ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្តីជូនដំណឹង​បន្ថែម​មួយ​ ​ស្តីពី ស្ថានភាព​អាកាសធាតុ

នៅ​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០១៩​នេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្តីជូនដំណឹង​បន្ថែម​មួយ​
​ស្តីពី ស្ថានភាព​អាកាសធាតុ (Update) ដោយ​បង្ហាញ​ឲ្យ​ឃើញថា ៖ កម្ពុជា បាន​នឹង​កំពុង​ទទួលរង​នូវ​ជំ​លង​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) ដែល​អូសបន្លាយ​លើ​ប្រទេស​ថៃ ឡាវ និង​វៀតណាម និង ការកកើតឡើង​នូវ​វិ​សម្ពាធ (TD) រហូតដល់​ទៅ ២ នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​អាច​បំប្លែង​ខ្លួន​ទៅជា​ព្យុះ​នាពេល​ដ៏​ខ្លី​ខាងមុខ ដូច្នេះ ក្នុងស្ថានភាព​បែបនេះ នឹងធ្វើ​ឲ្យ​ចាប់ពី​ថ្ងៃទី ០៣-០៩ ខែកញ្ញា បណ្ដា​ខេត្ត​ ក្រុង​នានា នឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ពី​មធ្យម​ទៅ​ច្រើន ក្នុងនោះ​មាន ៖

១- នៅ​ថ្ងៃទី ០៣-០៤ ខែកញ្ញា នេះ​ទៅ បណ្តា​ខេត្ត​នៅ​ភាគ​ពាយ័ព្យ ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​ដែលមាន​ព្រំប្រទល់​ជាប់​ប្រទេស​វៀតណាម​នឹង​អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គរ ។ ចាប់ពី​ថ្ងៃទី ០៤-០៩ ខែកញ្ញា បរិមាណ​ភ្លៀង​កាន់តែ​កើនឡើង​ក្នុង​កម្រិត​ពី​បង្គរ​ទៅ​ច្រើន ។​

២- បណ្តា​ខេត្ត​នៅជាប់​មាត់សមុទ្រ​ពិសេស​ខេត្តកោះកុង និង​ខេត្ត​ព្រះសីហនុ នឹង​អាចមាន​ភ្លៀង​ធ្លាក់​ច្រើន ផ្ទៃសមុទ្រ​មាន​ខ្យល់ និង​រលក​ខ្លាំង​ពិសេស​ក្នុង​ថ្ងៃ​០៤-០៧ ខែកញ្ញា ។​

៣- បណ្តា​ខេត្ត​នៅ​ភាគ​ខាងក្រោម នឹង​អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​នៅក្នុង​កម្រិត​ពី​តិច​ទៅ​បង្គរ ។​