មន្ត្រី​សាខា​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង នឹង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ខេត្តសៀមរាប បាន​ចុះ​ត្រួតពិនិត្យ​នៅតាម​ម៉ា​ត ឪ​សថ​ស្ថាន Super Market លើ​ផលិតផល​ម្សៅ​ទឹកដោះគោ ចំនួន​១១ ទីតាំង​ក្នុង​ក្រុង​សៀមរាប ជាពិសេស​លើ​ផលិតផល​ម្សៅ​ទឹកដោះគោ Nutrilatt តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម​

កាលពី​ព្រឹក​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០២០ មន្ត្រី​សាខា​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង នឹង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ខេត្តសៀមរាប បាន​ចុះ​ត្រួតពិនិត្យ​នៅតាម ម៉ា​ត ឪ​សថ​ស្ថាន Super Market ដោយ​ត្រួតពិនិត្យ​លើ​ទំនិញ​ចំនួន​១១ ទីតាំង​ក្នុង​ក្រុង​សៀមរាប​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ដែល​បាន​ដាក់តាំង​លក់​នៅ​ម្សៅ​ទឹកដោះគោ និង​ផលិតផល​សម្រាប់​ចិញ្ចឹម​ទារក​និង​កុមារ​។ ក្រសួងពាណិជ្ជកម្ម បាន​សង្កេតឃើញថា ការ​ចរាចរ​ផលិតផល​សម្រាប់​ចិញ្ចឹម​ទារក និង​កុមារ នៅលើ​ទីផ្សារ​មួយចំនួន​មិនបាន​អនុវត្តតាម​ខ្លឹមសារ​នៃ​អនុក្រឹត្យ​ស្តីពី​ការផ្សព្វផ្សាយ​លក់​ផលិតផល​សម្រាប់​ចិញ្ចឹម​ទារក និង​កុមារ ដោយ​មិនទាន់បាន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន នៅលើ​សំបក​វេច​ខ្ចប់​ជាប់​នឹង​ផលិតផល​របស់ខ្លួន ដូចជា​ការបង្ហាញ​ណែនាំ​អំពី​វិធី​ប្រើ​ផលិតផល​ជា​ភាសា​ខ្មែរ និង​ជាពិសេស​ពាក្យ​ថា “​គ្មានអ្វី​ប្រសើរ​ជាង​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​តែមួយ​មុខ​គត់​រហូត​បាន​៦​ខែ និង​បន្ត​ការ​បំបៅ​ដោះ​ម្តាយ​រហូត​បាន​អាយុ ២​ឆ្នាំ ឬ​លើស​នេះ​បានឡើយ ”​។​


​លោក ខៀវ បញ្ញា​វឌ្ឍន៍ ប្រធាន​សាខា (​ក​.​ប​.​ប​) ខេត្តសៀមរាប បានបង្ហាញ​អោយដឹងថា ការចុះ​ត្រួតពិនិត្យ​របស់​សាខា (​ក​.​ប​.​ប​) ខេត្តសៀមរាប​នាពេលនេះ ពុំ​ឃើញ​មាន​វត្តមាន​ម្សៅ​ទឹកដោះគោ Nutrilatt នៅលើ​ទីផ្សារ​នៅក្នុង​ខេត្តសៀមរាប​ទៀតឡើយ ហើយ​ម្ចាស់​ទីតាំង​លក់ដូរ​ទាំងអស់​សុទ្ធតែ​បាន​ប្រាប់ថា គឺ​ម្ចាស់​ក្រុម​ហ​ហ៊ុន​ចែកចាយ ពួកគេ​បាន​ប្រមូលយក​ទៅវិញ​អស់ហើយ​។


​លោក ខៀវ បញ្ញា​វឌ្ឍន៍ បាន​សង្កត់ធ្ងន់ថា ដើម្បី​លើកទឹកចិត្ត​ឱ្យ​មានការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ និង​ការធ្វើ​ពាណិជ្ជកម្ម​ដោយ​សុចរិត ក្រសួងពាណិជ្ជកម្ម បាន​ជម្រាបជូន​ដល់​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​នាំចូល ចែកចាយ និង​ផ្គត់ផ្គង់​ផលិតផល​សម្រាប់​ចិញ្ចឹម​ទារក និង​កុមារ​ទាំងអស់ សូម​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​ខ្លឹមសារ​ច្បាប់ និង​ឯកសារ​គតិយុត្ត ដែល​កំពុងមាន​ជា​ធរមាន នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្នុង​រយៈពេល ៣០​ថ្ងៃ បន្ទាប់​ពីថ្ងៃ​ចេញ​សេចក្តីជូនដំណឹង​នេះ ប្រសិនបើ​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន .​ប​. ក ប​. នៃ​ក្រសួងពាណិជ្ជកម្ម រកឃើញ​ផលិតផល​សម្រាប់​ចិញ្ចឹម​ទារក និង​កុមារ​ប្រភេទ​ណាមួយ មិនបាន​អនុវត្តតាម​ខ្លឹមសារ ឬ​មិនបាន​បំពេញ​តាម​លក្ខខណ្ឌ​តម្រូវ​ផ្សេងៗ​ទៀត នៃ​អនុក្រឹត្យ​លេខ ១៣៣ និង​ប្រកាស រួម​លេខ ០៦ ១ សន​រប មន្ត្រី​អគ្គនាយកដ្ឋាន ក​.​ប​.​ប​. នៃ​ក្រសួងពាណិជ្ជកម្ម នឹង​ចាត់វិធានការ​ផ្អាក​ជាប​ណ្តោះ​អាសន្ន​នូវ​ការ​ចរាចរ និង​ដកហូត ចេញពី​ទីផ្សារ ឬ​អនុវត្ត​នីតិវិធី​ផ្សេងៗ​ទៀត ដោយ​អនុលោម​តាមច្បាប់​ស្តីពី​ការគ្រប់គ្រង​គុណភាព សុវត្ថិភាព លើ​ផលិត ផល​ទំនិញ និង​សេវា ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន​ផ្សេងៗ​ទៀត ដោយ​មិន​លើកលែង​នោះឡើយ​៕