ប្រតិបត្តិ​ករ​ទេសចរណ៍​ខេត្តសៀមរាប គ្រោង​នឹង​រៀបចំ​ព្រឹត្តិការណ៍​ទេសចរណ៍​តាម​រថយន្ត ទៅកាន់​ខេត្ត​ចំនួន​៣​ខេត្ត​នៃ​ប្រទេស​ថៃ​


​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ខេត្តសៀមរាប សហការ​ជាមួយ​រដ្ឋបាលខេត្ត មន្ទីរ​ទេសចរណ៍​ខេត្ត ក្លឹប​សមាគម​ទេសចរ​ណ៍ និង​ទីភ្នាក់ងារ​ទេសចរណ៍ ព្រមទាំង​ប្រតិបត្តិ​ករ​ទេសចរណ៍​ជាច្រើន​ទៀត​ក្នុង​ខេត្តសៀមរាប បានរួម​គ្នា​បង្កើត​ព្រឹត្តិការណ៍​ទេសចរណ៍​ធ្វើដំណើរ​តាម​រថយន្ត ឆ្លងកាត់​ខេត្ត​ចំនួន​៣​នៃ​ប្រទេស​ថៃ​ជា​លើកដំបូង ចាប់ពី​ថ្ងៃទី​២៣​ដល់​ថ្ងៃទី​២៦​ខែតុលា​ឆ្នាំ​២០១៩​នេះ ក្នុង​គោលបំណង​បង្កើន​ស​ម្ព័​ន្ឋ​ភាព​ទេសចរណ៍ រវាង​ថ្នាក់ដឹកនាំ និង អាជ្ញាធរខេត្ត​នានា​នៅ​ប្រទេស​ថៃ និង​ខេត្តសៀមរាប និង ដើម្បី​ស្វែងយល់​បន្ថែម ផ្លាស់ប្តូរ​ដកស្រង់​បទពិសោធន៍ ពីគ្នា​ទៅវិញទៅមក​ពាក់​ព័​ន្ឋ​ទៅនឹង​វិស័យ​ទេសចរណ៍ រវាង​ខេត្តសៀមរាប ជាមួយ​ខេត្ត​នគររាជ​សី​ម៉ា ខេត្ត​បុរី​រ៉ាំ និង​ខេត្ត​ប្រា​ជិន​បុរី នៃ​ប្រទេស​ថៃ ។

​ម្យ៉ាងទៀត ព្រឹត្តិការណ៍​ទេសចរណ៍​តាម​រថយន្ត​នេះ ក៏​ដើម្បី​ពង្រឹង​ទំនាក់ទំនង​អាជីវកម្ម​ទេសចរណ៍​ទៅវិញទៅមក និង​ផ្តល់ព័ត៌មាន​ផ្សេងៗ​ទាក់ទង​ទៅ​ផលិតផល​ទេសចរណ៍​ថ្មីៗ​នឹង​ការអភិវឌ្ឍ​ដទៃទៀត​ពាក់​ព័​ន្ឋ​ទៅនឹង​វិស័យ​ទេសចរណ៍ និង​ពិភាក្សា​រក​ដំណោះស្រាយ​ជួយ​សម្របសម្រួល​បង្កលក្ខណៈ​ងាយស្រួល រួមគ្នា​កាត់បន្ថយ​ភាព​ស្មុ​គ្រ​ស្មាញ​នូវ​របាំង​ឆ្លងដែន​លើ​លិខិតស្នាម​ឯកសារ​ដែល​មិនចាំបាច់​ដល់​សាធារណៈជន​ទូទៅ​នៃ​ប្រទេស​ទាំងពីរ​ដែលមាន​បំណង​ចង់​ធ្វើដំណើរ​ទេសចរណ៍​កំសាន្ត តាម​រថយន្ត​ផ្ទាល់ខ្លួន ទៅកាន់​ខេត្ត​ផ្សេងៗ​នៃ​ប្រទេស​ទាំងពីរ ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ​និង​ងាយស្រួល​ជាង​មុន​។

​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​រសៀល​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ លោក ហ្វី​លី​ព កៅ ប្រធាន​ក្លឹប​សមាគម​ទេសចរណ៍​ខេត្តសៀមរាប បាន​លើកឡើងថា ក្នុង​ដំណើរ​ទេសចរណ៍​នេះ សមាគម​ទេសចរណ៍​ខេត្តសៀមរាប នឹង​ចុះ​អនុ​ស្សាណៈ​ជាមួយ​អាជ្ញាធរ​ទេសចរណ៍​នៅ​ខេត្ត​ទាំងបី​នៃ​ប្រទេស​ថៃ ស្តីពី​ការពង្រឹង​ទំនាក់ទំនង វិស័យ​ទេសចរណ៍​ទៅវិញទៅមក ព្រមទាំង​ជួបពិភាក្សា​ជាមួយ​ធុរៈកិច្ច​មួយចំនួន​ផងដែរ​។

​លោក ផាវ ព្រឿ​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា ប្រចាំខេត្ត​សៀមរាប អះអាងថា ក្នុងឱកាស​ធ្វើដំណើរ​ទេសចរណ៍​តាម​រថយន្ត​ទៅកាន់​ប្រទេស​ថៃ​លើកដំបូង​នេះ ក្រុមហ៊ុន​បាន​ត្រៀម​រួចជាស្រេច​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ពាក់​ព័​ន្ឋ​ទៅនឹង​ផលិតផល និង​វិស័យ​ទេសចរណ៍​ដែលមាន​នៅក្នុង​ខេត្តសៀមរាប ដើម្បី​យកទៅ​បង្ហាញ​ដល់​ប្រតិបត្តិ​ករ និង​អាជ្ញាធរ​ទេសចរណ៍​ព្រមទាំង​ធុរៈកិច្ច​នៃ​ប្រទេស​ថៃ អំពី​សក្តានុពល​និង​ការអភិវឌ្ឍ​នៃ​វិស័យ​ទេសចរណ៍​របស់​ខេត្តសៀមរាប​ក៍​ដូចជា​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងមូល​ផងដែរ ។

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោក ង៉ូ​វ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បាន​សម្ដែង​នូវ​ការកោតសរសើរ និង គាំទ្រ​ចំពោះ​គំនិត​ផ្តួចផ្តើម​បង្កើតឱ្យមាន​ព្រឹត្តិការណ៍​នេះ​ឡើង ព្រោះថា សកម្មភាព​នៃ​ព្រឹត្តិការណ៍​នេះ​ជា​សកម្មភាព​ជួយ​ផ្សព្វផ្សាយ​រួមគ្នា​ជាមួយ​វិស័យ​ទេសចរណ៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ខេត្ត​ទាំងបី​នៃ​ព្រះរាជាណាចក្រ​ថៃឡង់ ជាពិសេស​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរខេត្ត​តាម​ជាប់​ព្រំដែន មួយចំនួន​របស់​ថៃ​ជាមួយ​កម្ពុជា ដើម្បី​រិះរក​ភាព​វិជ្ជមាន ជួយ​សម្របសម្រួល​បញ្ចៀស​នូវ​របាំង​មិនចាំបាច់​តាម​ច្រកព្រំដែន ធ្វើយ៉ាងណា​ឱ្យ​អ្នកទេសចរ​នៃ​ប្រទេស​ទាំងពីរ​ចេញចូល​ទៅមក​ដោយ​ងាយស្រួល និង​មិន​ស្មុ​គ្រ​ស្មាញ បើ​ជួប​បញ្ហា​ផ្សេងៗ យើង​នឹង​បន្ត​រួមគ្នា​ដោះស្រាយ​នៅពេល​ក្រោយៗ​ទៀត​។

​សូម​ជំរាប​ថា ៖ គម្រោង​នៃ​ការធ្វើដំណើរ​នេះ នឹងមាន​ប្រតិបត្តិ​ករ​ទេសចរណ៍​ចូលរួម​ប្រមាណ​ជា​១០០​ទៅ​១២០​នាក់ រីឯ​ការចំណាយ​សោហ៊ុយ​លើ​មធ្យោបាយ​ធ្វើដំណើរ ហូបចុក និង​ការ​ស្នាក់នៅ​ផ្ទាល់ខ្លួន ដោយ​ត្រូវ​បង់​ជូនទៅ​គណៈកម្មការ​រៀបចំ​កម្ម​វិធី​ក្នុង​ម្នាក់​២៥០​ដុល្លារ ហើយ​ក្រុម​ទេសចរណ៍​នេះ នឹង​បាន​ជួប​ស្វាគមន៍​ដោយ​អាជ្ញាធរខេត្ត​ទាំងបី​នៃ​ប្រទេស​ថៃ និង​បាន​ទៅ​ទស្សនា​តំបន់​រមណីយដ្ឋាន​ធម្មជាតិ និង​រមណីយដ្ឋាន​កែច្នៃ​ក្នុង​ខេត្ត​ទាំងបី មានដូចជា​ទៅ​ទស្សនា​ទេសភាព​តាមផ្លូវ​នៅលើ​ភ្នំ​ខោ​យ៉ៃ ទស្សនា​សារមន្ទីរ ទស្សនា​ចម្លាក់​ឈើ ទស្សនា​គ្រោង​ឆ្អឺ​ង​ដំរី​នៃ​សម័យ​បុរេប្រវត្តិ ទស្សនា​សារមន្ទីរ​ដាយ​ណូ​ស័​រ ទស្សនា​ប្រាសាទភ្នំ​រូង ជាដើម ៕​