គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ សម្ដែង​នូវ​ការកោតសរសើរ​ចំពោះ​អាជ្ញាធរខេត្ត និង​សំណូមពរ​ឲ្យអាជ្ញាធរខេត្ត​បន្តដោះស្រាយ ឲ្យបាន​សកម្ម​ថែមទៀត​

មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​គ្រោះមហន្តរាយ​៧​ខែ​ដើមឆ្នាំ និង​ទិសដៅ​បន្ត​នៅ​ខេត្តសៀមរាប នៅ​សាលប្រជុំ​រដ្ឋបាល​ខេត្ត​សៀមរាប កាល​ព្រឹក​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០១៨​នេះ ឯកឧត្ដម​បណ្ឌិត​ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា អនុប្រធាន​ទី​១ ទទួលបន្ទុក​អនុប្រធាន​ប្រចាំការ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​ថ្លែង​នូវ​អំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្តសៀមរាប ដែល​បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ចូល​រួមគ្នា​ធ្វើ​ការដោះស្រាយ​រួចរាល់​ការងារ​ទាំងអស់​នេះ ដោយ​មិនបាច់​រងចាំ​ថ្នាក់​ជាតិ​ចុះមក​ជួយ​ឡើយ ប៉ុន្តែ​ប្រការ​សំខាន់​នោះ​គឺ ពិតមែន​ខេត្តសៀមរាប ជា​ខេត្ត​មួយ​ដែល​មិន​ទទួល​រង​នូវ​គ្រោះ​មហន្តរាយ​ដោយ​ធម្មជាតិ លើ​បញ្ហា​ទឹកជំនន់​ធ្ងន់ធ្ងរ​ក៏ពិតមែន ប៉ុន្តែ​ក៏​ធ្លាប់​ទទួល​រងគ្រោះ​ដោយ​ធម្មជាតិ​ផ្សេងទៀត​ដែរ ។

​ឯកឧត្ដមឧ​បណ្ឌិត​ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា មានប្រសាសន៍​ទៀត​ថា ដូច្នេះ​តាមរយៈ​នេះ សូម​ឲ្យ​បណ្តា​មន្ទីរ ស្ថាប័ន អង្គភាព អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ និង អង្គការ​ជាតិ អន្តរជាតិ​ដែល​ជា​ដៃគូ​ទាំងអស់ គប្បី​យកចិត្តទុកដាក់​ចូលរួម​ឲ្យបាន​សកម្ម​បន្តទៀត ក្នុង​ការបំពេញ​កាតព្វកិច្ច​ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ តាមរយៈ​ការកាត់បន្ថយ​ហា​នី​ភ័យ នៃ​គ្រោះ​មហន្តរាយ​ទាំងនេះ ឲ្យ​ថយចុះ​ក្នុង​កម្រិត​អប្បបរមារ ទោះបី​គ្រោះមហន្តរាយ​បង្កឡើង​ដោយ​មនុស្ស​ក្តី ឬ ធម្មជាតិ​ក្តី យើង​ត្រូវ​ចាត់​ទុក​ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ ជា​ការងារ​យើងទាំងអស់គ្នា ក្នុងការ​សំដៅ​កាត់បន្ថយ​ហា​នី​ភ័យ តាមរយៈ​ការត្រៀម​បង្ការ ដោយ​ផ្សាភ្ជាប់​នឹង​សកម្មភាព ដែល​ពាក់ព័ន្ធ​លើ​គ្រប់​ទិដ្ឋភាព និង ផែនការ ឆ្លើយតប​ទៅនឹង​ផលប៉ះពាល់​នៃ​គ្រោះមហន្តរាយ និង ត្រូវ​គិតគូ​ដល់​ការអភិវឌ្ឍន៍​ដែលមាន​និរន្តរភាព ការពង្រឹង​សមត្ថភាព ទាំង​ផ្នែក​រូបវន្ត័ និង​អ​រូបវ័ន្ត ការអភិវឌ្ឍន៍​ធនធានមនុស្ស ការគោរព​ច្បាប់ ការស្រឡាញ់ ចេះ​យោគយល់ អធ្យាស្រ័យ និង ជួយ​ចែករំលែក​គ្នា​ដល់​អ្នករងគ្រោះ​ផងដែរ ។

​មានប្រសាសន៍​ក្នុងឱកាស​នោះ​ផង​ដែរ លោក ពិន ប្រាកដ អភិបាលរង​ខេត្ត និង​ជា​អនុប្រធាន​គណកម្មាធិកា​រ​គ្រោះមហន្ដរាយ​ខេត្តសៀមរាប បានបញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០១៨​នេះ នៅ​ខេត្ត​សៀមរាប​មិនទាន់​មាន​គ្រោះមហន្តរាយ​ជំនន់​ទឹកភ្លៀង​កើតមានឡើង ដូច​បណ្តា​ខេត្ត​មួយចំនួន​នៅក្នុង​ប្រទេស​កម្ពុជា​នោះទេ ប៉ុន្តែ​នៅ​តាម​បណ្តា​ក្រុង​ស្រុក​ទាំង​១២​ក្នុង​ខេត្ត​សៀមរាប មាន​គ្រោះមហន្តរាយ​កើតមានឡើង​ដោយសារ​កត្តា​ដូចជា ខ្យល់​កន្ត្រាក់ បណ្តាលឲ្យរ​លំផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៤៧​ខ្នង របើក​ដំបូល​៩២​ខ្នង ដំបូល​សាលាឃុំ​០១ ដំបូល​សាលារៀន​០៣​ខ្នង របើក​ជញ្ជាំង​ផ្ទះ​០១​ខ្នង រលំ​តូប​លក់​ឥ​វ៉ាន់​០៣​តូប រលំ​រោង​សិប្បកម្ម​០១​ខ្នង , ខូច​ទូរទស្សន៍​០១​គ្រឿង ខូច​ម៉ូតូ​០៩​គ្រឿង កង់​០១​គ្រឿង ឈើ​ដួល​សង្កត់​ផ្ទះ​០១​ខ្នង និង​របួស​មនុស្ស​០៣​នាក់ (​ស្រី​០២​នាក់​) , អគ្គិសនី​ឆក់​មនុស្ស​ស្លាប់​០១​នាក់ , ឆេះ​ផ្ទះ​ចំនួន​១៥​ខ្នង , រន្ទះបាញ់​ស្លាប់​មនុស្ស​០៤​នាក់ និង​របួស​០២​នាក់ , រន្ទះបាញ់​សត្វ​គោ​ងាប់​ចំនួន​២២​ក្បាល និង​ក្របី​០១​ក្បាល , លង់ទឹក​ស្លាប់​ចំនួន​០៤​នាក់ ក្នុងនោះ​កុមារ​ចំនួន​០៣​នាក់ ៕

​អត្ថបទ និង រូបថត ៖ លោក អ៊ិន សី​ហ​រិទ្ធ និង លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​