ក្រសួងបរិស្ថាន បើក​វេទិកា​ស្ដីពី​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ នៅ​ខេត្តសៀមរាប ក្រោម​ប្រធានបទ «​ការប្ដេជ្ញាចិត្ត និង​ភាពជា​ម្ចាស់ការ​នៅ​មូលដ្ឋាន ដើម្បី​ធានា​ដល់​និរន្តរភាព​នៃ​ការប្រើប្រាស់​ធនធានធម្មជាតិ​»

នៅ​សាលប្រជុំ​សាលាខេត្ត​សៀមរាប នា​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ ក្រសួងបរិស្ថាន បានរៀបចំ​វេទិកា ស្ដីពី ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ ក្រោម​ប្រធានបទ ការប្ដេជ្ញាចិត្ត និង​ភាពជា​ម្ចាស់ការ​នៅ​មូលដ្ឋាន ដើម្បី​ធានា​ឲ្យ​បាន​ដល់​និរន្តរភាព​នៃ​ការប្រើប្រាស់​ធនធានធម្មជាតិ ក្រោម​អធិបតីភាព ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ដោយបាន​ចូលរួម​ពី​សំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន , លោក ង៉ាន់ ភិ​រុណ អភិបាលរង​ខេត្តសៀមរាប លោក​អភិបាលរង​ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ និង​ខេត្តឧត្ដរមានជ័យ ថ្នាក់ដឹកនាំ​មន្ទីរ​បរិស្ថាន​ខេត្ត ប្រធាន​សហគមន៍ និង​អ្នកពាក់ព័ន្ធ​នានា សរុប​ចំនួន​២២៨​នាក់ ។​

​លោក ង៉ាន់ ភិ​រុណ អភិបាលរង​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា ការរៀបចំ​វេទិកា​នេះ ជា​ផ្នែក​មួយ​ដើម្បី​ឆ្លើយតប​ទៅ នឹង​គោលដៅ​ជា​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​បញ្ជ្រាប និង​លើកកម្ពស់​ការយល់ដឹង​របស់ បងប្អូន​ប្រជាជន​នៅតាម​បណ្តា​សហគមន៍​តំបន់ការពារធម្មជាតិ និង​បណ្តា​សហគមន៍​មូលដ្ឋាន​ផ្សេងៗ​ទៀត ដើម្បី​ចូលរួម​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ ក៏ដូចជា​ការពង្រឹង​តួនាទី​របស់​សហគមន៍​មូលដ្ឋាន ក្នុង​ការចូល​រួមការ​ការពារ អភិរក្ស​ធនធានធម្មជាតិ និង​លើកកម្ពស់​ជីវភាព តាមរយៈ​ការបង្កើន​ផល​របស់​សហគមន៍​មូលដ្ឋាន ដូច្នេះ​តាមរយៈ​វេទិកា​ដ៏​មាន​សារៈសំខាន់​នា​ថ្ងៃនេះ ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា បងប្អូន​ប្រជា​-​សហគមន៍ ដែល​អញ្ជើញ​មកពី​តាម​សហគមន៍​នានា នឹង​យកចិត្តទុកដាក់​ស្តាប់ និង​ចូលរួម​ផ្តល់​ជា​មតិយោបល់ ដែលជា​ធាតុ​ចូល​យ៉ាងសំខាន់​ដល់​ក្រុមការងារ​រៀបចំ​វេទិកា ក៏ដូចជា​ផ្តល់​មតិ​នានា​ដល់​ស្ថាប័ន​ពាក់ព័ន្ធ និង​រដ្ឋបាល​ខេត្តសៀមរាប​យើងខ្ញុំ ដើម្បី​ដាក់ចេញ​នូវ​ផែនការ យុទ្ធសាស្ត្រ និង​អនុវត្ត​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​ឱ្យ​កាន់​តែមាន​លក្ខណៈ​ល្អប្រសើរ​ឡើង ។​

​លោក ង៉ាន់ ភិ​រុណ មានប្រសាសន៍​បន្ថែមថា តំបន់​ការពារ​ធនធានធម្មជាតិ​នៅ​ខេត្តសៀមរាប មាន​ចំនួន​សរុប​០៨​កន្លែង រួមមាន​៖ ១- ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​-​នរោត្តម ភ្នំ​គូលែន , ២- តំបន់ការពារទេសភាព​អង្គរ , ៣- តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​បឹង​ទន្លេសាប , ៤- ដែនជម្រកសត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព , ៥-​ដែនជម្រកសត្វព្រៃ​បឹង​ពែរ , ៦- ដែនជម្រកសត្វព្រៃ​ភ្នំ​ត្នោត​-​ភ្នំ​ពក , ៧- តំបន់ការពារទេសភាព​ទំនាប​ខាងជើង​បឹង​ទន្លេសាប និង ៨- តំបន់​ស្នូល​បឹង​ទន្លេ​ឆ្មារ (​តំបន់​រ៉ា​ម​សារ​) ។​

​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​មានប្រសាសន៍ថា គោលបំណង​នៃ​វេទិកា​នេះ​គឺ​៖ ១-​ដើម្បី​ពិភាក្សា​បញ្ហា​ប្រឈម និង​តម្រូវ​វ​ការ​នានា ដែល​ធ្វើអោយ​រាំងស្ទះ និង​ប៉ះពាល់​ដល់​ការប្តេជ្ញាចិត្ត និង​ភាពជា​ម្ចាស់ការ​ក្នុង​មូលដ្ឋាន​ដែល​រួមចំណែក​ដល់​ការគ្រប់គ្រង និង​ប្រើប្រាស់​ធនធានធម្មជាតិ​ដោយ​និរន្តរភាព និង ២- ដើម្បី​បង្កើន​ភាពជា​ម្ចាស់​របស់​សហគមន៍​ទាំង​មូលដ្ឋាន និង​អ្នកពាក់ព័ន្ធ​នានា​នៅ​ថ្នាក់ក្រោម​ជាតិ ក្នុង​ការងារ​អភិបាលកិច្ច​ធនធានធម្មជាតិ និង​ការទទួលខុសត្រូវ និង​ដើម្បី​ពង្រឹង​កិច្ចសហការ​រវាង​អ្នកពាក់ព័ន្ធ​ទាំងអស់​ក្នុងការ​ការពារ​ធនធាន​ធម្មជាតិ​នៅក្នុង​ប្រទេស​កម្ពុជា សម្រាប់​អ្នកជំនាន់ក្រោយ វា​ជាការ​ពិតណាស់​ដែល​យើងទាំងអស់គ្នា​គួរតែ​ចូលរួម​អភិរក្ស នឹង​ថែរក្សា​ឲ្យ​បាន​គង់វង្ស ។​

 

​ឯកឧត្តម សាយ សំ​អាល់ បាន​មានប្រសាសន៍​បន្ថែមថា ដើម្បី​ការពារ និង អភិរក្ស​ធនធានធម្មជាតិ​របស់​យើង​ប្រកបដោយ​ការប្ដេជ្ញារ​ចិត្ត និង​ភាពជា​ម្ចាស់ការ​នៅ​មូលដ្ឋាន និង ដើម្បី​ធានា​ដល់​និរន្តរភាព​នៃ​ការប្រើប្រាស់​ធនធានធម្មជាតិ​បាន​នោះ លុះត្រា​ណា​តែ​បងប្អូន​ប្រជាជន ប្រជាពលរដ្ឋ នៅក្នុង​សហគមន៍​ទទួលបាន​អត្ថប្រយោជន៍​ពី​សហគមន៍ និង​ធ្វើ​ឲ្យ​ជីវភាព​សហគមន៍​មានការ​ប្រសើរឡើង រួមទាំង​មាន​អាហារ​រូប​ត្ថ​ម្ភ សន្តិសុខ​ស្បៀង សុខមាលភាព​របស់​ប្រជាជន មានការ​ងារ​ធ្វើ មាន​សាលារៀន មាន​សហគមន៍ ត្រូវ​លុបបំបាត់​ជម្ងឺគ្រុនចាញ់ ជម្ងឺអេដស៍ និង ជម្ងឺឆ្លង​នានា ដើម្បី​កែប្រែ​សហគមន៍​ទៅជា​តំបន់​អេកូ​ទេសចរណ៍ អភិវឌ្ឍន៍ និង​គោលនយោបាយ អេកូ​ទេសចរណ៍ រួមបញ្ចូល​សហគមន៍​ជា​បេតិកភណ្ឌ​ជាតិ​ផងដែរ​ទើប​អាច​រីកចំរើន​ទៅបាន​។​

 

​ក្នុងឱកាស​នោះដែរ ឯកឧត្តម សាយ សំ​អាល់ បាន​ជំរុញ​លើកទឹកចិត្ត​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​និង​ដៃគូ ចូលរួមរ​អភិវឌ្ឍន៍​នៅតាម​តំបន់​សហគមន៍​នានា ដើម្បី​លើកកម្ពស់​ជីវភាព​ប្រជា​សហគមន៍ តាមរយៈ​នៃ​ការធ្វើ​ផ្លូវថ្នល់ ទឹកស្អាត ផ្តល់នូវ​ចំណេះដឹង​លើ​ការ​ចិញ្ចឹមសត្វ​គ្រប់​ប្រភេទ ដើម្បី​ប្រជា​សហគមន៍​អាច​ដោះស្រាយ​ជីវភាព​រស់នៅ​បាន​ធូរធារ​។ ក្រៅពីនេះ​ក្រសួងបរិស្ថាន នឹងចូលរួម​សហការ​ជាមួយ​ក្រសួងសុខាភិបាល ក្នុង​គោលបំណង​លុបបំបាត់​នូវ​ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺអេដស៍​ក៏ដូចជា​ជួយ​លើ​វាក់​សាំង​បង្ការ​រោគ​ជំងឺ​មួយចំនួន​តាម​សហគមន៍​ផងដែរ​៕​