ក្រសួង​អភិវឌ្ឍន៍ជនបទ ស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ព​ន្លឿ​ន​ការកំណត់​អត្តសញ្ញាណ​សហគមន៍​ជនជាតិដើម​ភាគតិច​

ក្នុង​សិក្ខាសាលា​ស្វែងរក​តម្រូវការ​អាទិភាព សម្រាប់​អភិរក្ស និង​អភិវឌ្ឍន៍​ជនជាតិដើម​ភាគតិច ដែល​ធ្វើឡើង​នៅ​សៀមរាប កាលពី​ថ្ងៃទី​២០​ខែវិច្ឆិកា​ឆ្នាំ​២០១៩​នេះ ឯកឧត្ដម វ៉ាន់ ស៊ី​វឿន អនុរដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ បានស្នើ​ឲ្យ​គ្រប់ភាគី​ពាក់ព័ន្ធ រិះរក​មធ្យោបាយ​ធ្វើ​យ៉ាង​ដើម្បី​ជួយ​ព​ន្លឿ​ន​ការកំណត់​អត្តសញ្ញាណ​សហគមន៍​ជនជាតិដើម​ភាគតិច ការចុះបញ្ជី​ជា​នីតិបុគ្គល និង​ការចុះបញ្ជី​ដី​សហគមន៍​ជនជាតិដើម​ភាគតិច បញ្ជ្រាប​ទស្សន​:​យេនឌ័រ បង្កើត​ឲ្យ​មាន​មជ្ឈមណ្ឌល​វប្បធម៌ និង​ភូមិ​គំរូ ដើម្បី​គាំទ្រ​ដល់​ដំណើរការ​បណ្ដុះបណ្ដាល​ដ​ល់​យុវជន និង​យុវនារី​នៃ​ជនជាតិដើម​ភាគតិច​នៅ​កម្ពុជា ។​

​ឯកឧត្ដម វ៉ាន់ ស៊ី​វឿន មានប្រសាសន៍​បន្ថែមថា បច្ចុប្បន្ននេះ មាន​ជនជាតិដើម​ភាគតិច​ចំនួន ២៤​ជនជាតិ ហើយ​មាន​ចំនួន​ប្រមាណ ១,៤​ភាគរយ នៃ​ចំនួន​ប្រជាជន​សរុប ដែល​បាន​នឹង​កំពុង​រស់នៅក្នុង​ខេត្ត​ចំនួន​១៥ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ការប្រកប​របរ​ចិញ្ចឹមជីវិត​របស់​ពួកគាត់ គឺ​ពឹងផ្អែក​ស្ទើរតែ​ទាំងស្រុង​លើ​ការ​ធ្វើស្រែ ឬ​ចម្ការ​តាម​ប្រពៃណី (​ជា​ចម្ការ​វិលជុំ​) ការប្រមូល​ផល​អនុផល​ព្រៃឈើ ដូចជា​ទឹកឃ្មុំ ជ័រទឹក ជ័រ​អុង បន្លែ​ព្រៃ និង​ការនេសាទ ដែល​ទាំងនេះ ដែល​បាន​ផ្សាភ្ជាប់​ចំណេះដឹង​នៃ​ការអនុវត្ត និង​គ្រប់គ្រង​ខាងលើ​ប្រកបដោយ​និរន្តរភាព​គួរ​ឲ្យ​កោតសរសើរ ហើយ​លើសពីនេះ ជនជាតិដើម​ភាគតិច មាន​ទំនាក់ទំនង​ជាពិសេស​លើ​ការប្រើប្រាស់​ដី​តាំងពី​ដូនតា ព្រៃ​ជំនឿ ព្រៃ​តម និង​មាន​ប្រពៃណី​វប្បធម៌ ការប្រើប្រាស់​ដីធ្លី​កម្មសិទ្ធិ​សមូហភាព ដែល​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ក្រសួង​អភិវឌ្ឍន៍ជនបទ សម្រេចបាន​នូវ​ការងារ របស់ខ្លួន​គួរ​ជាទី​មោទន​: ដែល​សកម្មភាព​ទាំងអស់​សុទ្ធតែ​បាន​ឆ្លុះបញ្ចាំង​ទៅនឹង​អនុសញ្ញា​អន្តរជាតិ​ផងដែរ​។​

​លោកស្រី ចូ​នី ស៊ីម​សុន តំណាង​អង្គការ ILO បាន​មានប្រសាសន៍ថា ទោះបីជា​ជនជាតិដើម​ភាគតិច​បាន​ប្រឈម​មុខជា​យូរ​មកហើយ​ទៅនឹង​ឧបសគ្គ​នៃ​ការដាក់បញ្ចូល​ពួកគេ​ទៅក្នុង​សេដ្ឋកិច្ច និង​សង្គម​ឲ្យ​បាន​ពេញលេញ​ក៏ដោយ ក៏​ពួកគេ​មាន​ដំណោះស្រាយ និង​ជា​អ្នក​រួមចំណែក​នៅក្នុង​សេដ្ឋកិច្ច និង​សង្គម​នៃ​ប្រទេស​របស់ខ្លួន​ដែរ ហើយ​ស្ដ្រី​និង​បុរស​វ័យក្មេង ដែលមាន​ជំនាញ​និង​សមត្ថភាព​ក្នុងការ​ចាប់យក​ឱកាស និង​ការងារ​នាពេលខាងមុខ ត្រូវការ​យល់ដឹង​ច្បាស់លាស់​អំពី​អាទិភាព​អភិវឌ្ឍន៍​របស់​ជនជាតិ​ដើម​ភាគតិច​តាមរយៈ​ភាពជា​អ្នកដឹកនាំ​ដ៏​ខ្លាំងក្លា និង​ប្រកបដោយ​បរិ​យា​ប័ន្ន​នៅ​ថ្នាក់​សហគមន៍ រួមមាន​ស្ដ្រី​និង​តំណាង​ដ៏​រឹងមាំ​នៃ​ជនជាតិដើម​ភាគតិច​នៅ​ថ្នាក់ជាតិ​។​

​បើតាម​ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​លើកឡើងថា ស្ថាប័ន​នេះ បានចេញ​លិខិត​ទទួលស្គាល់​អត្តសញ្ញាណ​ស​ហគ​មន៍​ជនជាតិដើម​ភាគតិច​ចំនួន​១៥០ លើ ៤៥៥ ដោយឡែក​ក្រសួងមហាផ្ទៃ​បានចេញ​លិខិត​ទទួលស្គាល់​សហគមន៍​ជនជាតិដើម​ភាគតិច​ជា​នីតិបុគ្គល​បាន​ចំនួន​១៤១ សហគមន៍ ដែល​ក្នុងនោះ​សហគមន៍​ចំនួន ២៧ បានទទួល​ប្លង់​កម្មសិទ្ធិ​ដី​សមូហភាព​រួចរាល់ ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​៕​