សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ប្រកាស​មិន​យកពន្ធ​ប្រចាំខែ​គ្រប់​ប្រភេទ​ចំពោះ​ផ្ទះសំណាក់ និង​សណ្ឋាគារ នៅក្នុង​ខេត្តសៀមរាប ក្នុង​រយៈពេល​៤​ខែ​

សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍ថា ផ្ទះសំណាក់ និង​សណ្ឋាគារ ដែល​បាន​ចុះបញ្ជី​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​មាន​សកម្មភាព​អាជីវកម្ម​ក្នុង​ខេត្តសៀមរាប រាជរដ្ឋាភិបាល នឹង​លើកលែង​ការបង់ពន្ធ​ប្រចាំខែ​គ្រប់​ប្រភេទ រយៈពេល​៤​ខែ ចាប់ពី​ខែ​កម្ភៈ រហូតដល់​ខែឧសភា ឆ្នាំ​២០២០ ។

​ការប្រកាស​របស់​សម្ដេច​តេ​ជោ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​នេះ បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ និង​សន្និសីទ​សារព័ត៌មាន នៅ​វិមាន​សន្តិភាព នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២០ ដែល​ក្នុង​ពិធី​នោះ​មានការ​ចូលរួម​ដោយ​សមាជិក​សំខាន់ៗ​មួយចំនួន​របស់​រាជ​រដ្ឋាភិបាល និង​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ ។

​សម្ដេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍​បង្ហាញថា តាម​ការវាយតម្លៃ​បឋម វីរុស​កូ​រ៉ូ​ណា Covid-19 បានធ្វើ​ឲ្យ​វិស័យសេដ្ឋកិច្ច​សំខាន់ៗ ចំនួន​២ រង​ផល​ប៉ះ​ធ្ងន់​ជាងគេ​គឺ វិស័យ​ទេសចរណ៍ និង​វិស័យ​កាត់ដេរ ។ នៅក្នុង​ខែកុម្ភៈ ឆ្នាំ​២០២០​នេះ វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ធ្លាក់ចុះ​ជាង​៦០​ភាគរយ ជាពិសេស​ទេសចរ​ចិន ធ្លាក់ចុះ​ក្នុង​រង្វង់​៩០​ភាគរយ ។ ជាមួយ​នោះ អា​ជី​កម្ម​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប មានការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ បើ​ធៀប​នឹង​គោលដៅ​ទេសចរណ៍​សំខាន់ៗ​ក្នុងប្រទេស ។

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា មានប្រសាសន៍​បន្ថែមថា វិធានការ​របស់​រាជ​រដ្ឋាភិបាល​នាពេលនេះ គឺ​ជួយ​ដល់​អាជីវកម្ម​ទេសចរណ៍ និង​ជំរុញ​សកម្មភាព​ទេសចរណ៍ ក្នុង​ខេត្តសៀមរាប ។ វិធានការ​ទាំងនេះ មាន​គោលដៅ​ជួយ​ដល់​អា​ជីក​ម្ម ផ្ទះសំណាក់ និង​សណ្ឋាគារ អាច​បន្តសកម្មភាព​អាជីវកម្ម​របស់ខ្លួន​បាន រក្សាបាន​ការងារ​ដល់​បុគ្គលិក​ក្នុង​វិស័យនេះ និង​ចូលរួម​សកម្មភាព​ប្រកួតប្រជែង​ខ្លាំង​ជាង​មុន បន្ទាប់ពី​ជំងឺ Covid-19 បាន​កន្លងផុតទៅ ។ លើសពីនោះ រាជរដ្ឋាភិបាល ក៏មាន​វិធានការ​មួយចំនួនទៀត ជួយ​ដល់​បុគ្គលិក​ក្នុង​វិស័យ​ទេសចរណ៍ ដែល​បាត់បង់​ការងារ តាមរយៈ​ការបណ្ដុះបណ្ដាល​មុខជំនាញ​ថ្មី​បន្ថែម ដើម្បី​ឲ្យ​ពួកគេ​មានលទ្ធភាព​ទទួលបាន​ការងារ​ប្រសើរ​ជាង​មុន​។

​វិធានការ ដែល​រាជរដ្ឋាភិបាល ដាក់ចេញ​ក្នុងការ​លើកកម្ពស់​វិស័យ​ទេសចរណ៍ ក្នុង​ខេត្តសៀមរាប ក្នុងឱកាស​នោះ​រួមមាន​៖
១. លើកលែង​ការបង់ពន្ធ​ប្រចាំខែ​គ្រប់​ប្រភេទ​សណ្ឋាគារ និង​ផ្ទះសំណាក់ ដែល​បាន​ចុះបញ្ជី​ជាមួយ​ពន្ធដារ និង​មាន​សកម្មភាព​អាជីវកម្ម រយៈពេល​៤​ខែ ចាប់ពី​ខែ​កម្ភៈ រហូតដល់​ខែឧសភា ២០២០​។ ប៉ុន្តែ សណ្ឋាគារ និង​ផ្ទះសំណាក់ ទាំងនោះ នៅតែមាន​កាតព្វកិច្ច​ដាក់​លិខិត​ប្រកាស​ពន្ធអាករ និង​ប្រើប្រាស់​ប្រព័ន្ធ​អន​ឡាញ​គ្រប់គ្រង​អាករ​លើ​តម្លៃបន្ថែម​ជា​រៀងរាល់ខែ ក្នុង​រយៈពេល​លើកលែង​ពន្ធ​នេះ​។

២. មិន​ធ្វើ​សា​វន​កម្ម​ពេញលេញ​សម្រាប់​ឆ្នាំ​២០២០ ចំពោះ​សហគ្រាស​សណ្ឋាគារ ផ្ទះសំណាក់ បាន​ចុះបញ្ជី​ជាមួយ​អគ្គនាយក​ពន្ធដារ និង អាជីវកម្ម​កំពុងមាន​សកម្មភាព​ក្នុង​ខេត្តសៀមរាប ។

៣. ធ្វើ​វិចា​រណកម្ម​ថវិកាជាតិ​ឆ្នាំ​២០២០ ទាំង​ចំណាយ​ចរន្ត និង​ចំណាយ​វិនិយោគ ជាពិសេស​កាត់បន្ថយ​ការចូលរួម​កិច្ចប្រជុំ​នៅក្រៅ​ប្រទេស ដោយ​គ្រប់​ក្រសួង​ស្ថាប័ន​រាជរដ្ឋាភិបាល និង​ចូលរួម​ជំរុញ​វិស័យ​ទេសចរណ៍​ក្នុងស្រុក ឲ្យ​ទៅជា​ចលនា​ជាតិ​ធំ​ទូលាយ ។ តាមរយៈ​ការជំរុញ​នូវ​ការធ្វើសិក្ខាសាលា កិច្ចប្រជុំ វគ្គ​បណ្ដុះបណ្ដាល​ខ្លីៗ និង​កម្មវិធី​ផ្សេងៗ​ទៀត រៀបចំ​ដោយ​ក្រសួង​ស្ថាប័ន​រាជរដ្ឋាភិបាល វិស័យ​ឯកជន ស្ថានទូត អង្គការក្រៅរដ្ឋាភិបាល នៅតាម​ខេត្ត​សំខាន់ៗ ជាពិសេស​ខេត្តសៀមរាប ៕​