ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ ​ថ្លែងអំណរគុណចំពោះក្រុមការងារ​ពាក់ព័ន្ធ​ទាំងអស់ក្នុងស្រុក​ក្រឡាញ់​

កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៨​នេះ ឯកឧត្តម ជា ច័ន្ទ​បរិបូរណ៍ ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ស្រុក​ក្រឡាញ់ បាន​ចេញ​លិខិត​ថ្លែងអំណរគុណ​មួយ ជូន​ចំពោះ​ថ្នាក់ដឹកនាំ​ស្រុក មន្ត្រីរាជការ អាជ្ញាធរ​ដែនដី និង​ក្រុមការងារ​ពាក់ព័ន្ធ​ទាំងអស់ ក្នុងស្រុក​ក្រឡាញ់ ដែល​បាន​សហការ​ធ្វើ​ការងារ​រួម​គ្នា​ជូន​ប្រជាជន​នៅក្នុង​ស្រុក​ក្រឡាញ់ ខេត្តសៀមរាប និង​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​លើសលប់​នា​ពេលកន្លងមក ។

​តាម​ខ្លឹមសារ​នៃ​លិខិត​នេះ បានបញ្ជាក់​ថា បេសកកម្ម​របស់​ខ្ញុំ មាន​រយៈពេល ៥៣​ខែ គិត​មក​ដល់​ត្រឹម​ខែកក្កដា ឆ្នាំ​២០១៨​នេះ ក្នុងនាម​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​ស្រុក​ក្រឡាញ់ ខេត្តសៀមរាប សូម​ថ្លែង​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ស្មារតី​យកចិត្តទុកដាក់​ខិតខំ​ប្រឹងប្រែង និង​ការទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការបំពេញ​ការងារ​របស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា​ទាំងអស់ ដើម្បី​ដោះស្រាយ​បញ្ហា​រួម​គ្នា​ជូន​ប្រជាជន​គ្រប់​ភូមិ​-​ឃុំ ក្នុងស្រុក​ក្រឡាញ់ រហូត​ទទួលបាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ និង​ទទួលបាន​ជោគជ័យ​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧ និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ព្រមទាំង​បាន​ទទួល​ការកោតសរសើរ​ពី​ថ្នាក់ដឹកនាំ និង​មជ្ឈដ្ឋាន​ទូទៅ​។

​សមិទ្ធផល​ដ៏​ល្អប្រសើរ​ដែល​ទទួលបាន​នេះ គឺ​ដោយសារតែ​យើង​អនុវត្តន៍​ស្របតាម​គោលនយោបាយ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​សាមគ្គីភាព​របស់​ថ្នាក់​ដឹកនាំ​នៅ​មូលដ្ឋាន និង​ប្រជាជន ហើយ​ខ្ញុំ​សូម​ស្នើ​ឲ្យ​ក្រុម​ការងារបន្ត​សាមគ្គីភាព​ផ្ទៃក្នុង ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​ល្អ​ប្រសើរ​។

​ជាថ្មី​ម្តងទៀត ខ្ញុំ​សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រៃ​កែវ​ទាំងបី វត្ថុ​ស័ក្តិ​សិទ្ធ​ទាំងឡាយ​ក្នុង​លោក សូម​តាម​ជួយ​បីបាច់​ថែរក្សា​ប្រទាន​ពរជ័យ បវរ​សួស្តី សិរី​មង្គល​គ្រប់ប្រការ​ជូន​ចំពោះ ថ្នាក់ដឹកនាំ​ស្រុក មន្ត្រីរាជការ អាជ្ញាធរ​ដែនដី ក្រុមការងារ​ពាក់ព័ន្ធ សូម​ជួប​តែ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕

​ដកស្រង់​អត្ថបទ ៖ លោក លីវ សាន្ត​
​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​