ប្រធានបទ​នៃ​ការ​រកលុយ​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ ចាត់ទុកជា​ប្រធានបទ​ធំជាងគេ ក្នុង​ស​ន្និ​ស​ទី​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦ នៅ​ខេត្តសៀមរាប​

លោក លាង ដឺ​លុច នាយក​ប្រតិបត្តិ​សារព័ត៌មាន​អេ​ឡិច​ត្រូ​និ​ច ថ្មី​ថ្មី បាន​លើកឡើងថា បច្ចុប្បន្ន ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែលមាន​ដូចជា​ទូរទស្សន៍ កាសែត វិទ្យុ និង​បណ្តាញ​ផ្សេងៗ មានការ​វិវត្តន៍​យ៉ាង​លឿន រត់​ទៅតាម​បច្ចេកវិទ្យា ហើយ​ការវិវត្ត​នេះ គឺ​លុយ​ជា​បញ្ហាសំខាន់​មួយ ដែលជា​ចលករ​ជំរុញ​ភាព​រីកចម្រើន​របស់​ប្រព័ន្ធ​ផ្សាយ​ទាំងនោះ រីឯ​ការរកចំណូល​ស​ម្រា​ប់​ប្រព័ន្ធ​ផ្សព្វផ្សាយ គឺមាន​សារៈសំខាន់​ណាស់ ដើម្បី​ឲ្យ​ដំណើរការ និង​រត់តាម​ទាន់​នូវ​ភាព​វិ​វត្ត​នៃ​បច្ចេកវិទ្យា​ទើប មាន​អ្នកមើល​ច្រើន ហើយ​ប្រធានបទ​រក​ចំណូល​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ អាច​ចាត់ទុកជា​ប្រធានបទ​ធំជាងគេ ក្នុង​ស​ន្និ​ស​ទី​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦ ពិសេស​ក្នុង​យុគសម័យ​ឌី​ថ​ល ។

ឯកឧត្តម អ៊ិន ឆាយ អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន បាន​ឲ្យ​ដឹងថា វេទិកា​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៩​នេះ ជា​របៀបវារៈ​មួយ ក្នុងចំណោម​របៀបវារៈ​នៃ​សន្និសីទ​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦ នៅ​ក្រុង​សៀមរាប ពិភាក្សា​និង​ផ្តល់នូវ​គំនិតល្អៗ ផ្តោតលើ​វិធីសាស្ត្រ​នៃ​ការរកចំណូល​តាមរយៈ «​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល​» ហើយ​ការលើកឡើង​របស់​វាគ្មិន សុ​ទ្ឋ​តែ​បានលើកឡើង​ពីបទ​ពិសោធន៍​នៃ​ការប្រើ​នូវ​បច្ចេកវិទ្យា​ទំនើប​បច្ចេកទេស ពី​វិធីសាស្ត្រ និង​វិធានការ តាម​ប្រទេស​រៀងៗ​ខ្លួន ដើម្បី​ប្រមូល​ចំណូល យកមក​ធ្វើ​អាជីវកម្ម​នៅក្នុង​ស្ថាប័ន​ផ្សព្វផ្សាយ ជាពិសេស​បច្ចេកវិទ្យា​ឌី​ជី​ថ ដើម្បី​យកមក​បញ្ចូល​ក្នុង​ការផលិត​កម្មវិធី​របស់គេ តាម​ការទាក់ទាញ​អតិថិជន​តាមរយៈ​អ្នក​ស្តាប់ អ្នកទស្សនា អ្នកអាន និង​ទាក់ទាញ​អ្នកធ្វើអាជីវកម្ម ពាណិជ្ជកម្ម ឱ្យមក​ស្ថាប័ន​ផ្សព្វផ្សាយ​របស់​យើង ធ្វើយ៉ាងណា​ដើម្បី​ប្រមូល​ទាញយក​ចំណូល​មក​បំរើឱ្យ​ស្ថាប័ន​របស់ខ្លួន​។​

ឯកឧត្តម អ៊ិន ឆាយ មានប្រសាសន៍​ទៀតថា វាគ្មិន​ខ្លះ​លើកឡើង​ពី​មធ្យ​បាយ​នៃ​ការរកចំណូល​របស់គេ​តាម​ការដាក់បញ្ចូល​ផ្សំគ្នា​រវាង​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​តាមបែប​ប្រពៃណី ជាមួយនឹង​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​បច្ចេកវិទ្យា​ទំនើប ច្នៃប្រឌិត​ផលិត​ចេញ​ជា​កម្ម​វិធិ​ដែលមាន​គុណភាព​ខ្ពស់ និង​ប្រកបដោយ​ភាព​ទាក់ទាញ ហើយ​តាមរយៈ​នៃ​វេទិកា​នេះ យើង​រំពឹងទុក​ថា​ស្ថាប័ន​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ផ្សេងៗ​របស់​កម្ពុជា នឹង​ទទួលបាន​នូវ​គំនិត និង​បទពិសោធ​ល្អៗ យកទៅ​កែច្នៃ​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​របស់ខ្លួន ស្របតាម​បរិបទ​ក្នុងប្រទេស​កម្ពុជា ដើម្បី​កែលំអ​កម្មវិធី​ផ្សព្វផ្សាយ​របស់ខ្លួន ទាញយក​ប្រាក់ចំណូល​បាន​កាន់តែច្រើន ជាពិសេស​ថ្នាក់ដឹកនាំ​ក្រសួង​ព័​ត៌​នៃ​កម​ពុ​ជា មាន​រំពឹងទុក​ថា ការផ្សព្វផ្សាយ​តាម​ប្រ​ព័​ន្ឋ​ប្រពៃណី​ចាស់​បូក​ជាមួយ​ប្រ​ព័​ន្ឋ​បច្ចេកវិទ្យា​ឌីជីថល នឹង​ទទួលបាន​ផលចំណេញ​កាន់តែច្រើន ។

​សូមបញ្ជាក់ថា អ្នកសារព័ត៌មាន និង​អ្នកជំនាញ​ខាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ​និង​អន្តរជាតិ ៦០០​នាក់ មកពី​៤២​ប្រទេស បានមក​ជួបជុំគ្នា​នៅ​លើក​ទឹកដី​អង្គរ​ខេត្តសៀមរាប នៃ​ប្រទេស​កម្ពុជា ក្នុង​សន្និសីទ​កំពូល​សារព័ត៌មាន​អាស៊ី​លើក​ទី​១៦ រៀបចំឡើង​នៅ​សណ្ឋាគារ​សុខា ហើយ​វាគ្មិន​ដែលមាន​បទពិសោធន៍​ខ្ពស់​ក្នុង​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ ៧០​រូប បាន​ធើ្វ​ការចែករំលែក​នូវ​ចំណេះដឹង និង​បទពិសោធន៍​នៅក្នុង​សន្និសីទ​នេះ លើ​ប្រធានបទ​ផ្សេងៗ​គ្នា ៕​