ព្រះវិហារ​ថ្មី​នៃ​វត្ត​កណ្តាល​ក្នុងស្រុក​ជីក្រែង ត្រូវបាន​ប្រារព្ធ​ពិធី​កាត់​ឫស​សីមា​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ កាលពី​ព្រឹក មិញ​នេះ​

ព្រះវិហារ​ថ្មី រួម​នឹង​សមិទ្ធផល​នានា​មួយចំនួន ក្នុង​វត្ត​ជោ​រេ​ន​ចេស្តា ហៅ​វត្ត​កណ្តាល ស្ថិតក្នុង​ភូមិ​បេង ឃុំ​ជីក្រែង ស្រុក​ជីក្រែង ខេត្តសៀមរាប ដែល​បានចាប់ផ្តើម​សាងសង់​តាំងពី​ឆ្នាំ​២០១២ រហូតដល់​ឆ្នាំ​២០១៩ ដោយ​ចំណាយ​ថវិកា​ក្នុង​ការសាងសង់​ចំនួន​៥៧​ម៉ឺន​៨២៨​ដុល្លារ​អាមេរិក ត្រូវបាន​ប្រារព្ធ​ពិធី​សម្ពោធ និង កាត់​ឫស​សីមា ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ ដើម្បី​ថ្វាយ​ប្រគេន​ព្រះសង្ឃ ពុទ្ធបរិស័ទ និង ប្រជាពលរដ្ឋ​គោរពបូជា ទៅតាម​គន្លង​ប្រពៃណី​សាសនា នា​ព្រឹក​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៩​នេះ ក្រោម​វត្តមាន​ឯកឧត្តម​អ្នកឧកញ៉ា​បណ្ឌិត សៀង ណាំ អ្នកតំណាងរាស្ត្រ​មណ្ឌល​សៀមរាប និង ជា​តំណាង​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយក​រដ្ឋ​ម​ន្ទ្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត ។

​បើតាម​របាយការណ៍រ​បស់​គណៈកម្មការ​វត្ត បាន​ឲ្យ​ដឹងថា បន្ទាប់​ពីក្រោយ​ថ្ងៃ​រំដោះ​៧​មករា​ឆ្នាំ​១៩៧៩​មក នៅក្នុង​ឆ្នាំ​១៩៨២ វត្ត​ជោ​រេ​ន​ចេស្តា​នេះ ត្រូវបាន​ពុទ្ធបរិស័ទ​ដង្ហែ​លោកគ្រូ​ធម្មាចារ្យ វ៉ា អឿន យកទៅ​បំបួស​ក្នុង​សំណាក់​ព្រះគ្រូ កង ហេង ឧប្បសម្បទា​ក្នុង​វត្ត​ស្វាយ​ខេត្តសៀមរាប ដើម្បី​ធ្វើជា​ព្រះគ្រូ​ចៅអធិការ​វត្ត​នេះ​បន្តទៀត ហើយ​បច្ចុប្បន្ន ទី​វត្ត​អារាម​នេះ ត្រូវបាន​អាជ្ញាធរ និង ពុទ្ធបរិស័ទ ធ្វើការ​រៀបចំ ឡើងវិញ ដើម្បី​ជាទី​កន្លែង​ទីសក្ការៈ​បូជា​របស់​ប្រជា​ពុទ្ធបរិស័ទ ។

​មានប្រសាសន៍​សំណេះសំណាល​ក្នុងឱកាស​នោះ ឯកឧត្តម​អ្នកឧកញ៉ា​បណ្ឌិត សៀង ណាំ បាន​ពាំ​នាំនូវ​ការសាកសួរ​សុខទុក្ខ ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន , សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង សម្តេច​ពិជ័យ​សេនា ទៀ បាញ់ សម្រាប់​បងប្អូន​ប្រជា​ពុទ្ធបរិស័ទ​នៅ​ស្រុក​ជីក្រែង ដោយ​ក្តី​នឹករលឹក ព្រមទាំង​បាន​សម្ដែង​នូវ​ការកោតសរសើរ ចំពោះ​បងប្អូន​ប្រជា​ពុទ្ធបរិស័ទ និង សប្បុរសជន​ទាំងអស់ ដែលជា​កម្លាំង​មហា​សាមគ្គី​មួយ​ដ៏​រឹងមាំ បាន​បរិច្ចាក​នូវ​ទ្រព្យធន​ផ្ទាល់ខ្លួន ដើម្បី​លើកស្ទួយ​វិស័យ​ព្រះពុទ្ធសាសនា ឲ្យ​មានការ​អភិវឌ្ឍ​រីកចម្រើន ទុកជា​ផលប្រយោជន៍​រួម​សម្រាប់​ភិក្ខុសង្ឃ ប្រជា​ពុទ្ធបរិស័ទ ធ្វើបុណ្យ​ធ្វើ​ទាន​ក្នុង​ផ្លូវ​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ ។

​ឯកឧត្តម​អ្នកឧកញ៉ា​បណ្ឌិត សៀង ណាំ មានប្រសាសន៍​ទៀតថា ក្រោម​គោលនយោបាយ​ឈ្នះៗ របស់​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​ប្រទេស បានធ្វើ​ឲ្យ​ប្រទេសជាតិ​មាន​សុខសន្តិភាព និង មានការ​អភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ​ទាំង​អាណាចក្រ និង​ពុទ្ធចក្រ និង ដោយ​កត្តា​សន្តិភាព​នេះហើយ បានធ្វើ​ឲ្យ​យើង​ធានាបាន​នូវ​ការសាងសង់​ព្រះវិហារ ដ៏​ស្កឹមស្កៃ​នៅ​ចំពោះមុខ​នេះ ខណៈ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ វិស័យ​ព្រះពុទ្ធសាសនា បាន​កំពុងមាន​ការអភិវឌ្ឍ​រីកចម្រើន ហើយ​ត្រូវបាន​រាជរដ្ឋាភិបាល​យកចិត្ត​ទុកដាក់ និង លើកកម្ពស់​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​យើង​គោរព​ប្រតិបត្តិ ស្របទៅតាម​ទំនៀមទម្លាប់​ប្រពៃណីជាតិ​តទៅ​ថ្ងៃ​អនាគត ។

​នៅក្នុង​ឱកាស​នោះដែរ ឯកឧត្តម​អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ បាន​នាំយក​ថវិកា​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ចំនួន​៥.០០០​ដុល្លារ , ថវិកា​ឯកឧត្តម​ផ្ទាល់​និង​លោកជំទាវ ចំនួន​៥.០០០​ដុល្លារ និង​ថវិកា​គណៈ​អភិបាលខេត្ត​សៀមរាប ២​លាន​រៀល និង ថវិកា​សប្បុរសជន​មួយចំនួនទៀត ប្រគេន​ជូន​វត្ត​សម្រាប់​ប្រើប្រាស់​ទៅតាម​តម្រូវការ ៕​