សន្និសីទ​មេគង្គ​-​ឡាន​ឆាង ស្តីពី​ទេសចរណ៍​បេតិកភណ្ឌ វប្បធម៌ និង​ធម្មជាតិ ត្រូវបាន​បញ្ចប់​ដោយ​ជោគជ័យ ស្របពេល​នឹង​ការមកដល់​កម្ពុជា នៃ​ក្បួន​រថយន្ត​ទេសចរណ៍​ខ្នាត​ធំ​លើកដំបូង CARAVAN ពី​ប្រទេស​ចិន​

បន្ទាប់ពី​ដំណើរការ​អស់​រយៈពេល​០៣​ថ្ងៃ​នៅ​ខេត្តសៀមរាប ចាប់ពី​ថ្ងៃទី​២៥ ដល់​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ កន្លងមក សន្និសីទ​មេគង្គ​-​ឡាន​ឆាង ស្តីពី​ទេសចរណ៍​បេតិកភណ្ឌ វប្បធម៌ និង​ធម្មជាតិ ដែល​រៀបចំឡើង​ដោយ​ក្រសួងទេសចរណ៍ នៃ​ប្រទេស​កម្ពុជា ដោយមាន​ការចូលរួម​ពី​គណៈប្រតិភូ​ជាង​១៥០​នាក់ មកពី​ប្រ​ណ្ដា​រ​ប្រទេស មេគង្គ​-​ឡាន​ឆាង​ទាំង ០៦ រួមមាន​ប្រទេស​កម្ពុជា ចិន ថៃ ឡាវ វៀតណាម និង​ប្រទេស​ភូមា សន្និសីទ​មេគង្គ​-​ឡាន​ឆាង ស្តីពី​ទេសចរណ៍​បេតិកភណ្ឌ វប្បធម៌ និង​ធម្មជាតិ ត្រូវបាន​បញ្ចប់​ដោយ​ជោគជ័យ ដោយ​ទទួលបាន​លទ្ធផល និង​ផ្លែផ្កា​ខ្ពស់ ស្របតាម​ស្មារតី​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ហើយ​គណៈប្រតិភូ​មេគង្គ​-​ឡាន​ឆាង បាន​ចែករំលែក​បទពិសោធន៍​ល្អៗ​លើ​ការអភិវឌ្ឍ និង​ផ្សព្វផ្សាយ​ផលិតផល​ទេសចរណ៍ បេតិកភណ្ឌ វប្បធម៌ និង​ធម្មជាតិ និង បាន​ឯកភាពគ្នា​លើ​ដំណើរ​ឆ្ពោះទៅមុខ ដើម្បី​ជំរុញ​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​ទេសចរណ៍​រួមគ្នា។​

​លទ្ធផល​ចម្បងៗ​របស់​អង្គ​សន្និសីទ រួមមាន​៖ ១. អង្គ​សន្និសីទ​បាន​រំលេច​តួនាទី​កាន់តែ​សំខាន់​នៃ​ទេសចរណ៍​បែប​វប្បធម៌ និង​ធម្មជាតិ ដែលជា​ទម្រង់ការ​នៃ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍ និង​បណ្តា​ប្រទេស​សមាជិក​មេគង្គ​-​ឡាន​ឆាង និង បាន​ផ្តោតលើ​ភាពចាំបាច់​ចំពោះមុខ​ក្នុងការ​ពង្រឹង ការផ្លាស់ប្តូរ ចែករំលែក​បទពិសោធ​ន៍​រវាង​ប្រទេស​សមាជិក​លើ​ការអភិវឌ្ឍ​ទេសចរណ៍ ជាពិសេស​ការពង្រឹង​សមត្ថភាព​ធនធានមនុស្ស សំដៅ​ពង្រឹង​ការយល់ដឹង និង​ការបកស្រាយ​អំពី​វប្បធម៌ និង​ធម្មជាតិ តាម​បណ្តា​ប្រទេស​មេគង្គ​-​ឡាន​ឆាង , ២. អង្គ​សន្និសីទ​បានស្នើ​ឱ្យមាន​កា​រ​សិក្សា​ស្រាវជ្រាវ​បន្ថែម ចងក្រង​ឯកសារ ជំរុញ​ឲ្យ​មាន​ការតភ្ជាប់​គ្នា​រវាង​ភាពល្អ​ឯកនៃ​ប្រទេសមួយ​ទៅ​ប្រទេស​មួយទៀត សំដៅ​លើកកម្ពស់​ពហុវប្បធម៌ និង​មោទនភាព​ជាតិ តាម​បណ្តា​ប្រទេស​មេគង្គ​-​ឡាន​ឆាង និង បានស្នើ​ឲ្យ​ប្រទេស​ជា​សមាជិក​សិក្សា​លទ្ធភាព​បង្កើត​ខ្សែ​ទស្សនកិច្ច​ទេសចរណ៍វប្បធម៌ និង​ធម្មជាតិ រវាង​ប្រទេស​សមាជិក​មេគង្គ​-​ឡាន​ឆាង (Mekong-Lancang Natural and Cultural Routes) និង ៣. អង្គ​សន្និសីទ ក៏បាន​សំណូមពរ​ឲ្យ​មាន​វគ្គ​បណ្តុះបណ្តាល​ពង្រឹង​សមត្ថភាព​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍​ផ្សេងៗ​បន្ថែមទៀត សំដៅ​ពង្រឹងគុណភាព​សេវាកម្ម​ទេសចរណ៍​ក្នុង​តំបន់​។​

​ឯកឧត្តម ហោ មុនី​រ័ត្ន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​ចិន ដែល​តែងតែ​ជួយ​គាំទ្រ​ដល់​ការអភិវឌ្ឍ​ទេសចរណ៍ ដល់​ប្រទេស​ជា​សមាជិក​មេគង្គ​-​ឡាន​ឆាង ជាពិសេស​ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា ស្របតាម​ខ្លឹមសារ​នៃ​ឆ្នាំ​វប្បធម៌ និង​ទេសចរណ៍ កម្ពុជា​-​ចិន ឆ្នាំ​២០១៩ ខណៈដែល​កាលពី​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ កន្លងទៅ ក្រសួងទេសចរណ៍​កម្ពុជា បាន​សហការ​ជាមួយ​ស្ថានទូត​ចិន​នៅ​កម្ពុជា រៀបចំ​ការសម្តែង​សិល្បៈ​រួមគ្នា សំដៅ​ពង្រឹង​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍ និង​វប្បធម៌ ក្រោម​អធិបតីភាព ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​កម្ពុជា​។​

 

​ឯកឧត្តម ហោ មុនី​រ័ត្ន បានបញ្ជាក់​ទៀតថា តាមរយៈ​វិស័យ​ទេសចរណ៍ ដែលជា​វិស័យ​ចលករ​នៃ​ការជំរុញ​ចំណងមិត្តភាព ការតភ្ជាប់​គ្នា​រវាង​ប្រជាជាតិ និង​កិច្ចសហប្រតិបត្តិការ​វប្បធម៌ និង​សេដ្ឋកិច្ច ប្រជាជន​ក្នុង​តំបន់​មេគង្គ​-​ឡាន​ឆាង កាន់តែ​ខិតជិត​គ្នា​បន្ថែមទៀត ស្របតាម​ចក្ខុវិស័យ​សហគមន៍​អនាគត​តែមួយ រួមគ្នា​ប្រកបដោយ សន្តិភាព និង​វិបុលភាព (Community of Shared Future of Peace and Prosperity)​។​

​សូមបញ្ជាក់ថា ស្រប​ពេលដែល​សន្និសីទ​មេគង្គ​-​ឡាន​ឆាង បាន​បិទ​បញ្ចប់ និង ដើម្បី​ចូលរួម​អបអរសាទរ​សន្និសីទ​នេះ ក្រសួងទេសចរណ៍​កម្ពុជា បានទទួល​ក្បួន​រថយន្ត Caravan Tour ពី​ប្រទេស​ចិន ដែល​ឆ្លងកាត់​ប្រទេស​ឡាវ​មក​កម្ពុជា សម្រាប់​អបអរសាទរ កិច្ចសហប្រតិបត្តិការ​ទេសចរណ៍​តំបន់​មេគង្គ​-​ឡាន​ឆាង ជាពិសេស​បង្ហាញ​ពី​ការសម្រួល​ការធ្វើដំណើរ​ផ្លូវគោក តាម​ប្រទេស​ជា​សមាជិក​មេគង្គ​-​ឡាន​ឆាង​។​

​ក្បួន​រថយន្ត​ទេសចរណ៍​នេះ បានធ្វើ​ដំណើរ​ចេញពី​ទីក្រុង​គុន​មីង ខេត្ត​យូ​ណាន ប្រទេស​ចិន ក្រោម​ការប្រកាស​បើក​ផ្ទាល់​ដោយ ឯកឧត្តម ឡ ស៊ូ​កាន រដ្ឋមន្ត្រី​វប្បធម៌ និង​ទេសចរណ៍​ចិន កាលពី​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ ហើយនឹង​ស្នាក់នៅ​កម្ពុជា​រហូតដល់​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០១៩ ៕​