ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បើក​ការបណ្តុះបណ្តាល​ស្តីពី​នីតិវិធី​រៀបចំ និង​អនុវត្ត​ថវិកា សម្រាប់​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ​

កាលពីពេល​ថ្មីៗ​នេះ ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បាន​បើក​សិក្ខាសាលា​បណ្តុះបណ្តាល​មួយ​ស្តីពី “​នីតិវិធី​រៀបចំ និង អនុវត្ត​ថវិកា​សម្រាប់​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ​” ជូន​ជូន​មន្ត្រី រាជការ ចំនួន​១៨៧ នាក់ របស់​រដ្ឋបាល​ក្រុង ស្រុក នៃ​ខេត្ត​ចំនួន ៥ រួមមាន ខេត្តសៀមរាប បន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ ព្រះវិហារ កំពង់ធំ ក្នុង​គោលបំណង​ពង្រឹងពង្រីក​សមត្ថភាព និង លើកកម្ពស់​ការយល់ដឹង សម្រាប់​ចូលរួម​អនុវត្ត​ការកែទម្រង់​ការគ្រប់គ្រង ហិរញ្ញវត្ថុ​សាធារណៈ ដំណាក់កាល​ទី ៣ ដែល​បាន​ប្រារព្ធ​ឡើង​នៅ​សណ្ឋាគារ​អេ​ម​ព្រីស​អង្គរ ខេត្តសៀមរាប ។​

​មានប្រសាសន៍​នៅក្នុង​ឱកាស​នោះ លោក លី សំ​រិ​ទ្ឋ អភិបាលរង​ខេត្តសៀមរាប បាន​សម្ដែង​នូវ​ការគាំទ្រ​ចំពោះ​សិក្ខាសាលា​បណ្តុះបណ្តាល​នាពេលនេះ ព្រោះ​ជា​កិច្ចការ​ដ៏​សំខាន់​មួយ សម្រាប់​ពង្រឹងពង្រីក​ស​ម​ត្ថ​ភាព និង​លើកកម្ពស់​ការយល់ដឹង ជូន​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ជំនាញ ជាពិសេស មន្ត្រី​ទទួលបន្ទុក​ហិរញ្ញវត្ថុ​, រជ្ជទេយ្យ​ករ​បុរេប្រទាន​, រជ្ជទេយ្យ​ករ​បុរេប្រទាន​រង​, រជ្ជទេយ្យ​ករ​ចំណូល​, រជ្ជទេយ្យ​ករ​ចំណូល​រង និង​មន្ត្រី​ទទួលបន្ទុក​ការងារ​លទ្ធកម្ម​សាធារណៈ របស់​រដ្ឋបាល​ក្រុង ស្រុក នៃ​ខេត្ត​ទាំង ៥​របស់​យើង ដើម្បី​ឱ្យមាន​សមត្ថភាព​គ្រប់គ្រាន់ និង ស័ក្តិសម​ទៅ​នី​ង​ការទទួលខុសត្រូវ​ដែល​កាន់តែ​ខ្ពស់ជាង​មុន របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ចំពោះ​ការគ្រប់គ្រង​ធនធាន​សាធារណៈ នៅតាម​រដ្ឋបាល​ក្រុង​ស្រក ពិសេស​លើ​នីតិវិធី​រៀបចំ និង អនុវត្ត​ថវិកា​សម្រាប់​រដ្ឋបាល​ក្រុង ស្រុក សំដៅ​ចូលរួមចំណែក​អនុវត្ត​ការកែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល ក៏ដូចជា​ចូលរួម​អនុវត្ត​យុទ្ធសាស្ត្រ​នៃ​ការកែទម្រង់​ប្រព័ន្ធ​ថវិកា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ឆ្នាំ ២០១៥-២០២៥ ដែល​រាជរដ្ឋាភិបាល​បានប្រកាស​ដាក់​ឲ្យ​អនុវត្ត​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ ។​

​បើតាម​ប្រសាសន៍​របស់​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ ហ៊ាន សា​ហ៊ី​ប រដ្ឋលេខាធិការ និង ជា​ប្រធាន​ក្រុមការងារ​កសាង​សមត្ថភាព​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បញ្ជាក់ថា ការបណ្តុះបណ្តាល​នេះ ជា​សកម្មភាព សំខាន់​មួយ​គាំទ្រ​ដល់​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ និង កម្មវិធី​កែទម្រង់​វិម​ជ្ឍ​ការ និង វិ​សហ​ម​ជ្ឍ​ការ ព្រមទាំង​កម្មវិធី​កែទម្រង់រដ្ឋបាល​សាធារណៈ​របស់​រាជរដ្ឋាភិបាល ដែល​នឹង​រួមចំណែក​ដល់​ការអភិវឌ្ឍ​ធនធានមនុស្ស​នៅ​រដ្ឋបាល ថ្នាក់ក្រោម​ជាតិ​, លើកកម្ពស់​ភាពជា​ម្ចាស់ និង មនសិការ​វិជ្ជាជីវៈ​ខ្ពស់ ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្តែង​រប​ស់​រដ្ឋបាល​ថ្នាក់ ក្រោម​ជាតិ ពិសេស​កិច្ចដំណើរការ​ផ្ទេរ​មុខងារ និង​ធនធាន​ទៅឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ។​

​ឯកឧត្តម ហ៊ាន សា​ហ៊ី​ប បានបញ្ជាក់​បន្ថែមថា សិក្ខាសាលា​នេះ ពិត​ជាមាន​សារៈសំខាន់ ដោយ​គ្រប់​ប្រធានបទ​ទាំងអស់ គឺ​សុទ្ធតែ​បានរៀបចំ​ជា​មេរៀន ដែល​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ នៃ​រាជធានី ខេត្ត ត្រូវអនុវត្ត​ឱ្យបាន​គត់មត់ ដោយ​អនុលោម​ទៅតាម​ស្មារតី​យុទ្ធសាស្ត្រ នៃ​ការកែទម្រង់​ប្រព័ន្ធ​ថវិកា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ឆ្នាំ ២០១៩-២០២៥ ហើយ​សមស្រប​ទៅនឹង​ដំណើរ​ការផ្ទេរ​សិទ្ធិអំណាច និង ការទទួលខុសត្រូវ​លើ​ការងារ​ហិរញ្ញវត្ថុ កាន់តែ​ច្រើនឡើងៗ ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដែល​ទាមទារ​ចាំបាច់​ឱ្យ​មន្ត្រីរដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ត្រូវមាន​សមត្ថភាព , មាន​ជំនាញ​វិជ្ជាជីវៈ​សមស្រប​ក្នុង​ទម្រង់​ដូចគ្នា​នឹង​រដ្ឋបាល ថ្នាក់ជាតិ ៕​