ជនពិការ​កាយសម្បទា​ម្នាក់ បង្ហាញ​នូវ​ទេពកោសល្យ​របស់ខ្លួន ក្នុង​កម្មវិធី «​តោះ​ជិះ​កង់​ដើម្បី​សហគមន៍​» ឆ្នាំ​២០១៩ នៅ​ខេត្តសៀមរាប​

តាមរយៈ​នៃ​បទ​ចម្រៀង​យ៉ាង​ពិ​រោះ អម​ជាមួយ​សំឡេង​ហ្គី​តា ចំនួន​២​បទ របស់លោក សុ​ផា​ណា ជនពិការ​កាយសម្បទា​ម្នាក់ រស់នៅក្នុង​ខេត្តសៀមរាប ដែល​បាន​ច្រៀង​នៅក្នុង​កម្មវិធី «​តោះ​ជិះ​កង់​ដើម្បី​សហគមន៍​» ឆ្នាំ​២០១៩ នៅ​ខេត្តសៀមរាប កាល​ព្រឹក​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៩ ម្សិលមិញ​នេះ បានធ្វើ​ឲ្យ​អ្នកចូលរួម​ក្នុង​កម្មវិធី​ប្រមាណ​ជិត​មួយ​ពាន់ សម្ដែង​នូវ​ការចាប់អារម្មណ៍ និង ស្ងើចសរសើរ​គ្រប់គ្នា នូវ​ទឹកដម​សំឡេង​យ៉ាង​ពិ​រោះ​រណ្ដំ បើទោះជា​ស្ថិតក្នុង​កាយសម្បទា​ពិការ តែ​ការបញ្ជា​ចេញពី​បេះដូង​មនុស្សធម៌​ជាមួយ​ជីវិត​ដ៏​កំសត់ លោក សុ​ផា​ណា ធ្វើបាន​យ៉ាង​ល្អ បានធ្វើ​ឲ្យ​ព្រឹត្តិការណ៍​នេះ ពោរពេញ​ដោយ​រសជាតិ​នៃ​សាមគ្គីធម៌​របស់​មនុស្ស​យើង

​លោក សុ​ផា​ណា បាន​បញ្ជាក់ថា ថ្វីត្បិតតែ​លោក​ពិការ​កាយសម្បទា តែ​ចិត្ត​លោក​មិន​ពិការ​ទេ ហើយក៏​មិន​ខ្វះ​ឆន្ទៈ​ដែរ
​ហើយ​បើទោះជា​មាន ឬ​ក្រ រូប​កាយ​ល្អ​ឬ​អាក្រក់ ពេល​អស់​ជីវិត​ទៅ មិនអាច​យក​អ្វី​ទៅជា​មួយ​ក្រៅពី​បុណ្យ និង បាប​ប៉ុណ្ណោះ ហើយ​សម្រាប់​ពេល​នៅមាន​ជីវិត តើ​យើង​ត្រូវធ្វើ​អ្វីខ្លះ ដើម្បី​ចូលរួម​ក្នុង​ចលនា​សង្គម ដូច្នេះ ជា​កិត្តិយស​ណាស់​សម្រាប់​រូបលោក ដែល​បានបង្ហាញ​ទេពកោសល្យ​របស់ខ្លួន នៅក្នុង​ព្រឹត្តិការណ៍ «​តោះ​ជិះ​កង់​ដើម្បី​សហគមន៍​» លើក​ទី​៦ ដែល​រៀបចំឡើង​ដោយ​សមាគម​អ្នកជិះ​កង់​ខេត្តសៀមរាប ហើយ​ប្រមូលបាន​មូលនិធិ​សប្បុរសធម៌​ជាង​២​ម៉ឺន​ដុល្លា​អាមេរិក ដែល​ត្រូវបាន​យកទៅ​បរិច្ចាគ​ជូន​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា​ខេត្តសៀមរាប​ទាំងអស់ ៕​