ភូមិ​ធម្មជាតិ​រុន​តា​ឯក ទទួលបាន​ពានរង្វាន់​សហគមន៍​ទេសចរណ៍​គំរូ​

ឯកឧត្តម ម៉ី ម៉ា​រ៉ា​ឌី ទីប្រឹក្សា​អាជ្ញាធរ​ជាតិ​អប្សរា និង ជា​ប្រធាន​គម្រោង​អភិវឌ្ឍន៍​ភូមិ​ធម្មជាតិ​រុន​តា​ឯក បាន​មានប្រសាសន៍ថា កាលពី​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ កន្លងទៅនេះ ភូមិ​ធម្មជាតិ​រុន​តា​ឯក ទទួលបាន​ពានរង្វាន់ «​សហគមន៍​ទេសចរណ៍​គំរូ​ភូមិ​ធម្មជាតិ​រុន​តា​ឯក​» ដែល​ជា​ពានរង្វាន់​ថ្មី រៀបចំឡើង​ដោយ​ក្រសួង​ទេសចរណ៍ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅក្នុង​សិក្ខាសាលា​បូកសរុប ការប្រឡងប្រណាំងរ​មណី​យដ្ឋា​ន​ទេសចរណ៍​គំរូ​លើក​ទី​២ និង ការប្រឡងប្រណាំង​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍​គំរូ​លើក​ទី​១ ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​ភ្នំពេញ ក្រោម​អធិបតីភាព​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​។

​ឯកឧត្តម មានប្រសាសន៍​ទៀត​ថា មុន​នឹង​ទទួលបាន​ពានរង្វាន់​នេះ គឺ​ក្រុម​ការងារ​ដឹកនាំ​គម្រោង​អភិវឌ្ឍន៍​ភូមិ​ធម្មជាតិ​រុន​តា​ឯក បាន​ទទួល​ដំណឹង​អំពី​ការប្រកួតប្រជែង​នេះ និង​ដោយ​ពិនិត្យ​ឃើញ​កត្តា​សមស្រប​របស់​ភូមិ​ធម្មជាតិ​រុន​តា​ឯក​នោះ ក្រុមការងារ​ក៏​បាន​ដាក់ពាក្យ​ទៅ​ក្រសួងទេសចរណ៍​ដើម្បី​ចូលរួម ហើយ​ក្រោយ​មាន​ការត្រួតពិនិត្យ​បច្ចេកទេស​រួចមក មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បាន​ចុះមក​ធ្វើការ​ត្រួតពិនិត្យ និង​វាយតម្លៃ​ជំហាន​ដំបូង ខណៈ​ដែល​ការវាយតម្លៃ​នោះ​ឃើញ​ថា ភូមិ​ធម្មជាតិ​រុន​តា​ឯក ពិតជា​មាន​បរិស្ថាន​ល្អ ស្អាត អនាម័យ​ខ្ពស់ មានផ្ទះ​ស្នាក់ មាន​អាហា​រដ្ឋា​ន សៀវភៅ​មុខម្ហូប​ពុំ​មាន​ប្រភេទ​គ្រឿង​ស្រវឹង និង​បារី ថែមទាំង​សកម្មភាព​កសិកម្ម​ពុំ​មាន​វត្តមាន​សារ​ជាតិគីមី ហើយ​ភូមិ​ធម្មជាតិ​រុន​តា​ឯក​ក៏​មាន​ការគាំទ្រ​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ អាជ្ញាធរ​ជាតិ​អប្សរា អាជ្ញាធរ​ភូមិ ឃុំ​/​ស្រុក​បន្ទាយស្រី និង​អង្គការ GIZ ដែល​គាំទ្រ​លើ​ការបណ្តុះបណ្តាល និង​បច្ចេកទេស​ផ្សេងៗ ក៏ដូចជា​អង្គការ EDOTA ដែល​ធ្វើកា​រលើ​ការលើកស្ទួយ​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​ប្រចាំ​ស្រុក​បន្ទាយស្រី​ផងដែរ​។

​ឯកឧត្តម ម៉ី ម៉ា​រ៉ា​ឌី បញ្ជាក់ទៀតថា កម្មវិធី​ប្រកួតប្រជែង​នេះ ធ្វើឡើង​ដើម្បី​បង្កើត​ស្តង់ដារ​សហគមន៍​ទេសចរណ៍​កម្ពុជា ដោយ​ផ្អែក​លើ​គោលបំណង​បួន​សំខាន់​គឺ​៖ ទី​១. តាមដាន ត្រួតពិនិត្យ និង​វាយតម្លៃ​ការអភិវឌ្ឍ​សហគមន៍​ទេសចរណ៍​កម្ពុជា , ទី​២. ពង្រឹង​ការគ្រប់គ្រង​សហគមន៍​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព គុណភាព ប្រសិទ្ធភាព និង​ការទទួលខុសត្រូវ , ទី​៣. ជំរុញ​និង​លើកទឹកចិត្ត​ឱ្យមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​សហគមន៍​មូលដ្ឋាន និង ទី​៤. ពង្រឹង​និង​ពង្រីក​ការជឿទុកចិត្ត​ទៅលើ​សហគមន៍​ទេសចរណ៍​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​។

​សូម​បញ្ជាក់​ដែរ​ថា កន្លងមក​ភូមិ​ធម្មជាតិ​រុន​តា​ឯក​ក៏​ធ្លាប់​បាន​ទទួលពាន​រង្វាន់​ចំនួន​០៤​មក​ហើយ​នា​ឆ្នាំ​២០១៥-២០១៧ ដូចជា ពានរង្វាន់​សុខុមាលភាព​សង្គម​និង​បេតិកភណ្ឌ​វប្បធម៌ , ពានរង្វាន់​អនាម័យ និង​បរិស្ថាន , ពានរង្វាន់​ពិសេស​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ពានរង្វាន់ ASEAN Homestay Standard (2017-2019)៕

​អត្ថបទ និង រូបថត ៖ លោក ជា ស្រស់​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប