ក្រសួង​អភិវឌ្ឍន៍ជនបទ ចេញ​វិធានការ​០៤​ចំណុច កាត់បន្ថយ​ការខ្វះ​ទឹក​ប្រើប្រាស់ នៅ​រដូវប្រាំង​ឆ្នាំ​២០១៩​នេះ​

ក្រសួង​អភិវឌ្ឍន៍ជនបទ បានចេញ​សេចក្តីណែនាំ ស្ដីពី​វិធានការ​កាត់បន្ថយ​ការខ្វះខាត​ទឹក​ប្រើប្រាស់ ដោយសារ​គ្រោះរាំងស្ងួត ដោយ​ជំរុញ​ឱ្យ​ប្រធាន​នាយកដ្ឋាន​ជំនាញ និង ប្រធាន​មន្ទីរ​រាជធានី​-​ខេត្ត ក្រោម​ឱវាទ​ក្រសួង​អភិវឌ្ឍន៍ជនបទ​ដូចខាងក្រោម​៖

១. ត្រូវ​ចុះ​ពិនិត្យមើល អណ្តូង ស្រះ​ទឹក និង​រក​វិធី​ដោះស្រាយ​ជាបន្ទាន់​នៅពេល អណ្តូង (​ខូច​) និង​ស្រះ​ទឹក (​រីងស្ងួត​)​។​
២. ត្រូវធ្វើ​ការណែនាំ និង​អប់រំ​ផ្សព្វផ្សាយ ដល់​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​តំបន់​ដែល​ងាយ រងគ្រោះ ដោយសារ​ខ្វះខាត​ទឹក​ឲ្យ​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​ថែរក្សា​ប្រភពទឹក សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ និង​ប្រើប្រាស់​ទឹក​ដោយ​លក្ខណៈ​សន្សំសំចៃ​។​
៣. ត្រូវ​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដៃគូ​អភិវឌ្ឍន៍​នានា អង្គការ​ជាតិ និង​អន្តរជាតិ ដើម្បី​ឆ្លើយតប​ភ្លាមៗ​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ខ្វះខាត​ទឹក​ប្រើប្រាស់​។​
៤. ត្រូវធ្វើ​របាយការណ៍ និង​រាយការណ៍​ជាប្រចាំ​មក​ក្រសួង ដើម្បី​មាន​វិធានការ​បន្ទាន់​។

​គួរ​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៩ រាជរដ្ឋាភិបាល ក៏​ធ្លាប់​បានចេញ​វិធានការ ស្តីពី ការចាត់វិធានការ​ថែរក្សា​ទឹក​ទុក​ម្ដង​រួចមកហើយ ព្រោះ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ទទួលរង​ដោយ​ប្រយោល​ពី​ឥទ្ធិពល​បាតុភូត​អែល​នី​ណូ (El Nino)​។ បាតុភូត​នេះ​នឹង​បង្ក​ឲ្យ​ធាតុអាកាស នា​រដូវប្រាំង​ឆ្នាំ​២០១៩​នេះ (​ពិសេស​ក្នុង​ខែមេសា និង​ខែឧសភា​) មាន​សភាព​ក្តៅ ហួតហែង សីតុណ្ហភាព​អតិបរមា​នៅពេល​ខ្លះ​អាច​ហក់​ឡើងដល់ ៤០-៥០​អង្សា​សេ​។ ការកើនឡើង​កំដៅ​នេះ​ធ្វើ​ឲ្យ​មានការ​ខ្វះខាត​ទឹក​សម្រាប់​ប្រើប្រាស់​ជាប្រចាំ​ថ្ងៃ​របស់​មនុស្ស និង​សត្វ​៕

​អត្ថបទ​៖ លោក ហេង វ​ន្នី​