ជំងឺ​ផ្លូវដង្ហើម​ថ្មី​សម្លាប់​មនុស្ស​កើន​ដល់​៥៦​នាក់​ហើយ និង​អ្នក​ឆ្លង​កើនឡើង​យ៉ាងខ្លាំង​រហូតដល់​ជិត​២០០០​នាក់ ខណៈ​កម្ពុជា​មិនទាន់មាន​ករណី​ឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ទេ​

យោងតាម​សារព័ត៌មាន​របស់​ចិន និង​បណ្តាញ​ព័ត៌មាន​អន្តរជាតិ​ធំៗ​បានចេញ​ផ្សាយ​មុននេះ​បន្តិច​នា​ព្រឹក​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២០​នេះ​ថា វិ​រុស​ផ្លូវដង្ហើម​បានសម្លាប់​មនុស្ស​កើន​ដល់ ៥៦​នាក់​ហើយ ចំណែក​អ្នក​ឆ្លង​វិ​រុស​នេះ​បាន​កើនឡើង​គួរ​ឲ្យ​ព្រួយបារម្ភ​យ៉ាងខ្លាំង​រហូតដល់​១៩៨៥​នាក់ បន្ទាប់ពី​បាន​រកឃើញ​ករណី​វិ​រុស​ឆ្លង​ថ្មីៗ​រាប់រយ​នាក់​ទៀត នៅតាម​បណ្តា​ទីក្រុង​ធំៗ​របស់​ចិន​។​

​ប្រទេស​សិង្ហ​បុរី ករណី​ឆ្លង​បាន​កើន​ឡើងដល់ ៤​ករណី ថៃ ៧​ករណី វៀតណាម ២​ករណី ខណៈ​កម្ពុជា​មិនទាន់មាន​ករណី​ឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ទេ​។

​ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន ឲ្យ​ដឹងថា ក្រុមការងារ​របស់​ក្រសួងសុខាភិបាល បាន​នឹង​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ជាទីបំផុត ព្រមទាំង​បាន​បង្កើន​វិធានការ​ទប់ស្កាត់​នៅតាម​ព្រលានយន្តហោះ និង​តាម​ច្រកព្រំដែន​នានា ដើម្បី​ធានា​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​។​

​ទោះជា​បច្ចុប្បន្ននេះ កម្ពុជា​មិនមាន​ករណី​ជំងឺផ្តាសាយបក្សី​កើតឡើង​ទៀត​ក៏ដោយ និង​ពុំទាន់​រកឃើញ​ករណី​ជំងឺ​រលាក​សួត​បង្កដោយ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​នេះ​ក៏ដោយ ក៏​បុគ្គល​គ្រប់រូប​ត្រូវមាន​ការប្រុងប្រយ័ត្ន​ផ្ទាល់ខ្លួន ក្នុងការ​ការពារ​សុខ​ភាព​ពី​ការឆ្លង​ជំងឺ​ខាងលើ នា​រដូវ​បុណ្យចូលឆ្នាំ​ចិន​នេះ ៕​