ក្រសួងផែនការ រៀបចំ​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការបញ្ជ្រាប​យេនឌ័រ ដល់​មន្ត្រីក្រោមឱវាទ​ម​ក​ពី​០៩​ខេត្ត ដើម្បី​លើកកម្ពស់​សមត្ថភាពរ​បស់​ខ្លួន​បន្ថែម​សម្រាប់​ភាពជា​អ្នកដឹកនាំ​

នា​ព្រឹក​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៩ ក្រសួងផែនការ បានរៀបចំ​បើក​វគ្គ​បណ្តុះបណ្តាល​មួយ ស្តីពី​ការបញ្ជ្រាប​យេនឌ័រ ក្នុង​ផែនការ​និង​សិ្ថ​តិ និង ផ្សព្វផ្សាយ​អនុសញ្ញា (​ស៊ី​.​ដ​) នៅ​មន្ទីរ​ផែនការ ខេត្តសៀមរាប ដោយមាន​ការចូលរួម​ពី​សំណាក់​លោក លោកស្រី ជា​ប្រធាន​មន្ទីរ អនុប្រធាន​មន្ទីរ មន្ត្រីរាជការ​នៃ​មន្ទីរ​ផែនការ មកពី​បណ្តា​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប ទាំង​៩​ខេត្ត សរុប​ចំនួន​៦០​នាក់ ក្រោម​អធិបតីភាព​ឯកឧត្តម លេង ផា​លី រដ្ឋលេខាធិការ​ក្រសួងផែនការ និង លោកជំទាវ ហង់ លី​ណា ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​អគ្គនាយក​វិទ្យាស្ថាន​ជាតិ​ស្ថិតិ ។​

​លោកជំទាវ ហង់ លី​ណា បាន​បញ្ជាក់ថា ឆ្លងតាម​ការអនុវត្ត​អនុសញ្ញា​(​ស៊ី​.​ដ​)​ច្បាប់​ជាតិ អនុសាសន៍ បទបញ្ជា និង វិធានការ​ទាក់ទង​ការលើកកម្ពស់​ស្ថានភាព តួនាទី សុខមាលភាព​សង្គម​ស្ត្រី​កម្ពុជា រាជរដ្ឋាភិបាល​កម្ពុជា​បាន​យកចិត្តទុកដាក់​ខ្ពស់ លើ​ការកសាង​សមត្ថភាព​ចំពោះ​មន្ត្រីរាជការ​ជា​ស្ត្រី នៅ​ថ្នាក់​រដ្ឋបាលក្រោម​ជាតិ ដោយបាន​ជំរុញ​ឲ្យ​ស្ត្រី ក្លាយជា​អ្នកដឹកនាំ នៅ​ថ្នាក់​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ខណៈ​បច្ចុប្បន្ននេះ ស្ត្រី​យើង​ក្លាយជា​ថ្នាក់ដឹកនាំ ចាប់​ថ្នាក់​រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាលខេត្ត អភិបាលស្រុក ថ្នាក់ដឹកនាំ​មន្ទីរ ថ្នាក់​ការិយាល័យ រួមទាំង​មេឃុំ​សង្កាត់ និង​ភូមិ​ទៀតផង ហើយ​ក្នុង​អនុសាសន៍​ទាំង​១១​ចំណុច​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដើម្បី​ឲ្យ​ស្ត្រី​ក្លាយជា​អ្នកដឹកនាំ ត្រូវ​ពិនិត្យ​ទៅលើ​សមត្ថភាព និង ត្រូវមាន​ការកសាង​សមត្ថភាព​ស្ត្រី​មានលទ្ធភាព​ក្លាយជា​អ្នកដឹកនាំ ។​

​ឯកឧត្តម លេង ផា​លី រដ្ឋលេខាធិការ​ក្រសួងផែនការ មានប្រសាសន៍ថា យេនឌ័រ ជា​បញ្ហា​ដ៏​ចម្បង​មួយ ដែល​រាជរដ្ឋាភិបាល និង ប្រជាជាតិ​នៅលើ​សក​លោក បាន​កំពុង​ផ្តោត​ការ យកចិត្តទុកដាក់​ខ្ពស់ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចាត់​ថា ការចូលរួម​ស្មើភាព​គ្នា​របស់​ស្ត្រី​និង​បុរស ក្នុង​ដំណើរ​អភិវឌ្ឍន៍ គឺ​ត្រូវការ​ចាំបាច់ និង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កាន់តែ​មានការ​រីកចម្រើន និង សមភាព​ក្នុងសង្គម ហើយ​បញ្ហា​យេនឌ័រ​នេះ ក៏ត្រូវ​បានកំណត់​ជា​បញ្ហា​អាទិភាព​មួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ផែនការ​យុទ្ធសាស្ត្រ​ចតុកោណ និង ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ដែល​ត្រូវអនុវត្ត​ដោយ​ក្រសួង ស្ថាប័ន​នានា​របស់​រាជរដ្ឋាភិបាល ។​

​ឯកឧត្តម លេង ផា​លី មានប្រសាសន៍​បន្ថែមថា តាម​អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា មន្ត្រីរាជការ​ជា​ស្ត្រី ក្នុង​ក្រសួងផែនការ រាជធានី ខេត្ត ក៏ត្រូវ​បាន​តម្លើង​ឋានៈ ប្រគល់​នូវ​តួនាទី​ជា​បន្តបន្ទាប់​ផងដែរ ដូច្នេះ​ដើម្បី​សម្រេច​នូវ​គោលដៅ​ទាំងនេះ គឺ​ត្រូវមាន​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា ក្នុងការ​ពង្រឹងសមត្ថភាព​ដល់​មន្ត្រីរាជការ​ជា​ស្ត្រី និង ផ្តល់ឱកាស​ក្នុងការ​ទទួលបាន​បទ​ពិសោធន៍​នានា​ក្នុង​ការងារ​ជាមួយគ្នា និង ធ្វើការ​ផ្សព្វផ្សាយ​ពី​ការបញ្ជ្រាប យេនឌ័រ​ដល់​មន្ត្រីរាជកា​រ ដូច្នេះ តាមរយៈ​នៃ​វគ្គ​បណ្តុះបណ្តាល​នេះ យើង​ជឿជាក់ថា នឹងធ្វើ​ឲ្យ​មន្ត្រី​ថ្នាក់ដឹកនាំ​ទាំងអស់ ទទួលបាន​ចំណេះដឹង​ថ្មីៗ​ស៊ីជម្រៅ សំខាន់​បងប្អូន​ស្ត្រី ព្រមទាំង​នឹង​យក​ចំណេះដឹង​ទាំងនេះ​ទៅធ្វើ​ការផ្សព្វផ្សាយ​បន្ត​ដល់​មន្ត្រី​តាម​អង្គភាព​ខ្លួន ក្នុងការ​លើកកម្ពស់​ស​ម​ត្ថ​ភាព​របស់ខ្លួន​ប​ន្ថែ​ម​ទៀត ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​ប្រទេសជាតិ ៕​