សម្ពោធ​អគារសិក្សា​ថ្មី​មួយ​ខ្នង​នៅ​សាលាបឋមសិក្សា​ព្រៃធំ ជា​អំណោយ​សប្បុរសជន​អូស្ត្រាលី ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ​

អគារសិក្សា​ថ្មី​មួយ​ខ្នង មាន​៣​បន្ទប់ នៅក្នុង​សាលាបឋមសិក្សា​ព្រៃធំ ស្ថិតក្នុង​សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប ដែលជា​អំណោយ​របស់​សប្បុរសជន​អូស្ត្រាលី តាមរយៈ​អង្គការ​មូលនិធិ​កសាង​អនាគត​ល្អប្រសើរ ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០១៩ ម្សិលមិញ​នេះ ក្រោម​អធិបតីភាព​ឯកឧត្ដម​អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រ​មណ្ឌល​សៀមរាប និង លោក Glen Winkler ប្រធាន​អង្គការ​មូលនិធិ​កសាង​អនាគត​ល្អប្រសើរ ។

​ឧត្ដម​អ្នកឧកញ៉ា សៀង ណាំ មានប្រសាសន៍ថា សន្តិភាព គឺជា​កម្រាល​ផ្លូវ​ដំ​ធំ​ទូលំទូលាយ ក្នុង​ការបើក​ច្រក​ទទួល​ស្វាគមន៍ បណ្តា​អង្គការ​អន្តរជាតិ សមាគម​នានា និង ពី​គ្រ​ប់ម​ជ្ឍ​ដ្ឋា​ន ដែល​បម្រើ​ឲ្យ​ចលនា​ក្នុង​សកម្មភាព​មនុស្សធម៌ ក៏មាន​ឱកាស​យ៉ាង​ពេញលេញ ដើម្បី​បំពេញបេសកកម្ម​ជា​អន្តរជាតិ​របស់ខ្លួន លើទឹក​ដី​នៃ​មាតុភូមិ​កម្ពុជា ដែល​ធ្លាប់​ទទួលរង​វិនាសកម្ម​ដោយ​របប​ប្រល័យពូជសាសន៍ ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ដោយបាន​ចាត់ទុក​វិស័យ​អប់រំ ជា​វិស័យ​អទិភាព​មួយ ក្នុងចំណោម​វិស័យ​អទិភាព​ផ្សេងៗ​ទៀត ជា​ឆ្អឹងខ្នង​នៃ​ការអភិវឌ្ឍ​សង្គម​និង​ប្រទេសជាតិ ។

​ឧត្ដម​អ្នកឧកញ៉ា សៀង ណាំ មានប្រសាសន៍​ទៀតថា ការអប់រំ​កសាង​សមត្ថភាព​កុមារ​តូច​នៅ​ថ្នាក់​មត្តេយ្យសាលា និង ថ្នាក់បឋមសិក្សា គឺជា​មូលដ្ឋាន​នៃ​ការចាប់ផ្តើម​មួយ​ដ៏​សំខាន់​ក្នុង​ប្រព័ន្ធ​អប់រំ​សិក្សា ដើម្បី​បង្កើត​គ្រឹះ​រឹងមាំ និង​សមត្ថភាព​ពេញលេញ​របស់​សិស្ស​កុមា​តូច ឆ្ពោះទៅរក​ឱកាស​នៃ​ការបន្ត​ការសិក្សា​ទទួលបាន​ជោគជ័យ​នៅ​គ្រប់​ក​ម្រឹត​សិក្សា ប្រកបដោយ​គុណភាព​ខ្ពស់ ដើម្បី​ក្លាយខ្លួនជា​យុវជន យុវនារី​ល្អ ជា​អ្នក​បន្តវេន​ដ៏​ក្លៀវក្លា ក្នុងការ​ដឹកនាំ​អភិវឌ្ឍ​ប្រទេសជាតិ​ទៅ​ថ្ងៃ​អនាគត ដែល​ភាសា​សាមញ្ញ​ក្នុងសង្គម​ខ្មែរ​និយាយថា ទំពាំង​ស្នង​ឬ​ស្សី នោះ ។

​លោក Glen Winkler ប្រធាន​អង្គការ​មូលនិធិ​កសាង​អនាគត​ល្អប្រសើរ បាន​ឲ្យ​ដឹងថា អង្គការ​មូលនិធិ​កសាង​អនាគត​ល្អប្រសើរ ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ ២០១៣ បន្ទាប់ពី​មានដំណើរ​ទស្សនកិច្ច​មួយ​មកកាន់​ខេត្តសៀមរាប ដោយ​នាយក​ក្រុមហ៊ុន Kris Matzick និង នាយក Junior Cassandra និង ជា​អង្គការ​សប្បុរសធម៌ បំពេញការងារ​ដោយ​ស្ម័គ្រចិត្ត មាន​ចក្ខុវិស័យ​ដោយ​ផ្តោត​ទៅ​ការលើកកម្ពស់​សុខុមាល​ភាព និង គាំទ្រ​លើ​វិស័យ​អប់រំ​សម្រាប់​សហគមន៍ នៃ ប្រទេស​កំពុង​អភិវឌ្ឍ ។

​លោក Glen Winkler មានប្រសាសន៍​ទៀតថា បេសកកម្ម​របស់​អង្គការ​មូលនិធិ​កសាង​អនាគត​ល្អប្រសើរ គឺត្រូវធ្វើ​ការ​ជាមួយ​សហគមន៍​ដោយផ្ទាល់ ជួយ​ដល់​កុមារ​ដែល​កំពុង​រស់នៅ​ក្នុង​គ្រួសារ​ក្រីក្រ សម្រួល​លទ្ធភាព​ឲ្យ​ពួកគេ​ទទួលបាន​នូវ​ការអប់រំ បង្កើត​ចំណេះដឹង​និង​ជំនាញ ដែល​ទាំងនោះ វា​ជាការ​បង្កើត​ឱកាស​ឲ្យ​ពួកគេ បាន​កសាង​អនាគត​ល្អប្រសើរ ខណៈដែល​នៅក្នុង​មូលដ្ឋាន​សហគមន៍​ព្រៃធំ​នេះ កម្មវិធី​របស់​អង្គការ​មូលនិធិ​កសាង​អនាគត​ល្អប្រសើរ ត្រូវបាន​ផ្តល់​អាហារូបករណ៍​សម្រាប់​សិស្ស​ដែល​ស្ថិតក្នុង​គ្រួសារ​ក្រីក្រ​ចំនួន​១៥០​នាក់​ជា​រៀងរាល់ឆ្នាំ ហើយ​មិន​ត្រឹមតែ​ផ្ដល់​ជា​ឯកសណ្ឋាន​សិស្ស និង​សម្ភារ​សិក្សា​ប៉ុណ្ណោះ​ទេ តែ​ត្រូវបាន​គិតគូរ​ដល់​បញ្ហា​ម្ហូបអាហារ​សម្រាប់​សិស្ស​ទាំងនោះ​ផងដែរ ។

​លោក Glen Winkler មានប្រសាសន៍​បន្ថែមទៀត​ថា លើសពីនេះ អង្គការ​មូលនិធិ​កសាង​អនាគត​ល្អប្រសើរ ត្រូវបាន​អនុវត្ត​កម្មវិធី​របស់ខ្លួន ជួយ​ដល់​សហគមន៍​លើ​ផ្នែក​សុ​ខុ​មា​ភាព តាមរយៈ​នៃ​ការកសាង​លទ្ធភាព​ប្រើប្រាស់​ទឹកស្អាត រួមចំណែក​ជាមួយ​អាជ្ញាធរ​ដែនដី កាត់បន្ថយ​ភាពក្រីក្រ ជូន​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​គោលដៅ ស្របតាម​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល ផងដែរ ៕​