ថ្ងៃនេះ ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ចេញ​លិខិត​មួយ​ជូន​ដល់​គ្រឹះស្ថាន​អង្គរ ដើម្បី​អនុវត្ត​វិធានការ​សម្រួល​ផលប៉ះពាល់​លើ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប សម្រាប់​រយៈពេល​៤​ខែ​

នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានចេញ​លិខិតផ្លូវការ​មួយ ជូន​ដល់​គ្រឹះស្ថាន​អង្គរ ឲ្យ​អនុត្ត​ន៍​ការ​បន្ថែមចំនួន​ថ្ងៃ​ជូន​ភ្ញៀវទេសចរ ដែល​ទិញ​សំបុត្រ​ចូល​ទស្សនា​អង្គរ ដោយ​ពន្យា​រយៈពេល​ចូល​ទស្សនា​តំបន់​អង្គរ សម្រាប់​ភ្ញៀវទេសចរ​បរទេស តាម​ប្រភេទ​សំបុត្រ ដូចជា ៖ ១. សំបុត្រ​សម្រាប់​រយៈពេល​១​ថ្ងៃ អាច​ចូល​ទស្សនា​បាន​រយៈពេល​២​ថ្ងៃ , ២. សំបុត្រ​សម្រាប់​រយៈពេល​៣​ថ្ងៃ អាច​ចូល​ទស្សនា​បាន​រយៈពេល​៥​ថ្ងៃ និង ៣. សំបុត្រ​សម្រាប់​រយៈពេល​៧​ថ្ងៃ អាច​ចូល​ទស្សនា​បាន​រយៈពេល​១០​ថ្ងៃ​ដែលមាន​រយៈពេល​៤ ខែ​ចាប់ពី​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២០​តទៅ ។

​លិខិត​បានបញ្ជាក់​ទៀតថា ការពន្យា​រយៈពេល​ចូល​ទស្សនា​តំបន់​អង្គរ​នេះ គឺ​ដើម្បី​ជួយ​លើកស្ទួយ​វិស័យ​ទេសចរណ៍ និង​ទាក់ទាញ​ភ្ញៀវទេសចរ​បរទេស ឲ្យ​បន្ត​ស្នាក់នៅ​ព្រះរាជាណាចក្រ​កម្ពុជា​កាន់​តែ​បាន​ច្រើន​ថ្ងៃ ស្រប​ពេលដែល​វិស័យ​ទេសចរណ៍​នៅក្នុង​តំបន់ និង ប្រទេស​កម្ពុជា បានទទួល​រង​នូវ​ផលប៉ះពាល់​ក្នុងអំឡុងពេល​នៃ​ការ​ផ្ទុះឡើង​នូវ​ជំងឺ​ខូ​វិ​-១៩ ( Covid-19 ) ដោយសារ​ភ្ញៀវទេសចរ​បរទេស​ចម្រុះ​ជាតិ​សាសន៍​បាន​ផ្អាក ឬ​លុបចោល​ការធ្វើដំណើរ​ទេស​ចរណ៍​របស់ខ្លួន ។

​សូមជម្រាបថា ប័ណ្ណ​ចូល​ទស្សនា​តំបន់​អង្គរ​មាន​៣​ប្រភេទ ៖ ប័ណ្ណ​ចូល​ទស្សនា​១​ថ្ងៃ តម្លៃ​៣៧​ដុល្លារ​, ប​ណ្ណ័​ចូល​ទស្សនា​៣​ថ្ងៃ មានតម្លៃ​៦២​ដុល្លារ និង​ប​ណ្ណ័​ចូល​ទស្សនា​៧​ថ្ងៃ មានតម្លៃ​៧២​ដុល្លារ ។

​គួរបញ្ជាក់​ផងដែរ​ថា មានប្រសាសន៍​នៅក្នុង​កិច្ចប្រជុំ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ និង​សន្និសីទ​សារព័ត៌មាន នៅ​វិមាន​សន្តិភាព នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២០​ម្សិលមិញ ដោយ​សមាជិក​សំខាន់ៗ​មួយចំនួន​របស់​រាជ​រដ្ឋាភិបាល និង​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រកាសថា ផ្ទះសំណាក់ និង​សណ្ឋាគារ ដែល​បាន​ចុះបញ្ជី​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​មាន​សកម្មភាព​អាជីវកម្ម​ក្នុង​ខេត្តសៀមរាប រាជរដ្ឋាភិបាល នឹង​លើកលែង​ការបង់ពន្ធ​ប្រចាំខែ​គ្រប់​ប្រភេទ រយៈពេល​៤​ខែ ចាប់ពី​ខែ​កម្ភៈ រហូតដល់​ខែឧសភា ឆ្នាំ​២០២០ ។

​សម្ដេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍​បង្ហាញថា តាម​ការវាយតម្លៃ​បឋម វីរុស​កូ​រ៉ូ​ណា Covid-19 បានធ្វើ​ឲ្យ​វិស័យសេដ្ឋកិច្ច​សំខាន់ៗ ចំនួន​២ រង​ផល​ប៉ះ​ធ្ងន់​ជាងគេ​គឺ វិស័យ​ទេសចរណ៍ និង​វិស័យ​កាត់ដេរ ខណៈដែល​នៅក្នុង​ខែកុម្ភៈ ឆ្នាំ​២០២០​នេះ វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ធ្លាក់ចុះ​ជាង​៦០​ភាគរយ ជាពិសេស​ទេសចរ​ចិន ធ្លាក់ចុះ​ក្នុង​រង្វង់​៩០​ភាគរយ ហើយ​ជាមួយគ្នានេះ អា​ជី​កម្ម​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប មានការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ជាងគេ បើ​ធៀប​នឹង​គោលដៅ​ទេសចរណ៍​សំខាន់ៗ​ក្នុងប្រទេស ៕​