សេវាកម្ម​សុខភាព​ផ្លូវចិត្ត​នៅ​មាន​កម្រិត​នៅ​មូលដ្ឋាន​

ការស្រាវជ្រាវ​របស់​អង្គការ​សុខភាព​ពិភពលោក​ស្តីពី​អំពើហិង្សា​លើ​ស្ត្រី​នៅក្នុង​ប្រទេស​កម្ពុជា បានបង្ហាញ​ថា ៣០​ភាគរយ នៃ​ស្ត្រី​ដែល​ធ្លាប់​មាន​ដៃគូ​បាន​ជួបប្រទះ​ម្តង ឬ​ច្រើន​ដង​នូវ​ទម្រង់​អាកប្បកិរិយា​នៃ​ការត្រួតត្រាដែល​ធ្វើឲ្យ​មាន​ភាពអាម៉ាស់ ដោយ​ដៃគូ​ស្និទ្ធស្នាល​ម្នាក់​។ ការរំលោភបំពាន​ផ្លូវចិត្ត​និង​អាកប្បកិរិយា​នៃ​ការត្រួតត្រា ត្រូវបាន​គេ​រកឃើញ​ថា ជា​សកម្មភាព​មួយ​ក្នុងចំណោម​សកម្មភាព​ទូទៅ​បំផុត​នៃ​អំពើហិង្សា ដែល​បណ្តាល​ឱ្យ​មាន​ការ​ប៉ះទង្គិច​ផ្លូវចិត្ត​និង​ការរង​ទុក្ខ​ខាង​ផ្លូវចិត្ត​។ រោគសញ្ញា​ដែល​ទាក់ទង​នឹង​ទុក្ខលំបាក​ផ្លូវចិត្ត រួមមាន ការ​យំ ការ​អស់កម្លាំង ការ​ហត់នឿយ​ដោយ​គេង​មិន​លក់ និង​អារម្មណ៍​ចង់​ធ្វើ​អត្តឃាត​។

អ្នកស្រី សុខ សាន នៅ​ស្រុក​ពួក​បាន​និយាយថា សំរាប់​ស្ត្រី​ហាក់បីដូច​ជា​មិន​សូវ​បានដឹង​ពី​បញ្ហា​ការ​ទៅរក​សេវា​ប្រឹក្សា​ផ្នែក​ផ្លូវចិត្ត​ប៉ុន្មាន​ទេ​។ អ្នកស្រី​ចង់ឲ្យ​មាន​សេវា​ប្រឹក្សា​ផ្នែក​ផ្លូវចិត្ត​ដល់​ស្ត្រី​នៅ​ថ្នាក់​មូលដ្ឋាន​ដើម្បី​ងាយស្រួល​ក្នុង​ការ​ទៅ​ទទួល​សេវា​ពី​អាជ្ញាធរ​និង​សង្គម​ស៊ីវិល​។​
Clip1 នៅពេល​មាន​គាត់​មាន​វិបត្តិ​ធ្ងន់ធ្ងរ​គាត់​មិនដឹង​ទៅណា បើសិនជា​មាន​តាម​ភូមិ​វា​ល្អ​ជាង​ទៅដល់​ខេត្ត នៅពេល​មាន​បញ្ហា​ចង់ឲ្យ​មាន​ការផ្តល់​សេវា​ឲ្យ​លឿន អ្នកខ្លះ​អត់​មានអី​ជិះ​ត្រូវ​ជួល​គេ​អស់​លុយ​ទៀត​វា​ពិបាក​ដល់​គាត់​។

លោក រុន ភា នៅ​ស្រុក​ពួក​ដូចគ្នា​ដែរ​នោះ​ក៏​បាន​លើកឡើង​ដែរ​ថា ស្ត្រី​នៅ​មិនទាន់​មាន​ការយល់ដឹង​ឲ្យបាន​ទូលំទូលាយ​នៅឡើយ​ពាក់ព័ន្ធ​និង​ការប្រឹក្សា​សុខភាព​ផ្នែក​ផ្លូវ​ចិត្ត​ពេល​មាន​អំពើ​ហិង្សា​ដែល​ប៉ះពាល់​ផ្លូវចិត្ត​ធ្ងន់ធ្ងរ ។ បើសិន​ជា​ស្ត្រី​មាន​បញ្ហា​ហិង្សា​ក្នុង​គ្រួសារ​ប៉ះពាល់​ផ្នែក​ផ្លូវចិត្ត​ធ្ងន់ធ្ងរ​ហើយ​មិន​ទៅរក​សេវា​ផ្នែក​ផ្លូវចិត្ត​អាច​មាន​បញ្ហា​ដល់​ស្ត្រី​ខ្លួនឯង​ជាក់​ជាមិនខាន​។​
Clip2 អ្នកខ្លះ​អត់​មាន​ការ​យល់​ដឹង​គាត់​ក្លាច​គាត់​អត់ធ្មត់​មាន​អង្គការ​បន្ទាយស្រី​ចុះមក​អប់រំ​លើ​បញ្ហា​ហិង្សា​នើ​យើង​លាក់​ទុក​អាច​មាន​បញ្ហា​ធ្ងន់ធ្ងរ​អាច​បាត់បង់​អាយុជីវិត​ស្ត្រី​គួរ​ទៅ​ទំនាក់ទំនង​ជាមួយ​ជា​អាជ្ញាធរ បើ​មិន​ប្រាប់​ពួកគាត់​គឺ​គាត់​មិន​អាច​ដោះស្រាយបាន​ទាន់ពេល​ទេ​។

​ជាមួយ​បញ្ហា​នេះ​លោក សាន ពៃ ប្រធាន​ក្រុមប្រឹក្សា​ឃុំ​ពួក បាន​ប្រាប់ថា នៅពេល​មាន​ជនរងគ្រោះ​ដោយ​អំពើហិង្សា​ហើយ​ចង់បាន​ការផ្តល់សេវា​សុខភាព​ផ្លូវចិត្ត​ឃុំ​និង​មាន​កិច្ចសហការ​ជាមួយ​មណ្ឌល​សុខភាព និង​អង្គការ​ជួយ​ផ្នែក​នេះ ។​
Clip3 ពេល​មាន​ហិង្សា​ពាក់ព័ន្ធ​ទៅ​ប៉ូលីស និង​បញ្ជូន​ទៅ​ស្ត្រី​មាន​វិបត្តិ តាម​កិច្ចការនារី​ឃុំ​ដើម្បី​ជួយ​គាំទ្រ​ពេល​កើតមាន​អំពើហិង្សា​ក្នុង​គ្រួសារ បង្កើត​ជា​មូលដ្ឋាន​ផ្នែក​ផ្លូវចិត្ត​នោះ​មិន​ទាន់​មាន​ទេ ជួយ​ផ្តល់​យោបល់ ជួយ​នាំ​ទៅ​មន្ទីរពេទ្យ​លើ​ការព្យាបាល​លើ​របួសស្នាម ដើម្បី​ឲ្យ​ដោះស្រាយ​តាម​ប្រព័ន្ធតុលាការ​។

​យោង​តាម​ការស្ទង់មតិ​សុខភាព​ផ្លូវចិត្ត​ជាតិ ដែល​ធ្វើឡើង​ដោយ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ អ្នកឆ្លើយ​ចំនួន​តែ ២៤,១០​ភាគរយ ប៉ុណ្ណោះ​ដែល​បាន​ស្វែងរក​ជំនួយ​សម្រាប់​សេវា​សុខភាព​ផ្លូវចិត្ត​។ ស្ទើរតែ​ទាំងអស់ ៩៧,២០​ភាគរយ ប្រាថ្នា​ចង់បាន​សេវា​សុខភាព​ផ្លូវចិត្ត​នៅ​មណ្ឌល​សុខភាព​តាម​មូលដ្ឋាន​៕

អត្ថ​បទ​បទ​យក​ការណ៍​៖ អ្នក​នាង​ ហេង​ លាង​ស៊ីម​