ក្រសួង​សង្គមកិច្ច បើក​វគ្គ​បណ្តុះបណ្តាល​ដ​ល់​ភ្នាក់ងារ​សង្គមកិច្ច ស្តីពី ការងារ​សង្គមកិច្ច ទាក់ទង​នឹង​អនីតិជន​ទំនាស់​នឹង​ច្បាប់​

ដោយមាន​ការសហការ​គាំទ្រ​ពី​អង្គការ UNICEF នៅ​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នា​២០១៩​នេះ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​មួយ​នៅ​ខេត្តសៀមរាប មាន​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃទី​០៥ ដល់​ថ្ងៃទី​០៦​ខែកញ្ញា ជូន​ដល់​ភ្នាក់ងារ​សង្គមកិច្ច ស្តីពី ការងារ​សង្គមកិច្ច​ទាក់ទង​នឹង​អនីតិជន​ទំនាស់​នឹង​ច្បាប់ ដោយ​ផ្តោត​សំខាន់​ទៅលើ​ការងារ​សង្គមកិច្ច និង​ការគ្រប់គ្រង​ករណី ការពិភាក្សា​លើ​ការបង្កើត​ទម្រង់​របាយការណ៍​ស្តីពី​ការប៉ាន់ប្រមាណ​សុខុមាលភាព និង​ស្ថានភាព​សង្គមកិច្ច​របស់​អនីតិជន និង​ការតាក់តែង​មេរៀន​សម្រាប់​បង្រៀន​បន្ត​ដល់​ថ្នាក់ស្រុក ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​អនីតិជន​ទំនាស់​នឹង​ច្បាប់ ស្របតាម​បទដ្ឋាន​ជាតិ អន្តរជាតិ សំដៅ​ទប់ស្កាត់ ការប្រព្រឹត្ត​បទល្មើស របស់​អនីតិជន និង ដើម្បី​ឧ​ត្ត​ម​ប្រយោជន៍​របស់​អនីតិជន ដែល​ត្រូវបាន​ដកហូត​សេរីភាព ។​

​វគ្គ​បណ្ដុះបណ្ដាល​នេះ បាន​ប្រ​ព្រឹ​ត្ថ​ទៅ ក្រោម​អធិបតីភាព​ឯកឧត្ដម ជា ចំណាន អនុរដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង តំណាង​ឯកឧត្ដម វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ដោយមាន​ការចូលរួម​សំណាក់​លោក លោកស្រី ជា​មន្ត្រី​មកពី​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន​និង​យុវនីតិសម្បទា រាជធានី​-​ខេត្ត​ចំនួន​១២ រួមមាន​៖ រាជធានី​ភ្នំពេញ , ខេត្តសៀមរាប , ស្ទឹងត្រែង , កំពង់ធំ , ព្រះវិហារ , ឧ​ត្ត​រ​មានជ័យ , បន្ទាយមានជ័យ , បាត់ដំបង , ប៉ៃលិន , ពោធិសាត់ , កំពង់​ឆ្នាំ និង​ខេត្តកំពង់ស្ពឺ ។​

​លោក អោ ម៉ៅ ប្រធាន​មន្ទីរ​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា វគ្គ​បណ្តុះបណ្តាល​នាពេលនេះ គឺជា​លើក​ទី​២​ហើយ ដែល​ក្រសួង​បានរៀបចំ​ឡើង ដើម្បី​ពង្រឹងសមត្ថភាព​ភ្នាក់ងារ​សង្គមកិច្ច​ដែល​បានតែងតាំង​ចងក្រង​គោលបំណង​ត្រីមាស ក្នុងការ​អនុវត្ត​ច្បាប់​ស្តីពី​យុត្តិធម៌​អនីតិជន ខណៈដែល​ច្បាប់​ស្ដីពី​យុត្តិធម៌​អនីតិជន ជា​ប្រព័ន្ធយុត្តិធម៌​ទំនើប​មួយ ដែល​ផ្ដោត​សំខាន់​ទៅលើ​ការ​បង្វែរ ដែល​តម្រូវឱ្យ​មានការ​ពិ​ចា​ណា​នៅ​គ្រប់​ដំណាក់កាល​នៃ​នីតិវិធី ជាពិសេស​ដំណាក់កាល​មន្ត្រីនគរបាល​យុត្តិធម៌ ហើយ​ការឃុំខ្លួន​ជា​ជម្រើស​ចុងក្រោយ និង​មាន​រយៈពេល​ខ្លី​បំផុត ។​

​ឯកឧត្ដម ជា ចំណាន បាន​បញ្ជាក់ថា ក្រសួង​សង្គមកិច្ច បាន​ព្យាយាម​បញ្ចៀស​អនីតិជន​ទំនាស់​នឹង​ច្បាប់ ចេញពី​នីតិវិធី​ផ្លូវការ​របស់​តុលាការ ដើម្បី​កុំឱ្យ​ជាប់​ក្នុង​បញ្ជី​ថ្កោល​ទោល​ផងដែរ ហើយ​ជាមួយគ្នានេះ ភ្នាក់ងារ​សង្គមកិច្ច ត្រូវមាន​វត្ត​មាននៅ​គ្រប់​ដំណាក់កាល ចាប់តាំងពី​ដំណាក់កាល​នគរបាល​យុត្តិធម៌​ឡើងទៅ ហើយ​វត្តមាន​របស់​ភ្នាក់ងារ​សង្គមកិច្ច​នេះ គឺ​ដើម្បី​ផ្តល់​ការគាំទ្រ​ផ្លូវចិត្ត សេវា​សង្គម​ចាំបាច់​នានា និង​ធ្វើ​របាយការណ៍​ប៉ាន់ប្រមាណ​ស្តីពី​សុខុមាលភាព និង​ស្ថានភាព​សង្គម​របស់​អនីតិជន ដូច្នេះ​ក្នុងឱកាស​នេះ សុំឱ្យ​សិក្ខាកាម​ទាំងអស់ យកចិត្តទុកដាក់​ស្តាប់ កត់ត្រា និង លើក​ជា​សំណួរ ដើម្បី​ទទួលបាន​ចំណេះដឹង និង​បទពិសោធន៍​ល្អៗ​បន្ថែមទៀត ទាក់ទង​នឹង​ការងារ​សង្គមកិច្ច ដែល​គ្រូឧទ្ទេស នឹងធ្វើ​បទ​បង្ហាញជូន​នៅពេលនេះ ៕​