(សាលា​កំរើក) កុដិ​ព្រះសង្ឃ​មួយ​ខ្នង​នៅ​អាស្រម​គោក​ស្រិត ត្រូវ​អគ្គិភ័យ​ឆាបឆេះ​

នៅវេលា​ម៉ោង​០៧​និង​២០​នាទី​ព្រឹក នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ មាន​ករណី​អគ្គិភ័យ​មួយ​បាន​កើតឡើង បណ្ដាល​ឲ្យ​ឆេះ​កុដិ​ព្រះសង្ឃ​មួយ​ខ្នង សង់​អំពី​ឈើ ប្រក់​សង្ក័សី មាន​ទំហំ​៤​ម៉ែត្រ​គុណ​នឹង​៤​ម៉ែត្រ ស្ថិត​នៅ​អាស្រម​គោក​ស្រិត ក្នុងភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ជា​របស់​ព្រះ​តេជ​គុណ ព្រះនាម ពេជ្រ ព្រះជន្ម​៤០​ព្រះវស្សា ឆេះ​អស់​សម្ភារ​ប្រើប្រាស់​មួយចំនួន , ប្រាក់​ចំនួន​ជិត​១​លាន​រៀល , ស្បង់​ជីវរ សៀវភៅធម៌ និង​ទូរ​សព្ទ័​ដៃ​ចំនួន​១​គ្រឿង តែ​មិន​បណ្ដាលឲ្យ​រងរបួស ឬ​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ ដែល​មូលហេតុ​នេះ គឺ​បណ្តាលមកពី​ការដុត​ធូប​ទុកចោល​រាល​ឆេះ​ពូក ។

​ក្នុងករណី​នេះ​កងកម្លាំង​នគរបាល​អន្តរាគមន៍​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ចេញ​រថយន្ត​ជួយ​ពន្លត់​ចំនួន​៣​គ្រឿង តែ​បាន​ប្រើប្រាស់​ទឹក​អស់​១​រថយន្ត ហើយ​បាន​រលត់ទៅវិញ​នៅ​ម៉ោង​៨​ព្រឹក នា​ថ្ងៃ​ដដែល​នេះ ៕

​អត្ថបទ និង រូបថត ៖ លោក ថាច់ ពិ​សុទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​