រសួង​ស្ថាប័ន​អង្គភាព​មន្ទីរ​ពាក់​ព័​ន្ឋ ដែល​ត្រូវការ​ការចូលរួម​ដើម្បី​អភិវឌ្ឍ​សមត្ថភាព​សហគម​ន៍តា​ម​មូលដ្ឋាន​ឱ្យ​ពួកគាត់​មាន​សមត្ថភាព តាមរយៈ​ការជំរុញ​សមាជិក​នៃ​ចលនា​ជំរុញ​ភូមិ​មួយ​ផលិតផល​មួយ​ជួយ​ធ្វើការ កែលម្អ ជំរុញ កែច្នៃ​សក្តានុពល ធនធាន​ក្នុង​គ្រួសារ​និង​ក្នុង​សហគមន៍​របស់​ប្រជាកសិករ ដើម្បី​ពួកគាត់ ប្រែក្លាយ​ផលិតផល​ដែលមាន​ក្នុង​មូលដ្ឋាន​ឱ្យទៅជា​ទំនិញ​ដែល​អាច​ទាញយក​ផល​កម្រៃ​នៅលើ​ទីផ្សារ បន្ថែម​ពីនេះ​សមាជិក​នៃ​ចលនា​ជំរុញ​ភូមិ​មួយ​ផលិតផល​មួយ ក៍​ត្រូវ​ជួយ​ស្វែងរក​អង្គការ​ដៃគូរ អ្នកជំនាញ​ទាំង​ក្នុង​និង​ក្រៅប្រទេស​នានា​ឱ្យជួយ​ពង្រឹង​ដល់​ប្រជាកសិករ តាមរយៈ​ការបណ្តុះបណ្តាល​បច្ចេកទេស​ដាំ​ដុះ បច្ចេកទេស​ផលិត ជួយ​រក​ទីផ្សារ និង​ឱ្យ​ពួកគាត់​យល់ដឹង​បន្ថែម​ទៅលើ​ការគ្រប់គ្រង​អាជីវកម្ម ដែលជា​ទិសដៅ​សម្រាប់​ចុងឆ្នាំ​២០២០ តាម​ខេត្ត​និ​មួយៗ ធ្វើយ៉ាងណា​ឱ្យបាន​ចំនួន​ភូមិ​មួយ​ផលិតផល​មួយចំនួន​ពី​១០​ទៅ​១៥​ផលិតផល ៕