ផ្លូវ​ក្រាល​គ្រួស​ក្រហម​ចម្ងាយ​ជាង​១១​គីឡូម៉ែត្រ នៅក្នុង​ស្រុក​ក្រឡាញ់ ត្រូវបាន​ប្រកាស​បើក​ការដ្ឋាន​កសាង​ជា​ផ្លូវការ​ហើយ ខណៈ​នៅក្នុង​ឆ្នាំ​២០២១ កំណាត់​ផ្លូវ​មួយ​នេះ នឹងត្រូវ​បាន​ចាក់​ក្រាល​កៅស៊ូ ១០០ ភាគរយ​

​ផ្លូវ​ក្រាល​គ្រួស​ក្រហម​ចម្ងាយ​ជាង​១១​គីឡូម៉ែត្រ មាន​ទទឹង ៨ ម៉ែត្រ ក្នុង​ឃុំ​ច​ន្លា​ស់​ដៃ ស្រុក​ក្រឡាញ់ ដែល​បាន​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៦៨ ត្រង់​គីឡូម៉ែត្រ​លេខ ៦+៤០០ ចេញពី​ភូមិ​ច​ន្លា​ស់​ដៃ ឆ្ពោះទៅ​ភូមិ​គោក​ត្រុំ ត្រង់ចំណុច​ផ្លូវជាតិ​លេខ ៦ ( គីឡូម៉ែត្រ​លេខ​៣៥៩ ) ឆ្លងកាត់​៤​ភូមិ រួមមាន ៖ ភូមិ​ត្រាំ​កង់ , ភូមិ​ឈូក​រត្ន​ន៍ , ភូមិ​រុន និង ភូមិ​ខ្នារ​ជោ ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​ប្រកាស​បើក​ការដ្ឋាន​កសាង​ជា​ផ្លូវការ​ហើយ កាលពី​ព្រឹក​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០១៩​នេះ ក្រោម​អធិបតីភាព​ឯកឧត្តម​អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត ចុះជួយ​ស្រុក​ក្រឡាញ់ ដោយមាន​ប្រជាពលរដ្ឋ​ចូលរួម​មកពី​៣​ភូមិ ប្រមាណ​ជាង ៦០០​នាក់ ។

​ឯកឧត្តម​អ្នកឧកញ៉ា សៀង ណាំ មានប្រសាសន៍ថា ហេដ្ឋារចនាសម្ព័ន្ធ​ទាំងអស់ ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ត្រូវបាន​រាប់បញ្ចូល​ជា​សមិទ្ធផល​សាធារណៈ​របស់​រដ្ឋ​ទាំងអស់ ដូច្នេះ​អត្ថប្រយោជន៍​របស់​កំណា​ត់​ផ្លូវ​ត​ភ្ជាប់​មួយ​នេះ មាន​តួនាទី​យ៉ាងសំខាន់ ដែល​មិន​ត្រឹមតែ​សម្រាប់​ប្រជាពលរដ្ឋ​រស់នៅក្នុង​តំបន់​ដែល​កំណាត់​ដងផ្លូវ​មួយ​នេះ ត្រូវបាន​លាតសន្ធឹង​ឆ្លងកាត់​ប៉ុណ្ណោះ​ទេ តែ​ត្រូវបាន​បំរើ​ជា​ប្រយោជន៍​រួម​ដល់​ប្រជាពលរដ្ឋ​ទូទៅ ដែល​ត្រូវបាន​ធ្វើដំណើរ​ឆ្លងកាត់ ដូច្នេះ​តាមរយៈ​នេះ សូម​ថ្លែង​នូវ​ការកោតសរសើរ​ចំពោះ​ការចូលរួមរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ ដោយ​ស្មារតី​នៃ​ការយោគយល់​គ្នា ក្រោម​ការសម្របសម្រួល​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង ក្រុមការងារ លើ​ផលប៉ះពាល់​នានា ដោយ​ឈរលើ​ឆន្ទៈ​នៃ​ការលះបង់​ប្រយោជន៍​ផ្ទាល់ខ្លួន ដើម្បី​ការអភិវឌ្ឍ​មូលដ្ឋាន និង សង្គមជាតិ ។

​ឯកឧត្តម​អ្នកឧកញ៉ា សៀង ណាំ មានប្រសាសន៍​ទៀតថា ផ្លូវ​ចម្ងាយ​ជាង ១១ គីឡូម៉ែត្រ​នេះ ក្នុងដំណាក់កាល​ដំបូង​នេះ គឺ​ត្រូវបាន​ស្ថាបនា​ជា​ផ្លូវ​ក្រាល​ដី​គ្រួស​ក្រហម និង​បន្ថែម​ពីលើ​នេះ សម្រាប់​ឆ្នាំ​ដំបូង ឆ្នាំ​២០១៩ នៃ​ដំណើរ​ការចាប់​ផ្តើមកសាង​ផ្លូវ​នេះដែរ គឺ​ត្រូវបាន​អនុវត្ត​គម្រោង​ចាក់​ក្រាល​កៅស៊ូ​ពីរ​ស្រទាប់ ( DBST ) ក្នុង​ចម្ងាយ​៤​គីឡូម៉ែត្រ ទទឹង ៦ ម៉ែត្រ ហើយ​ការចាក់​ក្រាល​កៅស៊ូ​លើ​កំណាត់​ផ្លូវ​នេះ នឹង​ត្រូវបាន​អនុវត្ត​បន្ត​នៅ​ឆ្នាំក្រោយៗ​ទៀត និង ក្នុង​គម្រោង​ដែល​បានគ្រោង​ទុក គឺ​នៅក្នុង​ឆ្នាំ​២០២១ កំណាត់​ផ្លូវ​មួយ​នេះ នឹង​ត្រូវបាន​ក្លាយជា​ផ្លូវ​ចាក់​ក្រាល​កៅស៊ូ ១០០ ភាគរយ ។

​គួររំលឹកថា ការដ្ឋាន​ស្ថាបនា​ផ្លូវ​ជាថ្មី​ឡើងវិញ​ចម្ងាយ​ជាង​១១​គីឡូ​ម៉​ត្រ​នេះ ត្រូវបាន​អនុវត្ត​លើផ្លូវ​ចាស់​ដែល​តូចចង្អៀត ស្ថិតក្នុង​សភាព​ខូចខាត​ធ្ងន់ធ្ងរ ដែលជា​សមិទ្ធផល​សល់​ពី​គម្រោង​របស់​មូលនិធិ​ឃុំ​ឆ្នាំ​២០០០ ខណៈដែល​ប្រជាពលរដ្ឋ​រស់នៅ​តាម​ភូមិ​ជនបទ ហើយ​ត្រូវបាន​ដងផ្លូវ​នេះ​លាតសន្ធឹង​ឆ្លងកាត់ មាន​ប្រមាណ​ជិត​មួយ​ពាន់​គ្រួសារ ៕​