ការិយាល័យ​ច្រកចេញចូល​តែមួយ និង​កា​រិ​យា​ប្រជាពលរដ្ឋ របស់​រដ្ឋបាល​ស្រុក​បន្ទាយស្រី ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​ហើយ កាលពី​ព្រឹក​មិញ​នេះ​

ការិយាល័យ​ច្រកចេញចូល​តែមួយ និង​កា​រិ​យា​ប្រជាពលរដ្ឋ របស់​រដ្ឋបាល​ស្រុក​បន្ទាយស្រី ដែលជា​កន្លែង​ប្រមូលផ្ដុំ​ការផ្ដល់សេវា​រដ្ឋបាល​មួយចំនួន​នៅ​កន្លែង​តែមួយ ជូន​ប្រជាពលរដ្ឋ ប្រកបដោយ​គុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និង​បរិ​យា​ប័ន្ន ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​ហើយ កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២០​នេះ ក្រោម​អធិបតីភាព​ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ដោយមាន​ការចូលរួម​ពី​សំណាក់​លោក លោកស្រី ជា​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​នានា​ក្នុង​ខេត្ត មន្ត្រី​អ្នកមុខអ្នកការ​នៃ​រដ្ឋបាល​ស្រុក និង បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​បន្ទាយស្រី​ជាច្រើនរូប​ទៀត ។

​មានប្រសាសន៍​ក្នុងឱកាស​នោះ ឯកឧត្តម ទៀ សីហា បាន​បញ្ជាក់ថា ការរៀបចំ​បង្កើត​ការិយាល័យ​ច្រកចេញចូល​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ នៅ​ថ្នាក់ក្រុង​-​ស្រុក​នេះ គឺ​បាន​ចូលរួម​សម្រេច​នូវ​ចក្ខុវិស័យ​របស់​រា​ជ​រដ្ឋាភិបាល ក្នុង​កម្មវិធី​កំណែទម្រង់ វិមជ្ឈការ និង​វិសហមជ្ឈការ តាមរយៈ​ការលើកកម្ពស់​ប្រសិទ្ធភាព និង​គុណភាព នៃ​ការផ្ដល់សេវា​រដ្ឋបាល​កាន់តែ​ល្អប្រសើរ​ឡើង​ជូន​ប្រជាពលរដ្ឋ ជាពិសេស​ដើម្បី​កាត់បន្ថយ​ភាពស្មុគស្មាញ និង​ភាពសាំញ៉ាំ​នៃ​បែបបទ​និង​នីតិវិធី​រដ្ឋបាល សម្រួល​ជូន​ប្រជាពលរដ្ឋ​ក្នុងការ​ស្នើសុំ​សេវា​នានា ពី​រដ្ឋបាល​សាធារណៈ កាត់បន្ថយ​ជា​អតិបរមា​នូវ​ការិយាធិបតេយ្យ និង​អំពើពុករលួយ ដែល​បាន​ប្រមូលផ្ដុំ​ការផ្ដល់សេវា​រដ្ឋបាល​មួយចំនួន​នៅ​កន្លែង​តែមួយ តាមរយៈ​នៃ​ការធ្វើប្រតិភូកម្ម​មុខងារ ផ្ដល់​សេវា​រដ្ឋបាល​ប្រមាណ​ជាង​២០០​ប្រភេទ​សេវា ពី​ក្រសួង​-​ស្ថាប័ន ចំនួន​១០ ។

​ឯកឧត្តម ទៀ សីហា មានប្រសាសន៍​ទៀតថា ជាមួយគ្នានេះ ការិយាល័យ​ប្រជាពលរដ្ឋ គឺជា​អង្គភាព​អ​ព្យា​ក្រឹត្យ មាន​តួនាទី​ទទួល​សម្របសម្រួល​ដោះស្រាយ​ពាក្យបណ្ដឹង ឬ​ការតវ៉ា​របស់​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​នឹង​ការសម្រេច​របស់​រដ្ឋបាល​មូលដ្ឋាន ឬ​ភាពមិនប្រក្រតី​ណាមួយ ក្នុង​ការផ្តល់សេវា​រប​ស់​មន្ត្រី​នៅ​រដ្ឋបាល​មូលដ្ឋាន ដូច្នេះ​សូម​ឲ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ ដែល​កំពុង​បំពេញការងារ​នៅក្នុង​ច្រក​នេះ ត្រូវ​យកចិត្តទុកដាក់​ធ្វើ​ការងារ​បានល្អ ដើម្បី​ផ្តល់​ភាពងាយស្រួល​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​ស្នាមញញឹម ភាព​រួសរាយ​រាក់ទាក់ និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ទំនុកចិត្ត លើក​ការផ្តល់សេវា​សាធារណៈរ​បស់រ​ដ្ឋ ។

​គួរ​ជម្រាប​ថា ការរៀបចំ​បង្កើត​ការិយាល័យ​ច្រកចេញចូល​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ នៅ​ថ្នាក់ក្រុង ស្រុក ក្នុង​ទូទាំង​ខេត្តសៀមរាប មាន​ចំនួន​៧​កន្លែង លើ​១២​ក្រុង​-​ស្រុក ខណៈដែល​ក្នុង​ឆ្នាំ​២០១៩​កន្លងទៅនេះ រដ្ឋបាល​ខេត្តសៀមរាប​បានផ្ដល់​សេវា​សរុប​ចំនួន​ជាង ១៦.០០០​សេវា ក្នុង​ទំហំ​ទឹកប្រាក់​ចំណូល​សេវា ប្រមាណ​ជាង​៥​ពាន់​លាន​រៀល លើ​វិស័យ​ចំនួន ១៣ ៕​