កាលពីពេល​ថ្មីៗ​នេះ ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បាន​បើក​សិក្ខាសាលា​ថ្នាក់ជាតិ​មួយ​នៅ​ខេត្តសៀមរាប ស្តីពី​វិធានការ​មិនមែន​ពន្ធ​សម្រាប់​កិច្ច​សម្រួល​ពាណិជ្ជ​- កម្ម​ល្អប្រសើរ និង ទស្សនៈវិស័យ​គោលនយោបាយ​ពាណិជ្ជកម្ម​កម្ពុជា ដើម្បី​ពង្រឹង​បន្ថែម​នូវ​ចំណេះដឹង និង សមត្ថភាព​របស់​មន្ត្រី​បង្គោល​ពាក់ ព័ន្ធ​នឹង​វិធានការ​មិនមែន​ពន្ធ សំដៅ​រួមចំណែក​ថែរក្សា និង ការពារ​សុខុមាលភាព​, សុវត្ថិភាព​របស់​អ្នកប្រើប្រាស់​, កាត់បន្ថយ​ផលប៉ះពាល់​អវិជ្ជមាន​លើ​បរិស្ថាន​, ធានាបាន​នូវ​លក្ខខណ្ឌ​ងាយស្រួល​សម្រាប់​ពាណិជ្ជកម្ម​ផងដែរ​។ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​, មន្ត្រី​បង្គោល និង តំណាង ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ។​

​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហ៊ាន សា​ហ៊ី​ប រដ្ឋលេខាធិការ ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​វិធានការ​មិនមែន​ពន្ធ និង និ​ហិត​ដ្ឋា​ន​ជាតិ​ព័ត៌មាន ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម បាន​មានប្រសាសន៍ថា​៖ កម្ពុជា​បាន​នឹង​កំពុង​បន្តធ្វើ​សមាហរណកម្ម​កាន់តែ​ស៊ីជម្រៅ​ទៅ ក្នុង​សហគមន៍​សេដ្ឋកិច្ច​ឤ​ស៊ាន ស្របតាម​ចក្ខុវិស័យ ២០២៥ ដែល​ក្នុងនោះ មាន​លំហូរ​ដោយ​សេរី​នៃ​ទំនិញ សេវា និង ការវិនិយោគ​ក្នុង​តំបន់​ឤ​ស៊ាន ដែល​ឤ​ស៊ាន​បាន​ជំរុញ​យ៉ាង​ខ្លាំងក្លា​លើ​ការធ្វើ​សេរីភាវូបនីយកម្ម​ពន្ធគយ និង លើកកម្ពស់ តម្លាភាព​នៃ​ការអនុវត្ត​វិធានការ​មិនមែន​ពន្ធ ចាប់តាំងពី​មានការ​បង្កើត​នូវ​ផែនការមេ​សហគមន៍​សេដ្ឋកិច្ច​ឤ​ស៊ាន ក្នុង ឆ្នាំ ២០០៧ និង សម្រេច​បានជា​សហគម​ន៍​សេដ្ឋកិច្ច​តែមួយ នៅ​ឆ្នាំ​២០១៥ កន្លងមក ហើយ​ក្នុងនោះ ឤ​ស៊ាន​ក៏​នឹង​សង្កត់ធ្ងន់ លើ​ការលុបបំបាត់​របាំង​មិនមែន​ពន្ធ និង វិធានការ​មិនមែន​ព​ន្ធ​ដែល​មិនចាំបាច់ ក្នុង​បុព្វហេតុ​ជួយ​សម្រួល​ពាណិជ្ជកម្ម និង ព​ន្លឿ​ន​ប្រតិបត្តិការ​នៃ​វិស័យ​ពាណិជ្ជកម្ម ។​

​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហ៊ាន សា​ហ៊ី​ប មានប្រសាសន៍​បន្ថែមថា រដ្ឋ​សមាជិក​ឤ​ស៊ាន ក៏​ប្តេជ្ញា​កែលម្អ​វិធានការ មិនមែន​ពន្ធ និង និ​ហិត​ដ្ឋា​ន​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម សំដៅ​ចូលរួម​ជំរុញ​ពាណិជ្ជកម្ម​ក្នុង​បណ្តា​ប្រទេស​ជា​សមាជិក ឤ​ស៊ាន និង ក្នុង​តំបន់​ទាំងមូល ដោយ​រដ្ឋ​សមាជិក​ឤ​ស៊ាន​រួមទាំង​ប្រទេស​កម្ពុជា​ផងដែរ ដែលមាន​កាតព្វកិច្ច​ក្នុងការ​ធានា​ឱ្យ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម រួមមាន ៖ តារាង​នាមវលី​ពន្ធគយ , តារាង​ពន្ធគយ​ប្រជាជាតិ​អនុគ្រោះ​បំផុត និង ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដទៃទៀត​, វិធាន​ដើមកំណើត​, ច្បាប់​និង​បទ​ប្ប​ញ្ញាតិ​ពាណិជ្ជកម្ម​ជាតិ​និង​គយ​, តម្រូវការ នីតិវិធី និង ឯកសារ​នានា​, ឧ​ត្ត​មា​នុ​វត្ត​ក្នុង​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង បញ្ជី​ពាណិជ្ជករ​ដែល​ទទួលបាន​ឤ​ជ្ញា​ប័ណ្ណ ដើម្បី​ផ្តល់ព័ត៌មាន​ដល់​សាធារណៈជន​តាមរយៈ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត ។​

​ក្នុងឱកាស​នោះ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហ៊ាន សា​ហ៊ី​ប បាន​លើកទឹកចិត្ត​ឱ្យ​សិក្ខាកាម​ទាំងអស់ យកចិត្តទុកដាក់​ក្នុងការ​ក្រេប​យក​មេរៀន និង ចំណេះដឹង​ថ្មីៗ ពី​សិក្ខាសាលា​នេះ សំដៅ​យកទៅអនុវត្ត និង​បម្រើឱ្យ​ការងារ​នៅ​ក្រសួង​-​ស្ថាប័ន​របស់ខ្លួន និង បន្ត​កិច្ចសហការ​ជិតស្និទ្ធ បន្ថែមទៀត​រវាង​លេខាធិការដ្ឋាន​ជាតិ និង​មន្ត្រី​បង្គោល​របស់​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ក្នុងការ​ប្រមូលផ្តុំ​ច្បាប់ និង បទ​ប្បញ្ញត្តិ ក៏ដូចជា​នីតិវិធី​នានា​ថ្មីៗ ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម សម្រាប់​ចាត់ថ្នាក់​វិធានការ​មិនមែន​ពន្ធ និង ដាក់​ប​ញ្ជូ​ល ក្នុង​គេហទំព័រ​និ​ហិត​ដ្ឋា​ន​ជាតិ​ទាន់ពេលវេលា ខណៈ​វិស័យ​បច្ចេកវិទ្យា បាន​ក្លាយជា​ចលករ​ដ៏​សំខាន់ ក្នុង​ការជំរុញឱ្យ មានការ​ផ្លាស់ប្តូរ​ទម្រ​ង់​នៃ​ពាណិជ្ជកម្ម​អន្តរជាតិ និង រចនាសម្ព័ន្ធ​សេដ្ឋកិច្ច ដែល​នឹង​រួមចំណែក​ធានាបាន​នូវ​តម្លា​ភាពល្អ ប្រសើរ​សម្រាប់​វិស័យ​ពាណិជ្ជកម្ម ៕​