សម្តេច​តេ​ជោ ហ៊ុន សែន សម្រេច​បញ្ចុះតម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ចំនួន​៤​សេន​ដុល្លារ​ក្នុង​មួយ​លីត្រ ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​១៥ ខែតុលា​

​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម ចុះ​ថ្ងៃទី​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៩​នេះ បាន​ឲ្យ​ដឹងថា ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ប្រជាជន និង​ដោយមាន​ការរួមចំណែក​ពី​ក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានសម្រេច​បញ្ចុះតម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា ចំនួន​៤​សេន​ដុល្លារ​ក្នុង​មួយ​លីត្រ ដោយ​ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៩​នេះ ក្នុងនោះ​សម្រាប់​សាំង​ធម្មតា EA92 តម្លៃ ៣.៧៥០ រៀល​ក្នុង​មួយ​លីត្រ និង សម្រាប់​ប្រេងម៉ាស៊ូត តម្លៃ ៣.៦០០ រៀល​ក្នុង​មួយ​លីត្រ ។​

​តាម​សេចក្តីជូនដំណឹង បានបញ្ជាក់​បន្ថែមថា បើ​ផ្អែក​តាម​តម្លៃ​មធ្យម​ប្រេងឥន្ធនៈ​លើ​ទីផ្សារ​អន្តជាតិ ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​ពីថ្ងៃ​ទី​០១ ដល់ ១៥ ខែតុលា ឆ្នាំ​២០១៩ នឹងត្រូវ​លក់ ៣.៩១៧​រៀល​ក្នុង​មួយ​លីត្រ សម្រាប់​សាំង​ធម្មតា EA92 និង ៣.៧៩៧​រៀល​ក្នុង​មួយ​លីត្រ សម្រាប់​ប្រេងម៉ាស៊ូត ៕​