មន្ត្រី​ក្រសួងពាណិជ្ជកម្ម​នៃ​កម្ពុជា បង្ហាញ​ពី​សារៈសំខាន់​ចំពោះ​កិច្ចប្រជុំ​លើក​ទី​១៩ នៃ​ក្រុមការងារ​កូ​ដិ​ច​អាស៊ាន នៅ​ខេត្តសៀមរាប​

ឯកឧត្តម ផាន អូន អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា បាន​ឲ្យ​ដឹងថា ចាប់ តាំងពី​ការចាប់​កំណើត​ក្រម​ម្ហូបអាហារ​ជា​អន្តរជាតិ ដែល​រៀបរាប់​អំពី​អាហារ​មាន​សុវត្ថិភាព អាហារ​ល្អ​សម្រាប់​មនុស្ស​គ្រប់គ្នា​នៅ​គ្រប់​ទីកន្លែង ដែល​ហៅ​កាត់​ថា CODEX នៅក្នុង​ឆ្នាំ​១៩៦៣​មក បាន​វិ​វត្ត​ខ្លួន​ដោយ​ឈរលើ​យន្តការ​តម្លាភាព និង​មាន​លក្ខណៈ​រាប់បញ្ចូល​គ្រប់​ទិដ្ឋភាព ក្នុងការ​ដោះស្រាយ​នូវ​រាល់​បញ្ហា​ចំពោះមុខ ។

​ឯកឧត្តម ផាន អូន បាន​ឲ្យ​ដឹង​ទៀតថា នីតិវិធី​អនាម័យ និង ភូតគាម​អនាម័យ ដែល​ស្របទៅតាម​បែបបទ​ស្តង់ដារ​ពិភពលោក ត្រូវបាន​ចាត់ទុកថា ជាការ​ចាំបាច់ ដើម្បី​ការពារ​សុខុមាលភាព​មនុស្ស សត្វ និង រុក្ខជាតិ ព្រោះ​បញ្ហា​សុខភាព​សាធារណៈ ដែល​ទាក់ទិន​ទៅនឹង​សុវត្ថិភាព​ម្ហូបអាហារ ជា​ញឹកញាប់​ធ្វើ​ឲ្យ CODEX ក្លាយជា​ចំណុចកណ្តាល​នៃ​កិច្ចពិភាក្សា​អន្តរជាតិ ជាពិសេស​លទ្ធភាព​នៃ​ការធ្វើ​សុខដុម​នីយកម្ម​ស្តង់ដារ និង បទបញ្ញត្តិ​បច្ចេកទេស សម្រាប់​ប្រទេស​អាស៊ាន ដោយ​ប្រើប្រាស់​ស្តង់ដារ​នៃ CODEX ជា​គោល ត្រូវបាន​លើកយក​មក​ពិភាក្សា​នៅក្នុង​កិច្ចប្រជុំ​របស់​ក្រុមការងារ​អ្នកបច្ចេកទេស​ម្ហូបអាហារ កូ​ដិ​ច អាស៊ាន ដែល​ហៅ​កាត់​ថា ATFC លើក​ទី​១៩ នៅ​ខេត្តសៀមរាប នាពេលនេះ ។

​ឯកឧត្តម ផាន អូន បាន​ឲ្យ​ដឹង​ទៀតថា យ៉ាងណាក៏ដោយ នៅ​កម្ពុ​ជាប​ច្ចប្ប​ន្ន​នេះ បញ្ហា​សុវត្ថិភាព​ចំណីអាហារ វា​គឺជា​បញ្ហា​ប្រឈម​មួយ កំពុង​បាន​ក្លាយជា​ប្រធានបទ​ក៏​ក្តៅគគុក ស្របពេល​ដែល​ការ​បរិ​គោគ​ចំណីអាហារ បន្លែ ផ្លែឈើ ត្រី​សាច់ ដែល​មិនមាន​ការប្រុងប្រយ័ត្ន​នោះ សារធាតុ​គីមី​នឹង​ត្រូវបាន​ចូលលុកលុយ​បំផ្លាញ​សុខភាព​មនុស្ស​យ៉ាងធ្ងន់ធ្ងរ ។

​ឯកឧត្តម ផាន អូន មានប្រសាសន៍​យ៉ាង​ដូច្នេះ ក្នុងឱកាស​បើក​កិច្ចប្រជុំ​ក្រុមការងារ ATFC លើក​ទី​១៩ ត្រូវបាន​ប្រារព្ធ​ឡើង​ចាប់ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៩​នៅ​ក្រុង​សៀមរាប ដោយមាន​ការចូលរួម​ពី​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ចំនួន​០៨ និង តំណាង​ក្រសួង​ពាក់ព័ន្ធ​មួយចំនួនទៀត​របស់​ក​ម្ពុ​ជា ដូចជា ក្រសួងពាណិជ្ជកម្ម , ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ , ក្រសួងសុខាភិបាល និង ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម ខណៈដែល​កម្ពុជា មាន​អគ្គនាយកដ្ឋាន​កាំកុងត្រូល​នៃ​ក្រសួងពាណិជ្ជកម្ម ជា​ចំណុច​ទំនាក់ទំនង​កូ​ដិ​ច​ជាតិ បាន​ធ្វើជា​ម្ចាស់ផ្ទះ​ប្តូរ​វេន ក្នុង​ការដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​កូ​ដិ​ច​អាស៊ាន លើក​ទី​១៩ នេះ ។

​សូមបញ្ជាក់ថា របៀបវារៈ ដែល​ក្រុមការងារ​កូ​ដិ​ច​អាស៊ាន ( ATFC ) បើក​កិច្ចប្រជុំ​លើក​ទី​១៩​នេះ មាន​៧​ចំណុច​សំខាន់ៗ ដែល​ពាក់ព័ន្ធ​ទៅនឹង​របាយការណ៍​វឌ្ឍនភាព​របស់​កិច្ចប្រជុំ​កូ​ដិ​ច​អន្តរជាតិ លើ​ការពិភាក្សា​គោលជំហរ​រួម​របស់​អាស៊ាន ដែលមាន​នៅក្នុង​សេចក្តីព្រៀង​និង​សំណើ​ថ្មី ក្នុង​កិច្ចការ​កូ​ដិ​ច ព្រមទាំង​ពិភាក្សា​នូវ​បញ្ហា​មួយចំនួនទៀត ដែល​នឹង​លើកឡើង​ដោយ​ប្រទេស​ជា​សមាជិក ដូចជា​ការពិភាក្សា​លើ​សេចក្តីព្រៀង​ស្តង់ដារ​ម្ហូបអាហារ​មួយចំនួន​ពាក់ព័ន្ធ​ទៅនឹង​កត្តា​គុណភាព សមាសភាព​ផ្សំ សារធាតុ​ចម្លង សារធាតុ​បន្ថែម​ក្នុង​ម្ហូបអាហារ សំណល់​ថ្នាំ​ព្យាបាល​សត្វ ការដាក់​ស្លាក​សញ្ញា ការពិនិត្យ​លើ​សំណើរ​ថ្មី​ដែល​ស្នើ​ដោយ​សមាជិក​កូ​ដិ​ច​អាស៊ាន ក្នុងការ​រៀបចំ​ធ្វើ​ស្តង់ដារ​ម្ហូបអាហារ​មួយចំនួន បន្ត​ពិនិត្យ​លើ​នីតិវិធី​រៀបចំ​គោលជំហរ​រួម​របស់​អាស៊ាន ក្នុងការ​ឆ្លើយតប​ទៅនឹង​កិច្ចការ​កូ​ដិ​ច​អន្តរជាតិ ។

CODEX គឺជា​ក្រុម​ជំនាញ​ម្ហូបអាហារ​អន្តរជាតិ បង្កើតឡើង​នៅក្នុង​ឆ្នាំ​១៩៦៣ មាន​ឈ្មោះថា គណៈកម្មាធិការ​កូ​ដិ​ច ( Codex Alimentarius ) ដោយមាន​ការចូលរួម​ពី​អង្គការ​ស្បៀង​និង​កសិកម្ម​សហប្រជាជាតិ ( FAO ) និង​អង្គការ សុខភាព​ពិភពលោក ( WHO ) ដែល​មកដល់ពេលនេះ​មាន​សមាជិក​សរុប ១៨៨​ប្រទេស ក្នុងនោះ​ប្រទេស​កម្ពុជា​បាន​ចូល​ជា​សមាជិក​ក្នុង​ឆ្នាំ​១៩៧៤ ។

​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន ក្រុមការងារ ដូ​ដិ​ច បង្កើតឡើង​ក្នុង​ឆ្នាំ​២០០១ ក្នុង​បំណង​ដើរតួ​ជា​វេទិការ​មួយ ពិភាក្សា​អំពី​លទ្ធភាព​ក្នុង​ការធ្វើ​សុ​ខុ​ដុម​នីយកម្ម​ស្តង់ដារ និង បទបញ្ញត្តិ​បច្ចេកទេស សម្រាប់​បណ្តា​ប្រទេស​អាស៊ាន ដោយ​ប្រើប្រាស់​ស្តង់ កូ​ដិ​ច សម្រាប់​ម្ហូបអាហារ ជា​គោល ៕​