ព្រឹក​មិញ​នេះ លោក ពិន ប្រាកដ បាន​អញ្ជើញ​ជា​អធិបតី​ប្រកាស​តែងតាំង​លោក រិ​ន ឡូត ឱ្យ​កាន់​មុខតំណែង​អភិបាលរង​ស្រុក​ក្រឡាញ់​

​នៅ​ព្រឹក​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៩​នេះ លោក ពិន ប្រាកដ អភិបាលរង​ខេត្ត និង ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​តែងតាំង​លោក រិ​ន ឡូត ឋានន្តរស័ក្តិ​វរៈមន្ត្រី​ថ្នាក់​លេខ​៣ ឱ្យ​កាន់​មុខតំណែង​អភិបាលរង​ស្រុក​ក្រឡាញ់ តាម​ប្រកា​សលេខ ៨៨៦១ ប្រក របស់​ក្រសួងមហាផ្ទៃ ។​

​លោក រិ​ន ឡូត អភិបាលរង​ស្រុក​ក្រឡាញ់ ដែល​ទើបនឹង​តែងតាំង​ថ្មី បាន​សម្ដែង​នូវ​ការដឹង​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង អភិបាលខេត្ត​សៀមរាប ដែល​បានផ្ដល់​ការទុកចិត្ត​មកលើ​រូបលោក ឲ្យ​ធ្វើជា​អភិបាលរង​ស្រុក​ក្រឡាញ់ ហើយ​បាន​ប្ដេជ្ញាចិត្ត​អនុវត្តន៍​ឲ្យ​បាន​ម៉ឺងម៉ាត់​នូវ​រដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន , គាំទ្រ​និង​អនុវត្តន៍​នូវ​កម្មវិធី​នយោបាយ និង យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា , គោលការណ៍​ដឹកនាំ​ចង្អុលបង្ហាញ​របស់​ឯក​ឧត្ដម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្ដម​អភិបាលខេត្ត គណៈ​អភិបាលស្រុក​ក្រឡាញ់ និង ប្ដេជ្ញា​ខិតខំ​ចូលរួម​ទប់ស្កាត់ លុបបំបាត់​រាល់​បាតុភាព​អសកម្ម​ទាំងឡាយ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ព្រមទាំង​យកចិត្តទុកដាក់​រៀបចំ​កសាង និង អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​នៅក្នុង​ស្រុក​ក្រឡាញ់ ជាពិសេស​សហការ សាមគ្គីភាព​ផ្ទៃក្នុង​ឲ្យ​បានល្អ​ប្រសើរ​បំផុត ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោក ពិន ប្រាកដ អភិបាលរង​ខេត្ត បាន​ថ្លែង​នូវ​ការកោតសរសើរ​ដល់​អាជ្ញាធរ​ស្រុក​ក្រឡាញ់ នូវ​សម​ទ្ធិ​ផល​ដែល​ស្រុក​ទទួលបាន​មកនេះ​ថា ៖ កត្តា​រីកចម្រើន​របស់​ស្រុក កើតឡើង​បាន​អាស្រ័យ​ប្រទេសជាតិ​មាន​សន្តិភាព និង​ក្រោម​ការដឹកនាំ​ដ៍​ឈ្លាសវៃ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី បាន​នាំមក​នូវ​សុខសន្តិភាព និង​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ ប៉ុន្តែ​សូម​ឲ្យ​អភិបាលរង​ស្រុក​ថ្មី នៃ​ស្រុក​ក្រឡាញ់​ដែល​ទើប​ចូលកាន់​តំណែង​នេះ ធ្វើយ៉ាងណា​ត្រូវខិតខំ​ប្រឹងប្រែង​ធ្វើការ​អភិវឌ្ឍន៍​ស្រុក​ក្រឡាញ់ ឲ្យ​មានការ​រីកចម្រើន​បន្ថែ​ម​ទៀត គឺ​យកចិត្តទុកដាក់​ដល់​សុខទុក្ខ​ប្រជាពលរដ្ឋ​ជា​ចំបង និង យកចិត្តទុកដាក់​លើ​ការងារ​សន្តិសុខ រួមទាំង​ការទប់ស្កាត់​រាល់​បទល្មើស​ផ្សេងៗ​ដែល​កើតឡើង នៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ហើយ​មិនត្រូវ​នៅ​ពីក្រោយ​នៃ​បទល្មើស​ឡើយ ។​

​លោក ពិន ប្រាកដ មានប្រសាសន៍​បន្ថែមថា លើសពីនេះ ត្រូវ​ពង្រីង និង​ពង្រីក​នូវ​សក្តានុពល​ទេសចរណ៍​ដែលមាន​ស្រាប់​នៅក្នុង​សហគមន៍ ដោយ​សហការ​ជាមួយ​មន្ទីរជំនាញ ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ជា​ផលប្រយោជន៍​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ស្រុក​ក្រឡាញ់​ទាំងមូល និង ត្រូវ​ចេះ​សាមគ្គីភាព​ផ្ទៃ​ជាមួយ​គណៈ​អភិបាលស្រុក ក្រុមប្រឹក្សា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​អង្គភាព និង អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ លើ​ការដឹកនាំ ការគ្រប់គ្រង និង ការពង្រឹង​នូវ​របៀបរបប​ការងាររដ្ឋបាល​នៅក្នុង​សាលាស្រុក ពិសេស​លើ​ការផ្តល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ដោយ​តម្លាភាព គណនេយ្យភាព លឿន​រហ័ស និង​មាន​ប្រ​សិ​ទ្ឋ​ភាព ៕​