ព្រះចៅអធិការ​វត្ត​អារញ្ញ​សាគរ សម្រេច​ផ្ដល់​ដី​របស់​វត្ត​ចំនួន​១២​ឡូត៍​ដោយ​មិន​គិតថ្លៃ ជូន​ដល់​ពលរដ្ឋ​ក្រីក្រ​ចំនួន​១២​គ្រួសារ ដែល​បានមក​រស់នៅ​លើដី​វត្ត តាំងតែ​ពី​ឆ្នាំ​១៩៧៩​មក​


​ព្រះគ្រូ​វិ​សារ​ទោ ហ៊ា​ក់ គឹម​ហ៊ត់ ព្រះចៅអធិការ​វត្ត​អារញ្ញ​សាគរ ក្នុង​សង្កាត់​សៀមរាប មាន​សង្ឃដីកា​ថា ថ្មីៗ​នេះ​ព្រះអង្គ , គណៈកម្មការ​វត្ត​អារញ្ញ​សាគរ និង​អាជ្ញាធរ​មូលដ្ឋាន​សង្កាត់​សៀមរាប បាន​សម្របសម្រួល​ដោះស្រាយ​ដី​របស់​វត្ត ដែល មាន​ទីតាំង​ខាងកើត​វត្ត ដែល​ខាងមុខ​ទល់​ផ្លូវ​គ្រួស​ក្រហម​ក្រោយ​វត្ត ស្ថិត​ក្នុងភូមិ​អារញ្ញ សង្កាត់​សៀមរាប ជូន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​១២​គ្រួសារ សម្រាប់​សង់​លំនៅដ្ឋាន ខណៈដែល​ប្រជាពលរដ្ឋ​ក្រីក្រ​ទាំង​១២​គ្រួសារ​នេះ បានរស់នៅ​លើដី​វត្ត​អារញ្ញ​សាគរ​តាំងតែ​ពី​ឆ្នាំ​១៩៧៩​មក​ម្លេះ គឺ​ក្រោយ​ថ្ងៃ​រំដោះ ៧​មករា​១៩៧៩ ហើយ​ព្រះអង្គ​សន្យាថា នឹង​ចាក់ដី​ឲ្យ​ពលរដ្ឋ និង​ធ្វើ​ផ្លូវ​ឲ្យ​ថែម​ទៀតផង ។

​ព្រះ​តេជគុណ​មាន​សង្ឃដីកា​បន្ថែមថា កាលពី​ឆ្នាំ​២០០៦ ព្រះចៅអធិការ​មុន បាន​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់នេះ​ធ្វើ​កិច្ច​សន្យាថា បើ​វត្ត​ត្រូវការ​ដី​ថ្ងៃ​ណា ពួកគាត់​នឹង​រុះរើ​ចេញពី​ដី​នេះ​ដោយ​គ្មាន​លក្ខខណ្ឌ និង​គ្មាន​ការតវ៉ា ហើយ​ពួកគាត់​បាន​ផ្តិតមេដៃ​យល់ព្រម និង កាលពី​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៩​នេះ ព្រះអង្គ​បាន​កោះហៅ​ពលរដ្ឋ​ទាំង​១២​គ្រួសារ ដោយមាន​ការចូលរួម​ពី​អាជ្ញាធរ​ភូមិ​ឃុំ និង​សង្កាត់ ព្រមទាំង​ព្រះសង្ឃ គណៈកម្មការ​អាចារ្យវត្ត សុំ​ឲ្យ​ពលរដ្ឋ​ចាក់​ចេញពី​ដី​វត្ត ប៉ុន្តែ​ដោយ​ព្រះអង្គ​មាន​ព្រះទ័យ​សណ្តោស​ប្រណី និង​យល់ឃើញថា បើ​ឲ្យ​ពួកគាត់​ចាកចេញ​ទៅ មិនដឹង​ទៅ​រស់​នៅឯណា បើ​ក្រ​រកតែ​បាយ​ហូប​ស្ទើ​តែ​មិនបាន​ផង ដូច្នេះ​ព្រះអង្គ​ក៏​សម្រេច​ព្រះទ័យ​យក​ដី​របស់​វត្ត​ដែល​បាន​ទិញ​កន្លងមក ដោយ​ថវិកា ជា​ថវិកា​របស់​វត្ត គឺ​បានមកពី​គណៈកម្មការ​វត្ត នាំគ្នា​សន្សំទុក​តាមរយៈ​សកម្ម​ភាព​បុណ្យទាន​ផ្សេងៗ មក​ពុះ​ជា​ឡូត៍​ជូន​ពួកគាត់ ដែល​ក្នុង​មួយ​គ្រួសារ​ទទួលបាន​ដី​១​ឡូត៍ មាន​ទទឹង​ប្រវែង​៧​ម៉ែត្រ និង​បណ្តោយ​ប្រវែង​១២​ម៉ែត្រ ដោយ​ទុក​រយៈពេល​ឱ្យ​ពួកគាត់​មួយឆ្នាំ គិត​ចាប់ពី​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៩ ដល់​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០២០ ។

​ព្រ​តេជគុណ​ព្រះចៅអធិការ​វត្ត មាន​សង្ឃដីកា​បន្ថែមទៀត​ថា បានជា​ឱ្យ​ពួកគាត់​ចាកចេញ​ពី​ដី​វត្ត គឺ​ដើម្បី​កែលំអ​អភិវឌ្ឍ​ទីតាំង​ដី​នោះ និង​ពង្រីក​ផ្លូវ បង្កលក្ខណៈ​ងាយស្រួល​ដល់​សិស្សានុសិស្ស និង​អ្នកដំណើរ​ឆ្លងកាត់​ទៅមក ព្រោះថា​ផ្លូវ​ចូល​សាលា​មាន​សភាព​តូចចង្អៀត ហើយ​សាលា​ក្បែរ​វត្ត​នេះ មាន​ដល់​ទៅ​៣​កម្រិត រួមមាន​បឋមសិក្សា , អនុវិទ្យាល័យ និង​វិទ្យាល័យ ម្យ៉ាងទៀត​វត្ត​នេះ ក៏​ជា​គោលដៅ​ទេសចរណ៍​វត្ត​គំរូ ក្នុងចំណោម​៩​វត្ត​ក្នុង​ក្រុង​សៀមរាប​ផងដែរ ។

​លោក ម៉ៃ សា​មេ​ត ចៅសង្កាត់​សៀមរាប មានប្រសាសន៍ថា ប្រជាពលរដ្ឋ​ទាំង​១២​គ្រួសារ ពិតជា​បានរស់នៅ​លើដី​វត្ត​តាំងពី​យូរ​មកហើយ​មែន ហើយ​ថ្មីៗ​នេះ សង្កាត់​ក៏បាន​ចាត់​មន្ត្រី​ឱ្យទៅ​ពិនិត្យ និង​សម្របសម្រួល​ជាមួយ​គណៈកម្មការ​វត្ត ដូចដែល​ព្រះចៅអធិការ​បានលើកឡើង​។

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ប្រជាពលរដ្ឋ​ទាំង​១២​គ្រួសារ បាន​បញ្ជាក់ថា ពួកគាត់​ពិត​បាន​បានរស់នៅ​លើដី​វត្ត​ប្រាកដ​មែន គឺ ដោយសារ​ជីវភាព​ក្រីក្រ​ទើប​បង្ខំចិត្ត​រស់នៅ​ទីនេះ ដូច្នេះ​ក្នុងឱកាស​នេះ សូម​ថ្លែង​អំណរ​ព្រះ​គុណ​ដល់​ព្រះគ្រូ​ព្រះចៅអធិការ​វត្ត គណៈកម្មការ​វត្ត និង​អាជ្ញាធរ​ដែនដី នូវ​ទឹក​ព្រះទ័យ និង​ទឹកចិត្ត​សប្បុរសធម៌ ជួយ​គិតគូរ​ដល់​អ្នកក្រ​ខ្វះខាត ហើយ​ពួកគាត់​ពិត​ត្រេកអរ​យ៉ាង​ពន់​ពេល​រក​អ្វី​ប្រៀបផ្ទឹម​ពុំបាន​ទេ និង​សូម​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក សុំ​ជួយ​បីបាច់ និង ថែរក្សា​ព្រះចៅអធិការ ព្រះសង្ឃ​គ្រប់​អង្គ គណៈកម្មការ​អាចារ្យវត្ត​អារញ្ញ​សាគរ និង អាជ្ញាធរ​មូលដ្ឋាន សូម​ជួ​ម​តែ​នឹង​សេចក្ដីសុខ សេចក្ដីចម្រើន​កុំបី​ឃ្លាត​ឡើយ ៕​