ព្រឹក​មិញ មនុស្ស​ស្លាប់​ម្នាក់​នៅនឹងកន្លែង និង រងរបួស​ធ្ងន់​ស្រាល​២​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ផ្លូវ​វាង​ក្រុង​សៀមរាប ក្នុង​សង្កាត់​ស្រ​ង៉ែ​

សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៩​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង នៅ​ផ្លូវ​វាង​ក្រុង ត្រង់ចំណុច​ភូមិ​ថ្នល់ សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប រវាង​រថយន្ត​ជាមួយនឹង​ម៉ូតូ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់​នៅនឹងកន្លែង និង មនុស្ស​២​នាក់​ផ្សេងទៀត បាន រងរបួស​ធ្ងន់​ស្រាល ។

​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ទៀតថា ករណីនេះ រថយន្ត​ម៉ាក​ហ៊ុយ​សូ ពណ៌​ស លាយ​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 3A-3303 បើកបរ​ដោយ​ឈ្មោះ ថ​ច់ គិ​ម​ឡូញ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រំចេក ឃុំ​ទ្រៀល ស្រុក​បារាយណ៍ ខេត្ត កំពង់ធំ បើកបរ​ក្នុង​ល្បឿន​លឿន មាន​ទិសដៅ​ពី​លិចទៅ​កើត បាន​បុក​ម៉ូតូ​មួយគ្រឿង​ជិះ​គ្នា​៣​នាក់ ម៉ាក​ហុងដា​ឌ្រី​ម ពណ៌ ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង 1R-9672 បើកបរ​ទិសដៅ​ពី​ជើង បត់​ឆ្វេង​ទៅ​កើត ដែល​អ្នកបើកបរ​ឈ្មោះ បាន លុន ភេទ​ប្រុស អាយុ​៧២​ឆ្នាំ ទទួលរង​របួសស្រាល ដឹក​មនុស្ស​ចំនួន​២​នាក់ គឺ ១. ឈ្មោះ ធិ​ន ម៉ៅ ភេទ​ប្រុស អាយុ​៧១​ឆ្នាំ បាន​ស្លាប់​នៅនឹងកន្លែង និង ២. ឈ្មោះ មន ឈួន ភេទ​ប្រុស អាយុ ៦២​ឆ្នាំ ទទួលរ​បួ​ុ​ស​ធ្ងន់ ដែល​អ្នក​ទាំង​៣​នាក់ រស់នៅ​ភូមិ​ដូន​ឡី សង្កាត់​ម្កាក់ ក្រុង​សេរី​សោ​ភ័​ណ្ឌ ខេត្តបន្ទាយមានជ័យ ៕​