ថ្ងៃទី​៣០​នេះ ក្រសួងសុខាភិបាល​រក​ឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី ចំនួន​០៤​នាក់​បន្ថែមទៀត ខណៈ​អ្នកជា​សះស្បើយ​ថ្មី​ចំនួន​២​នាក់ ក្នុងនោះ​នៅ​ខេត្តសៀមរាប​ចំនួន​០១​នាក់ សរុប​កើន​ដល់​២៣​នាក់ និង​កំពុង​សម្រាក​ព្យាបាល​៨៤​នាក់ នៃ​អ្នក​ឆ្លង​សរុប​១០៧​នាក់

 

នៅ​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២០​នេះ ក្រសួងសុខាភិបាល បានចេញ​សេចក្ដី​ជូន​ព័ត៌មាន​មួយ ដោយបាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី ចំនួន​០៤​នាក់​បន្ថែមទៀត ក្នុងនោះ​ម្នាក់​ជា​ជនជាតិ​បារាំង និង ចំនួន​០៣​នាក់​ជា​ជនជាតិខ្មែរ រួមមាន ៖
– បុរស​ជនជាតិខ្មែរ អាយុ​៣០​ឆ្នាំ នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជា​អ្នក​បម្រើការ​នៅកាស៊ី​ណូ និង ខារ៉ាអូខេ​មួយ​នៅ​ច្រក​ប៉ោយប៉ែត ,
– បុរស​ជនជាតិខ្មែរ អាយុ​៣៦​ឆ្នាំ នៅ​ស្រុក​ចំការលើ ខេត្តកំពង់ចាម ទើប​វិលត្រឡប់​មកពី​ប្រទេស​ជប៉ុន ,
– ស្ត្រីជន​ជាតិខ្មែរ អាយុ​២០​ឆ្នាំ នៅ​រាជធានី​ភ្នំពេញ ទើប​ត្រឡប់​មកពី​ប្រទេស​អង់គ្លេស ,
– បរុស​ជនជាតិ​បារាំង អាយុ​៦១​ឆ្នាំ នៅ​រាជធានី​ភ្នំពេញ មាន​ប្រវត្តិ​ទៅ​ប្រទេស​ហ្គុ​យ​យ៉ាណា ហើយ​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២០ ។​
​សេចក្ដី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល បានបញ្ជាក់​ទៀតថា ជាមួយគ្នានេះ ក៏មាន​អ្នក​ឆ្លង​កូ​វីដ​១៩ ចំនួន​០២​នាក់ បានជា​សះស្បើយ​បន្ថែម រួមមាន ៖ ១. បុរស​ជនជាតិខ្មែរ អាយុ​៣៨​ឆ្នាំ នៅ​ខេត្តសៀមរាប ដែល​បាន​ឆ្លង​ពី​ជនជាតិ​ជប៉ុន និង ២. បុរស​ជនជាតិខ្មែរ អាយុ​៣៥​ឆ្នាំ នៅ​ខេត្តបន្ទាយមានជ័យ ហើយ​អ្នក​ទាំងពីរ​នាក់ ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​នៅថ្ងៃនេះ ដែល​សរុប​អ្នកជា​សះស្បើយ​កើន​ដល់​២៣​នាក់ ៕