រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា ស្នើដល់សមាជិកអាស៊ានខំប្រឹងបង្កើតផលិតផលទេសចរណ៍ថ្មីៗ និងពង្រីកការហោះហើរត្រង់ ដើម្បីទាក់ទាញទេសចរបន្ថែម

ក្នុងឱកាស​បើក​កិច្ចប្រជុំ​កម្រិត​អគ្គនាយក​ទេសចរណ៍​អាស៊ាន​លើក​ទី​៥០ (ASEAN NTOs) នៅ​ខេត្តសៀមរាប ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា បានស្នើ​ដល់​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់​ត្រូវខិតខំ​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មីៗ និង​ព​ង្រី​ការហោះហើរ​ត្រង់​បន្ថែម​ឱ្យបាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យបាន​កាន់តែច្រើន ព្រមទាំង​ត្រូវ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​មួយចំនួនទៀត​ផងដែរ ។

​ឯកឧត្តម ថោង ខុន មានប្រសាសន៍​ទៀតថា អំពី​បញ្ហា​ប្រឈម​មួយចំនួន​ដែល​កើតមាន​នៅក្នុង​ប្រទេស​ជា​សមាជិក​អាស៊ាន​នោះ ត្រូវមាន​កិច្ចសហប្រតិបត្តិការ​ដោះស្រាយ​រួមគ្នា ក្នុងនោះ​ត្រូវ​ជំរុញ​ការធ្វើដំណើរ​ទស្សនា​កម្សាន្ត​ផ្ទៃក្នុង​អាស៊ាន​ឱ្យបាន​ផុសផុល​ឡើង សំដៅ​ធ្វើយ៉ាងណា​ឱ្យទទួល​បាន​កំណើន​ជា​មធ្យម ៤​ភាគរយ ក្នុង​មួយឆ្នាំ និង​ជំរុញ​ឱ្យ​ទេសចរ​អាចធ្វើ​ដំណើរ​ទ​ស្សនា​កម្សាន្ត​បាន​ដោយ​ខ្លួនឯង ពិសេស​ដំណើរ​កម្សាន្ត​ឆ្លង​ប្រទេស ដូច្នេះ សូម​ឲ្យ​អង្គប្រជុំ ASEAN NTOs រួមគ្នា​ពិភាក្សា​ពី​ចំណុច​ដ៏​សំខាន់​មួយ​នេះ សំដៅ​ធ្វើ​យ៉ាង​សម្រេច​ឱ្យបាន​នូវ «​ស្ដង់ដា​ទេសចរណ៍​ម្ហូបអាហារ​អាស៊ាន​» នេះ​ឱ្យបាន ជាពិសេស ត្រូវធ្វើ​យ៉ាងណា​បង្កើត​ផលិតផល​ទេសចរណ៍​ថ្មីៗ​ឱ្យបាន​ច្រើន ដើម្បី​ទាក់ទាញ​ទេសចរ​ឱ្យមក​ទស្សនា​កើនឡើង​កាន់តែច្រើន​ថែមទៀត​។

​សូមបញ្ជាក់ថា កាលពី​ព្រឹក​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៩​នេះ នៅ​សណ្ឋាគារ​បុរី​អង្គរ ខេត្តសៀមរាប មាន​រៀបចំ​ពិធី​បើក​កិច្ចប្រជុំ​កម្រិត​អគ្គនាយក​ទេសចរណ៍​អាស៊ាន​លើក​ទី​៥០ (ASEAN NTOs) ជា​ផ្លូវការ ក្រោម​អធិបតីភាព​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា , ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប និង លោក PG Kamalrudzaman Haji Mohd Ishak អគ្គលេខា​នៃ​ក្រសួង​ធនធាន​ឧស្សាហកម្ម និង​ទេសចរណ៍ នៃ​ប្រទេស​ប្រ៊ុយណេ ដែលជា​ប្រធាន​អង្គប្រជុំ ASEAN NTOs លើក​ទី​៥០ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​។

​កិច្ចប្រជុំ ASEAN NTOs នេះ មាន​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៩ ហើយ​ក្រៅពី​កិច្ចប្រជុំ ASEAN NTOs អាស៊ាន​នេះ ក៏មាន​កិច្ចប្រជុំ ASEAN NTOs បូក​៣ ដែលមាន​ប្រទេស​ចិន ជប៉ុន និង​កូរ៉េខាងត្បូង និង​មាន​កិច្ចប្រជុំ​ក្នុង​ក្របខណ្ឌ​មជ្ឈមណ្ឌល​អាស៊ាន​-​ចិន , មជ្ឈមណ្ឌល​អាស៊ាន​-​ជប៉ុន និង​មជ្ឈមណ្ឌល​អាស៊ាន​-​កូរ៉េខាងត្បូង ព្រមទាំង​មាន​កិច្ចប្រជុំ​ជាមួយ​ដៃគូ​សន្ទនា​ផ្សេងទៀត​ផងដែរ ។

​ឯកឧត្តម ទ្រី ឈី​វ ប្រធាន​នាយកដ្ឋាន​សហប្រតិបត្តិ​ការ​អន្តរជាតិ និង​អាស៊ាន នៃ​ក្រសួងទេសចរណ៍​នៃ​កម្ពុជា បាន​ឲ្យ​ដឹងថា កិច្ចប្រជុំ ASEAN NTOs នេះ ផ្ដោត​សំខាន់​លើ​ការអភិវឌ្ឍ​ទេសចរណ៍​ក្នុង​តំបន់​អាស៊ាន ក្នុងនោះ​មានការ​ត្រួតពិនិត្យ​លទ្ធផល​ការងារ ដែល​បាន​អនុវត្ត​តាំងពី​ឆ្នាំ​២០១៦ និង​ដាក់ចេញ​ទិសដៅ​ការងារ​បន្ត​រហូត​ទៅដល់​ឆ្នាំ​២០២៥ ហើយ​ក្រៅពីនេះ មានការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខណ្ឌ​អាស៊ាន និង​គម្រោង​អភិវឌ្ឍន៍​នានា ដែល​ចូលរួម​ដល់​ការអភិវឌ្ឍ​ក្នុង​តំបន់​អាស៊ាន​ទាំងមូល ក៏ដូចជា​វិស័យ​ទេសចរណ៍​កម្ពុជា តាមរយៈ​ការផ្លាស់ប្ដូរ​បទពិសោធ​ន៍ និង​ការអនុវត្ត​ស្តង់ដា​គុណភាព​អាស៊ាន​រួម និង​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស ស្របតាម​កម្មវិធី​បណ្ដុះ​បណ្ដាល​ស្ដង់ដា​អាស៊ាន ៕