រដ្ឋមន្ត្រី ថោង ខុន៖ វិស័យទេសចរណ៍កម្ពុជា ទទួលរងឥទ្ធិពលយ៉ាងខ្លាំងពីវិបត្តិកូវីដ-១៩ តែសង្កេតឃើញសញ្ញាណវិជ្ជមានមួយចំនួន គិតចាប់ពីដើមខែឧសភាមក

(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ទោះបីជាវិស័យទេសចរណ៍កម្ពុជា បាននិងកំពុងទទួលរងឥទ្ធិពលយ៉ាងខ្លាំងពីវិបត្តិនៃជំងឺកូវីដ-១៩ ក៏ដោយ តែសង្កេតឃើញនូវសញ្ញាណវិជ្ជមានមួយចំនួន គិតចាប់ពីដើមខែឧសភាមក។

លើកឡើងបែបនេះរបស់លោក ថោង ខុន បានធ្វើឡើងក្នុងពិធីប្រកាសដាក់ ឱ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងក្រមប្រតិបត្តិដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំង៦ នៅទៅទាំងប្រទេសរួចមក ក្រសួងទេសទេសចរណ៍ និងរដ្ឋបាលរាជធានីភ្នំពេញ បានរកឃើញមូលដ្ឋានអាជីវកម្មទេសចរណ៍ចំនួន ៣៣ទីតាំង ដែលបានអនុវត្តប្រតិបត្តិតាមយ៉ាងត្រឹមត្រូវចំពោះបទដ្ឋានគតិយុត្ត នៅព្រឹកថ្ងៃទី២៩ ខែមិថុនានេះ។

ក្នុងឱកាសនេះដែរ លោក ថោង ខុន បានបន្តថា បន្ថែមលើនេះ ក្នុងរយៈពេល០៣សប្តាហ៍ នៃខែមិថុនានេះ មានភ្ញៀវទេសចរជាង ៤៥ម៉ឺននាក់ ចេញដើរទស្សនានៅទូទាំងប្រទេស ក្នុងកំណើនប្រមាណ ៧.២៤% ធៀបនឹងរយៈពេល០៣សប្តាហ៍នៃខែឧសភា កន្លងមក។ កត្តានេះបញ្ជាក់ថា ភ្ញៀវទេសចរក្នុងស្រុកនៅតែបន្តកើនឡើងជាបន្តបន្ទាប់ គិតចាប់ពីចុងខែមេសាមកម៉្លេះ។ ដោយឡែកសម្រាប់រាជធានីភ្នំពេញ ក្នុងរយៈពេល៤ខែដើមឆ្នាំនេះ ទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៧៧៥,៧៥០នាក់ ថយចុះ -៤៦.២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។

លោក ថោង ខុន បានបញ្ជាក់ថា ការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរនេះ ពិតជាបានបង្ករផលប៉ះពាល់ជាច្រើនដល់ប្រតិបត្តិករទេសចរណ៍ ជាក់ស្តែង គិតត្រឹមថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ មានអាជីវកម្មទេសចរណ៍បិទ និងបិទបណ្ដោះអាសន្នសរុប២ ៩៥៦ទីតាំង និងមានបុគ្គលិកបម្រើការងារផ្ទាល់ សរុប ៤៥,៤០៥នាក់។ យ៉ាងណាមិញយើងសង្កេតឃើញថា គោលដៅរាជធានីភ្នំពេញមិនទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរខ្លាំងដូចគោលដៅទេសចរណ៍ធំៗផ្សេងទៀតឡើយ។

មានន័យថា ចំនួនអាជីវកម្មបានបិទ និងផ្អាកបណ្តោះអាសន្នដោយសារបញ្ហាវិបត្តិកូវីដ-១៩ មានតែ ១២៤ទីតាំង ស្មើនឹងប្រមាណ ១០.៤៣% នៃចំនួនសរុបទូទាំងប្រទេស និងប៉ះពាល់ការងារផ្ទាល់ក្នុងវិស័យសរុបចំនួន១,៩៦០នាក់ ស្មើនឹង ៩.៣៣% នៃចំនួនបុគ្គលិកក្នុងវិស័យទេសចរណ៍សរុបទូទាំងប្រទេស (តួលេខនេះមិនគិតបញ្ចូលសេវាកម្មកម្សាន្តទេសចរណ៍មនុស្សពេញវ័យ និងសេវាកម្មស្ប៉ានិងម៉ាស្សាដែលត្រូវបានសម្រេចឱ្យផ្អាកដោយរាជរដ្ឋាភិបាល)។

ការបាត់បង់ការងារនេះ បានធ្វើឱ្យមានការជះឥទ្ធិពលយ៉ាងខ្លាំងទៅដល់វិស័យសេដ្ឋកិច្ច និងសង្គមជារួមតាមរយៈឥទ្ធិពល ដែលលើសពីឥទ្ធិពលអវិជ្ជមាននៅក្នុងវិស័យធ្វើដំណើរ និងទេសចរណ៍ជាសកល។

លោកបានសន្និដ្ឋានថា ចលនាទេសចរក្នុងស្រុកនឹងមានកំណើនឡើងវិញលឿនជាង ការត្រឡប់មកវិញ នូវភ្ញៀវទេសចរអន្តរជាតិ ដរាបណាវិធានការរឹតបណ្តឹងដែលពាក់ព័ន្ធនឹងការធ្វើដំណើរនៅតែបន្ត។ បច្ចុប្បន្ននេះ យើងបានទទួលព័ត៌មានអំពីគោលបំណងបើកឱ្យមានការធ្វើដំណើរឆ្លងកាត់ឡើងវិញ នៅតាមបណ្តារប្រទេសមួយចំនួន រីឯប្រទេសខ្លះក៏បានសម្រេចឱ្យបើករួចទៅហើយ តែក៏បានសម្រេចឱ្យបិទទៅវិញភ្លាមៗ បន្ទាប់ពីមានការចម្លងថ្មីកើតឡើងវិញ។

សូមបញ្ជាក់ថា គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺ កូវីដ១៩ បានកំណតថាអ្នកដំណើរជាជនបរទេសទាំងអស់ តម្រូវឲ្យមានវិញ្ញាបនបត្របញ្ជាក់សុខភាព ចេញដោយអាជ្ញាធរសុខាភិបាល ដែលទទួលស្គាល់ដោយរដ្ឋាភិបាលនៃប្រទេសសាម៉ី បញ្ជាក់ថាគ្មានមេរោគកូវីដ១៩ ក្នុងរយៈពេល ៧២ម៉ោង។ ជនបរទេសត្រូវមានឯកសារធានារ៉ាប់រងសុខភាព ក្នុងចំនួនទឹកប្រាក់យ៉ាងតិច ៥ម៉ឺនដុល្លាអាមេរិចក្នុងអំឡុងពេលស្នាក់នៅកម្ពុជា និងវិធានផ្សេងៗទៀតដែលកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា (តម្រូវការនេះមិនសម្រាប់មន្ត្រីនៃស្ថានតំណាងបរទេស និងអង្គការអន្តរជាតិ ដែលកាន់ទិដ្ឋាការការទូតប្រភេទ A និងទិដ្ឋាការផ្លូវការប្រភេទ B របស់កម្ពុជាឡើយ។

អ្នកដំណើរទាំងអស់ ទាំងជនជាតិខ្មែរ និងជនជាតិបរទេស ដែលធ្វើដំណើរចូលមកកម្ពុជា ត្រូវបញ្ជូនទៅមណ្ឌលរង់ចាំ ដើម្បីធ្វើតេស្តបញ្ជាក់រកមេរោគកូវីដ១៩ និងរង់ចាំលទ្ធផលពីមន្ទីរពិសោធន៍ប៉ាស្ទ័រ។ មួយវិញទៀតក្នុងករណីមានអ្នកដំណើរណាម្នាក់ ឬច្រើន ដែលមានកូវីដ១៩ វិជ្ជមាន រាល់អ្នកដំណើររួមជាមួយផ្សេងទៀតទាំងអស់តម្រូវឱ្យធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ នៅទីតាំងដែលកំណត់ដោយគណៈកម្មការអន្តរក្រសួងដើម្បប្រយុទ្ធនឹងជំងឺកូវីដ១៩ ជាពិសេក្នុងករណីអ្នក ដំណើរទាំងអស់មានលទ្ធផលបញ្ជាក់ពីមន្ទីរពិសោធន៍ថាកូវីដ១៩ អវិជ្ជមាន នោះពួកគាត់ត្រូវបានអនុញ្ញាតឱ្យធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ នៅតាមផ្ទះរៀងៗខ្លួន ក្រោមការត្រួតពិនិត្យពីអាជ្ញាធរមូលដ្ឋាន និងមន្ត្រីសុខាភិបាលដោយតម្រូវឱ្យធ្វើតេស្តបញ្ជាក់ម្តងទៀតនៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ក៕