ពិធី​បំបួស​កុលបុត្រ​កុលធីតា​លើក​ទី​៩ បានចាប់ផ្ដើម​ហើយ នៅ​វត្ត​អង្គរ​ខាងត្បូង កាលពី​រសៀល​ថ្ងៃមិញ​នេះ​

ពិធី​កោរសក់ បួងសក់ និង​គ្រោង​ស្បង់​ជីពរ នៃ​ពិធី​បំបួស​កុលបុត្រ​កុលធីតា​លើក​ទី​៩ ចំនួន​៤៤៩​អង្គ​នាក់ បានចាប់ផ្ដើម​ហើយ នៅ​រសៀល​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៩​នេះ នៅ​បរិវេណ​វត្ត​អង្គរ​ខាងត្បូង ក្រោម​ព្រះអធិបតីភាព ព្រះ​ធម្ម​សិរី អាភាក​រោ ជុំ គឹម​ឡេង ព្រះ​រាជាគណៈ​កិត្តិយស និង​ជា​ព្រះ​សុ​មង្គល​សិលា​ចា​រ្យ​ព្រះ​មេគណ​ខេត្តសៀមរាប ដោយ​មានការ​និមន្ត និង អញ្ជើញ​ចូលរួម​ពី​សំណាក់​មន្ត្រី​សង្ឃ​ក្នុង​ខេត្ត និង​ពុ​ទ្ឋ​បរិស័ទ​ជាច្រើន​អង្គ​/​នាក់ ។

​ពិធី​នេះ​ដឹកនាំ​ដោយ​ព្រះគ្រូ​ប្រាសាទ​រង្សី សាសន​ធ​រោ ឡា​ច លាង ព្រះ​អនុគណ​ក្រុង​សៀមរាប ហើយ​បាន​បង្កើតជា​គណៈកម្មកា​រ​រៀបចំ​ពិធី​បំបួស​កុលបុត្រ​រយៈពេល​ខ្លី គឺ​រយៈ ពេល​៥​យប់​៦​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៩ ខែឧសភា​ឆ្នាំ​២០១៩​នេះ ក្រោម​ការជួយជ្រោមជ្រែង​គាំទ្រ និង​ឧបត្ថម្ភ​ពី​សំណាក់​ប្រជា​ពុ​ទ្ឋ​បរិស័ទ​ជិត​ឆ្ងាយ និង ក្នុងន័យ​ភ្ជាប់​ជាមួយនឹង​ព្រឹត្តិការណ៍​ទិវា​បុណ្យពិសាខបូជា​ផងដែរ ។

​ព្រះ​តេជគុណ ព្រះគ្រូ​ធម្ម​វិសុទ្ធិ​កោសល ឥន្ទ​បាលី កែវ អាន ព្រះ​វិន័យធរ​អនុគណ​ក្រុង​សៀមរាប និង​ជា​ចៅអធិការ​វត្ត​អង្គរ​ខាងត្បូង មាន​ថេរៈ​ដិ​កា ចាត់ទុក​ការ​បំបួស​កុលបុត្រ កុលធីតា​ខ្មែរ នាឱកាស​នេះ​ថា ជាការ​តបគុណ​ដល់​មាតាបិតា​អាណាព្យាបាល គ្រូ​បា​ព្យា​យ និង ព្រះមហាក្សត្រ​ព្រមទាំង​ថ្នាក់ដឹកនាំ​ជាតិ​របស់​យុវជន និង​រឹងរឹតតែ​ជម្រុញ​ឲ្យ​កុលបុត្រ កុលធីតា​ខ្មែរ​មានការ​ភ្ញាក់រលឹក និង ធ្វើការ​លះបង់​នូវ​អំពើ​ឧបាយ​មុខ​ទាំងឡាយ​ដែល​បាន ប្រព្រឹត្ត​ខុស ចំពោះ​មាតាបិតា គ្រូ​បា​ព្យា​យ និង សង្គមជាតិ​នាពេល​កន្លងមក​។

​ព្រះ​តេជគុណ​ព្រះ​ធម្ម​សិរី អាភាក​រោ ជុំ គឹម​ឡេង មាន​ថេរៈ​ដិ​កា​ថា ពិធី​កោរសក់​បួងសក់​ដល់​កុលបុត្រ​កុលធីតា​ខ្មែរ គឺជា​ប្រពៃណី​ទំនៀមទម្លាប់​របស់​ដូនតា​ខ្មែរ​មាន​ជា​យូរលង់​ណាស់​មកហើយ ដោយ​យើង​យកតាម​លំ​អាន​ព្រះ​សម្មាស​ម្ពុ​ទ្ឋ​បរមគ្រូ​នៃ​យើង ទ្រង់​លះបង់​ឋានៈ កិត្តិយស ទ្រព្យសម្បត្តិ និង​កោរ​កាត់​កេសា​ដើម្បី​សាង​ភ្នួ​ស ដូច​ដែលមាន​បរិយាយ​នៅក្នុង​គម្ពីរ​ព្រះ​ត្រ័យបិតក​ជាដើម​។

​ព្រះអង្គ​មាន​ថេរៈ​ដិ​កា​ទៀតថា ការស្ម័គ្រចិត្ត​លះបង់​សក់ ដែលជា​ទីស្រឡាញ់​របស់​យុវវ័យ គឺជា​ការលះបង់​ធំធេង ដើម្បី​សាង​ភ្នួ​ស​បួស​តបស្នង​សងគុណ ចំពោះ​លោកឪពុក​អ្នក​ម្តាយ​និង​អ្នកមានគុណ​ផង​ទាំងឡាយ ជាពិសេស​បាន​បំពេញ​ជា​កូនប្រុស តាម​ប្រពៃណី​ខ្មែរ ព្រោះថា ប្រពៃណី​ខ្មែរ​យើង​កូនប្រុស​ត្រូវតែ​សាង​ភ្នួ​ស​បួស​ជា​ភិក្ខុ ឬ​សាមណេរ ទោះ​ក្នុង​រយៈពេល​វែង ឬ​ខ្លី​ក៏ដោយ​ក្តី ។

​សូមបញ្ជាក់ថា បើតាម​កម្មវិធី​របស់​គណៈកម្មការ​រៀបចំ​បាន​បែងចែក​កាលវិភាគ សម្រាប់​អនុវត្ត​ប្រចាំថ្ងៃ ដល់​កុលបុត្ត​កុលធីតា ក្នុងអំឡុង​ស្ថិតក្នុង​ភ្នួ​ស ពួកគេ​នឹង ស្វាធ្យាយ​សូត្រ​នមស្ការ​ព្រះ​រតនា​ត្រ័យ សមាទាន​សិ​ល ស្តាប់​ឱវាទ ធ្វើ​សមាធិ ដើរ​ចង្ក្រម និង​ទទួល​នូវ​ការអប់រំ​សិ​ល​ធម៌ ចរិយា​ធម៌ ចូលរួម​ស្តាប់​ការផ្សព្វផ្សាយ​ពី​សុ​វត្តិភាព​ចរាចរណ៍​ផ្លូវគោក និង ស្តាប់​ការផ្សព្វផ្សាយ​អប់រំ​ផលប៉ះពាល់​នៃ​ការប្រើប្រាស់​គ្រឿងញៀន ជួយ​សំអាត​បរិស្ថាន ជាដើម​។​ល​។​