អត្តសញ្ញាណប័ណ្ណ​ប្រភេទ​ចាស់​នឹង​ត្រូវអស់​សុពល​ភាព​នៅ​ចុងឆ្នាំ​២០១៨​នេះ​

លោក​វរសេនីយ៍ទោ ផង់ សា​រ៉ា នាយរង​ការិយាល័យ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប មានប្រសាសន៍ថា អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម នៃ​ក្រសួង​មហាផ្ទៃ បានប្រកាសថា អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ចាស់​ទាំង​អស់ នឹង​ត្រូវ​អស់​សុពលភាព​ប្រើប្រាស់​នៅ​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៨​ខាងមុខ​។

​លោក​វរសេនីយ៍ទោ ផង់ សា​រ៉ា បន្តទៀតថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ ដែល​កំពុង​ប្រើប្រាស់​អត្ដ​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ចាស់​ទាំង​អស់ រួម​នឹង​ប្រជាពលរដ្ឋ ដែល​គ្រប់​អាយុ​១៥​ឆ្នាំ​ឡើង ដែល​ពុំ​ទាន់​មាន​អត្ដ​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី សូម​មេត្ដា​រួសរាន់​ទៅ​បំពេញ​បែបបទ ស្នើសុំ​ផ្ដល់​អត្ដ​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​នៅ​តាម ទីតាំង​ដូច​ជា​៖ ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ឃុំ សង្កាត់ ឬ អធិការដ្ឋាន​នគរបាល​ក្រុង ស្រុក ខណ្ឌ ឬ ស្នងការដ្ឋាន​នគរបាល​រាជធានី ខេត្ត ដែល​ខ្លួន​រស់នៅ​។ ដោយ​សាមីខ្លួន​ត្រូវ​ភ្ជាប់​ទៅ​ជាមួយ​នូវ ឯកសារ​រួមមាន​៖ សំបុត្រកំណើត ឬ​សំបុត្រ​បញ្ជាក់​កំណើត សៀវភៅ​គ្រួសារ ឬ​សៀវភៅ​ស្នាក់នៅ ឬ​លិខិត​បញ្ជាក់​ទីលំនៅ និង​អត្ដ​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ចាស់​។

​លោក​វរសេនីយ៍ទោ​រូបនេះ បាន​បញ្ជាក់ទៀតថា ករណី​ដែល​ប្រជាពលរដ្ឋ​មាន​ចំងល់ ឬ​ជួប​ភាពមិនប្រក្រតី​ណាមួយ​ជុំវិញ​ការងារ​នេះ សូម​ទាក់ទង​មក​ការិយាល័យ​ជំនាញ​ផ្ទាល់​ក៏ បាន (​តាមរយៈ​លោក ប្រធានការិយាល័យ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ០១២ ៩០៤ ៩១៩ ឬ​លេខ​របស់​ខ្ញុំ​ផ្ទាល់ ០១៧ ៦៥ ១៦ ៣៦ ។ តាម​ប្រកាស​អន្តរក្រសួង​គាត់​លើក​លេង​អស់​ហើយ​គឺ មិន​តម្រូវឲ្យ​បង់​លុយ ឬក៏​ជម្រិត​យកលុយ ពី​ពលរដ្ឋ​ទេ​)​។

ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​សៀមរាប​ដែល​មាន​អត្តសញ្ញាណប័ណ្ណ​គំរូ​ចាស់ និង​អ្នក​ដែល​គ្រប់​អាយុ ១៥​ឆ្នាំ​ឡើង គិត​ពី​ឆ្នាំ​២០១២ រហូត​ដល់​សព្វថ្ងៃ មាន​ចំនួន ៧១២.៩៩៤​នាក់ ក្នុងនោះ​ពលរដ្ឋ​បាន​មក​បំពេញ​បែបបទ​រួច គិត​ពី​ឆ្នាំ​២០១២ រហូត​ដល់​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ផ្តល់​បាន ចំនួន ៦៩៦.៩៨១​នាក់​។ ចំពោះ​ការចែកជូន​អត្តសញ្ញាណ​ប័ណ្ណ​ដែល​ធ្វើ​រួច ហើយ​បានឲ្យ​ទៅ​ប្រជាពលរដ្ឋ​យកទៅ ប្រើប្រាស់​មាន​ចំនួន ៦៦៣.៥២២​នាក់ ហើយ​នៅសល់​ជាក់ស្តែង​ដែល​ត្រូវ​ផ្តល់​បន្ត​ទៀត ចំនួន ១៦.០១៣​នាក់ ផងដែរ​៕

 

អត្ថ​បទ​៖ អ្នក​នាង​ ស៊ូ​ រក្សា