ឧកញ៉ា សៀង​ ណាំ​ ៖ កត្តា​សន្តិភាព បាន​ជំរុញ​ប្រទេស​មាន​ការអភិវឌ្ឍន៍

មានប្រសាសន៍​សំណេះសំណាល​ជាមួយ​បុគ្គលិក​គ្រូឧទ្ទេស និង​គរុ​សិស្ស​ជំនាន់​ទី​៣៥ និង​ទី​៣៦ ចំនួន​៤៣៩​នាក់ នៅ​សាលា​គរុកោសល្យ​និង​វិក្រឹតការ​ខេត្តសៀមរា​ប នា​ព្រឹក​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៨​នេះ ឯកឧត្តម​អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប​ឯកឧត្តម​អ្នកឧកញ៉ា សៀង ណាំ បានបញ្ជាក់​ថា ក្រោម​ម​ការដឹកនាំ​ដ៏​ឈ្លាសវៃ របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា អស់​រយៈពេល​ជាង​៣​ទស្សវត្សរ៍​មក​នេះ ប្រទេស​កម្ពុជា​មាន​ភាព​ម្ចាស់ការ​ពេញលេញ​ក្នុង​ការដឹកនាំ​ជោគវាសនា​ដ៏​ប្រពៃ​របស់​ខ្លួន ដើម្បី​ស្វែងរក​សន្តិភាព វឌ្ឍនភាព និង​សេចក្តីថ្លៃថ្នូរ ជូន​ប្រជាជន​ខ្មែរ​គ្រប់រូប​ពោល គឺ​កម្ពុជា​មាន​សន្តិភាព​ពេញលេញ មាន​ឯករាជ្យភាព មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់ និង​មាន​ប្រជាធិបតេយ្យ​ពិតប្រាកដ ។

​ឯកឧត្តម​អ្នកឧកញ៉ា សៀង ណាំ មានប្រសាសន៍​ទៀត​ថា ក្រោម​គោលនយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​តេជោ ហ៊ុន សែន បាន​ធ្វើ​ប្រទេសជាតិ​មាន​សុខសន្តិភាព​ពេញបរិបូរណ៍​ក្នុង​ទូទាំង​ប្រទេស បាន​ធ្វើឲ្យ​ប្រទេស​ជាតិ​មាន​ការអភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​លើ​គ្រប់​វិស័យ រួមទាំង​ជីវភាព​រីកចម្រើន​ប្រចាំថ្ងៃ​របស់​បងប្អូន​ប្រជាពលរដ្ឋ​យើង​ផងដែរ ដូច្នេះ​ដើម្បី​បន្ត​និរន្តរភាព​នៃ​សុខ​សន្តិភាព​បន្តទៀត​នោះ គឺ​យើង​គ្រប់ៗ​គ្នា ត្រូវតែ​គាំទ្រ​លើ​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន ជា​បន្ត​ទៀត តាមរយៈ​នៃ​ការចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ ។

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម​អ្នកឧកញ៉ា សៀង ណាំ បាន​ឧបត្ថម្ភ​ដល់​លោកគ្រូ​អ្នកគ្រូ​និង​គរុ​សិស្ស​ទាំងអស់ ដែល​ក្នុង​ម្នាក់ៗ ទទួលបាន​សារុង​១ , ប្រាក់​ចំនួន​១​ម៉ឺន​រៀល និង​បាន​ជួយ​ឧបត្ថម្ភ​ថវិកា​ចំនួន​៣.៥០០​ដុល្លារ សម្រាប់​រៀបចំ​ពិធី​ជប់លាង​ហូប​បាយ​សាមគ្គី ៕

​អត្ថបទ និង រូបថត ៖ លោក ទ្រា ពន្លឺ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​