រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អះអាងថា នឹង​នាំ​គណៈប្រតិភូ​នៃ សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី លើក​ទី​១៦ ឆ្នាំ​២០១៩ ធ្វើ​ទស្សនកិច្ច នៅ​សារមន្ទីរ​សន្តិភាព​សក​ម្ម​ភាព​កំចាត់មីន​

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន មាន ប្រសាសន៍ថា ក្នុងអំឡុងពេល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ នៃ​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី លើក​ទី​១៦ ឆ្នាំ​២០១៩ អម​ជាមួយនឹង​កិច្ចប្រជុំ​ពាក់ព័ន្ធ​មួយចំនួនទៀត ដែល​នឹង​ប្រព្រឹត្ត ទៅ​នៅ​សណ្ឋាគារ​សុខា​-​សៀមរាប ចាប់ផ្តើម​ពីថ្ងៃ​ទី​១១ ដល់​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៩​នេះ ក្នុងនាម​ជា​ម្ចាស់ផ្ទះ យើង​មាន​គម្រោង និង បាន​ត្រៀម​រៀបចំ​អញ្ជើញ​ប្រតិភូ​នៃ​កិច្ចប្រជុំ​នោះ ទៅ​បំពេញ​ទស្សនកិច្ច​នៅ​សារមន្ទីរ​សន្តិភាព​សក​ម្ម​ភាព​កំចាត់មីន ដើម្បី​បាន​សិក្សា​ស្វែងយល់ អំពី​អ្វីដែល​បាន​តម្កល់​និង​បង្កប់​ទុក​នៅ​ទីនោះ ។

​ឯកឧត្តម រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានបង្ហាញ​នូវ​ក្ដី​រំពឹងទុក​ថា តាមរយៈ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​ប្រតិភូ​ចូលរួម​នៃ​អង្គ​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​នោះ គឺជា​ឱកាស​ដ៏​ល្អ​សម្រាប់​កម្ពុជា​ដែលជា​ម្ចាស់ផ្ទះ​នៃ​អង្គ​សន្និសីទ ក្នុងការ​បញ្ជូន​ព័ត៌មាន​ផ្សេងៗ ទៅកាន់​តំបន់​អាស៊ី​ទាំងមូល និង​ពិភពលោក ដែល​ទាំងនេះ គឺជា​លទ្ធផល​នៃ​ការសិក្សា​ស្វែងយល់ ចេញពី​ការបើក​បង្ហាញ​របស់​សារមន្ទីរ​សន្តិភាព​សក​ម្ម​ភាព​កំចាត់មីន អំពី​ប្រវត្តិសាស្ត្រ​សង្គ្រាម និង ភស្តុតាង​នៃ​ការ​តាម​ឆក់យក​ជីវិត​ប្រជាជន​កម្ពុជា ការផ្តល់​ភាព​ពិការ​ឲ្យ​ប្រជាជន​កម្ពុជា ដោយ​កាកសំណល់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ដែល​នៅ​សេសសល់​ពី​សង្គ្រាម ហើយ​តាមរយៈ​សារមន្ទីរ​មួយ​នេះ ក៏បាន​បង្ហាញ​ឲ្យ​ឃើញ​ផងដែរ អំពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា ដោយ​អនុវត្ត​សកម្មភាព​បោសសម្អាត​កាក សំណល់​សង្គ្រាម ប្រែក្លាយ​ផ្ទៃដី​ចំការមីន និង​គ្រាប់​មិនទាន់​ផ្ទុះ ទៅជា​ផ្ទៃដី​បង្កបង្កើនផល សម្រាប់​ប្រជាជន​កម្ពុជា ។

​បើតាម​ប្រសាសន៍​របស់​ឯកឧត្តម ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ស​កម្ម​ភាព​កំចាត់មីន​កម្ពុជា បាន​ឲ្យ​ដឹងថា សារមន្ទីរ​សន្តិភាព​ស​កម្ម​ភាព​កំចាត់មីន ជា​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ ដែល​កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា​ពី​អតីតកាល មានដូចជា ៖ ប្រវត្តិសាស្ត្រ​សង្គ្រាម យុទ្ធសាស្ត្រ​និង​កល​យុគ​សង្គ្រាម ប្រវត្តិ​នៃ​សកម្មភាព​បោសសម្អាត​គ្រាប់មីន និង គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​គ្រប់​ប្រភេទ ដែល​បាន​ទម្លាក់​មកលើ​ដី​កម្ពុជា​និង​កប់​ក្រោម​ដី​ក្នុងសម័យ​សង្គ្រាម អស់​រយៈ កាល​អស់​ជិត​៤​ទសវត្សរ៍ ព្រមទាំង​ប្រវត្តិ​នៃ​ការកសាង​សន្តិភាព ការអភិវឌ្ឍន៍​របស់​ប្រទេស​កម្ពុជា ក្រោយពី​សង្គ្រាមស៊ីវិល​ត្រូវបាន​បញ្ចប់ ។

​ឯកឧត្តម ហេង រតនា មានប្រសាសន៍​ទៀតថា សារមន្ទីរ​សន្តិភាព​ស​កម្ម​ភាព​កំចាត់មីន​នេះ ត្រូវបាន​បង្កើតឡើង​ប្រមាណ​ជាង​២​ឆ្នាំ​កន្លងមកនេះ ហើយក៏​ជា​សារមន្ទីរ​ប្រវត្តិសាស្ត្រ​ដំបូង​និង​ធំជាងគេ​បង្អស់​ក្នុង​វិស័យ​បោសសម្អាត​មីន និង គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​គ្រប់​ប្រភេទ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ស្ថិតនៅក្នុង​មូលដ្ឋាន​ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ក្រោម​ការគ្រប់គ្រង​ដោយ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា ( Cambodia Nine Action Center ) ដែល​ហៅ​កាត់​ថា ស៊ីម៉ាក់ ( CMAC ) ដែលជា​ស្ថាប័ន​របស់​ជាតិ ៕​