វិធានការ​របស់​អាជ្ញា​ធរ និង​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ផ្តល់​ជំនាញ​បន្ថែម​ដល់​អាជ្ញាធរ​មូលដ្ឋាន ក្នុង​ការដោះស្រាយ​អំពើហិង្សា​លើ​ស្ត្រី​

លោកស្រី ងិន សារិន ប្រធាន​ការិយាល័យ​ការពារ​ផ្លូវច្បាប់ នៃ​មន្ទីរ​កិច្ចការនារី​ខេត្ត មានប្រសាសន៍ថា ដោយ​មន្ទីរ​កិច្ចការនារី​មិន​មាន​កញ្ចប់​ថវិកា​ក្នុង​ការ​ផ្តល់​ជំនាញ​បន្ថែម​ដល់ អាជ្ញាធរ​មូលដ្ឋាន​នោះ​ទេ តែ​ទោះជា​យ៉ាងណា​មន្ទីរ​ក៏​មិន​ប្រងើយ​បន្តើ​យនោះដែរ ដោយ​ខាង​មន្ទីរ​កិច្ចការនារី​បាន​សហការ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ដូចជា​៖ អង្គការ CWCC អង្គការ​បន្ទាយស្រី និង​អង្គការ​ដៃគូ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ដើម្បី​ជួយ​ជ្រោមជ្រែង​ការងារ​នេះ ឲ្យមាន​ប្រសិទ្ធភាព​។

​លោកស្រី ងិន សារិន បាន​អំពាវនាវ​ថា បើសិន​ជា​ប្រជាពលរដ្ឋ​ណាមួយ​ចង់​បាន​សេវា គាំទ្រ​ផ្នែក​ច្បាប់​ក្នុង​ការដោះស្រាយ​អំពើហិង្សា​លើ​ស្ត្រី​នោះ ក៏​អាច​ទំនាក់ទំនង​មក​លោក​ស្រី ផ្ទាល់​ក៏​បាន តាមរយៈ​លេខ​ទូរស័ព្ទ ០១២ ៣០ ២៩ ៧៥​។

​លើ​បញ្ហា​នេះដែរ លោក អឹម ផល្លី ប្រធាន​គ្រប់គ្រង​តំបន់​ប្រចាំការ របស់​អង្គការ​កម្ពុជា​ដើម្បី​ជួយ​ស្ត្រី​មាន វិបត្តិ (CWCC) បាន​លើកឡើង​ដែរ​ថា ដោយ​ថវិកា​មានកំណត់​ក្នុង​នោះ​ខាង​លោក​ក៏​បាន​ជ្រើស យក​តំបន់​គោលដៅ​ចំនួន​៣ គឺ ក្រុង​សៀមរាប ស្រុក​ពួក និង​ស្រុក​អង្គរ​ធំ ដើម្បី​ធ្វើ​ការបណ្តុះបណ្តាល​ជំនាញ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ការដោះស្រាយ​អំពើហិង្សា​លើ​ស្ត្រី​៕

 

អត្ថ​បទ​៖​ អ្នក​នាង​ ស៊ូ​ រក្សា