មន្ត្រី​ក្រសួងកសិកម្ម​អះអាងថា ការផ្តល់​ជំនួយ​តាមរយៈ​អង្គការ​ដៃគូ សម្រាប់​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​សម្រាប់ធ្វើ​ការអភិរក្ស​ធនធាន​ធម្មជាតិ គឺជា​រឿង​មួយ​ល្អប្រសើរ​

ថ្លែង​ក្នុង​សិក្ខាសាលា​វាយតម្លៃ​ចុងក្រោយ​របស់ខ្លួន​សម្រាប់​ដំណាក់កាល​ទី​២​ក្នុង​តំបន់​ឥណ្ឌូ​-​ភូមា នៅ​ខេត្តសៀមរាប កាលពីពេល​ថ្មីៗ​នេះ លោក អ៊ុក វិបុល ប្រធាន​នាយកដ្ឋាន​អភិរក្ស​ជលផល នៃ​រដ្ឋបាល​ជលផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹងថា ការផ្តល់​ជំនួយ​របស់​មូលនិធិ​ភាពជា​ដៃគូ​សម្រាប់​ប្រព័ន្ធ​អេកូឡូស៊ី​ដែល​រង​ការ​គម្រាមកំហែង សម្រាប់​ទៅលើ​ការងារ​អភិរក្ស​ជីវៈចម្រុះ គឺ​ពិត​ជាមាន​សារៈសំខាន់ ដោយបាន​រួមចំណែក​ដ​ល់​គោលនយោបាយ​អភិរក្ស​ជីវចម្រុះ និង​ជលផល​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​ការកំណត់​អត្តសញ្ញាណ​កាលានុវត្តភាព​ថ្មីៗ និង​អាទិភាព​សម្រាប់​ការអភិរក្ស​ជីវចម្រុះ​នៅក្នុង​តំបន់ ខណៈដែល​សម្រាប់​វិស័យ​ជលផល​អង្គការ​សហភាព​អន្តរជាតិ​ដើម្បី​ការអភិរក្ស​ធម្មជាតិ បាន​សហការ​ជាមួយ​រដ្ឋបាល​ជលផល បានកំណត់​តំបន់​ដែលមាន​ជីវៈចម្រុះ​ច្រើន ហើយ​កំពុង​ទទួល​ការ​គំរាម​គំហែង និង​បាន​កំពុង​គិតគូរ​ខ្ពស់​ទៅលើ​ការអភិរក្ស​ប្រភេទ​សត្វ​ដែល​ប្រឈម​ការគ្រោះថ្នាក់​ខ្លាំង ដូចជា​អណ្តើក , ត្រី​រាជ , ត្រី​គោល​រាំង , ផ្សោត និង ក​ន្ទា​យ​ក្បាល​អង្កែ​ប​ជាដើម ។

​លោក គង់ គឹម​ស្រេង ប្រធាន​នាយកដ្ឋាន​អភិរក្ស​ដីគោក​ខាងត្បូង​បឹង​ទន្លេរ​សាប នៃ​ក្រសួងបរិស្ថាន បាន​មានប្រសាសន៍ថា បច្ចុប្បន្ននេះ​ក្រសួងបរិស្ថាន​គ្រប់គ្រង​តំបន់ការពារធម្មជាតិ​ជាង​៥០​តំបន់​នៅលើ​ផ្ទៃដី​ជាង​៧​លាន​ហិកតា ដោយ​មន្ត្រី​អភិរក្ស​ជាច្រើន បានធ្វើ​ការងារ​ការពា​រ​តំបន់​អភិរក្ស​ទាំងនេះ ប៉ុន្តែ​សម្រាប់​ថវិកា​អនុវត្ត​ការងារ​នេះ​នៅមានកម្រិត ដូច្នេះ​ការផ្តល់​ជំនួយ​របស់​មូ​ល​និ​ធិ​ភាពជា​ដៃគូ​សម្រាប់​ប្រព័ន្ធ​អេកូឡូស៊ី​ដែល​រង​ការ​គម្រាមកំហែង ទៅដល់​អង្គការ​ដៃគូ​សម្រាប់​យកមក​ចូលរួម​ធ្វើ​ការងារ​អភិរក្ស​នៅ​តំបន់ការពារធម្មជាតិ​នេះ ជា​កត្តា​មួយ​ដ៏​ល្អប្រសើរ ។

​លោក សោម ស៊ីថា ទីប្រឹក្សាបច្ចេកទេស នៃ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា បាន​ថ្លែងថា អង្គការ​របស់លោក​ទ​ទួលបាន​គម្រោង​ជំនួយ​ជាច្រើន​ពី​មូលនិធិ​ភាពជា​ដៃគូ​សម្រាប់​ប្រព័ន្ធ​អេកូឡូស៊ី​ដែល​រង​ការ​គម្រាមកំហែង ហើយ​សម្រាប់​លោក​ផ្ទាល់​គឺ​បាន​កាន់​គម្រោង​ចំនួន​ពីរ គឺមាន​គម្រោង​អភិរក្ស​អណ្តើក​លួង​នៅ​ខេត្តកោះកុង និង​កន្ធាយ​ក្បាល​កង្កែប​នៅតាម​ដង​ទន្លេ​មេគ​ង្ ដូច្នេះ​ប្រសិនបើ​គ្មាន​ថវិកា​ទាំងនេះ​ទេ យើង​មិនអាច​ធ្វើការ​សិក្សា​ស្រាវជ្រាវ និង​ធ្វើការ​អភិរក្ស​សត្វ​ទាំងនេះ​បានដែរ ។

​លោក Scott Perkin ប្រធាន​ក្រុម​ធនធានធម្មជាតិ​របស់​អង្គការ​សហភាព​អន្តរជាតិ​ដើម្បី​ការអភិរក្ស​ធម្មជាតិ ប្រចាំ​តំបន់​អាស៊ី បាន​មាន​ស្រាស​ន៍​ថា នៅក្នុង​រយៈពេល​៦​ឆ្នាំ ចាប់ពី​ឆ្នាំ​២០១៣ មកដល់​បច្ចុប្បន្ននេះ មូលនិធិ​ភាពជា​ដៃគូ​សម្រាប់​ប្រព័ន្ធ​អេកូឡូស៊ី​ដែល​រង​ការ​គម្រាមកំហែង បានផ្តល់​ជំនួយ​ជាង ១៨០ គម្រោង ដែលមាន​ថវិកា​ជាង​១៥​លាន​ដុល្លារ​អាមេរិក ទៅដល់​ប្រទេស​ចំនួន​៦ រួមមាន​ប្រទេស​កម្ពុជា , ឡាវ , មី​យ៉ាន់​ម៉ា , ថៃ , វៀតណាម , បូក​ផ្នែក​ខ្លះ​នៃ​ប្រទេស​បង់​ក្លា​ដេ​ស និង​ភាគខាងត្បូង​ប្រទេស​ចិន ហើយ​សម្រាប់​ប្រទេស​កម្ពុជា​ទទួលបាន​ច្រើនជាងគេ​ដោយសារតែ នៅ​កម្ពុ​ជាមាន​តំបន់​ការពារ​ធនធានធម្មជាតិ និង​ជីវៈចម្រុះ​ច្រើន​សម្បូ​បែប ៕​