សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត នាំយក​ទៀន​ព្រះវស្សា និង​ទេយ្យទាន​ប្រគេន​ព្រះសង្ឃ​វត្ត​ចំពុះក្អែក​

(​ភ្នំពេញ​)៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ព្រមទាំង​បុត្រាបុត្រី ចៅប្រុស ចៅស្រី អមដោយ​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​ជាច្រើនរូប​ទៀត នៅ​រសៀល​ថ្ងៃ​ចន្ទ ១​រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០២០ ដែលជា​ថ្ងៃបុណ្យ​ចូល​ព្រះវស្សា​នេះ បាន​នាំយក​ទៀន​ព្រះវស្សា បច្ច័យ ទេយ្យទាន សម្ភារ បរិក្ខា​ជាច្រើន​មុខ ប្រគេន​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​នៅ​វត្ត​មុនី​សុវណ្ណ ហៅ​ចំពុះក្អែក ស្ថិតនៅក្នុង​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។

​បុណ្យ​ចូល​ព្រះវស្សា គឺជា​ពិធីបុណ្យ​មួយ​ដ៏​មាន​សារសំខាន់​ក្នុង​ព្រះពុទ្ធសាសនា​។ ជា​ពេលវេលា ដ៏​សំខាន់​សម្រាប់​ភិក្ខុសង្ឃ និង​សាមណេ​បាន​រៀន​ធម៌ និង​វិន័យ​យ៉ាង​ខ្ជាប់ខ្ជួន​តាម​ពុទ្ធឱវាទ​រយៈពេល​ប្រមាណ​ជា​៣​ខែ​។ ពិធីបុណ្យ​ចូល​ព្រះវស្សា គឺជា​ការរៀបចំ​ឱ្យ​ឈប់សម្រាក​នៅទីណា​មួយ ឬ​ក្នុង​វត្ត​អារាម​ណាមួយ ក្នុង​រយ​:​ពេល​៣​ខែ​ក្នុង​រដូវ​ធ្លាក់ភ្លៀង និង​មិន​អនុញ្ញាតឱ្យ​និមន្ត​ទៅ​ទី​ឆ្ងាយ ដោយ​ដាច់​រាត្រី​ឆ្លង​ថ្ងៃ​នោះឡើយ លើកលែង​តែមាន​ភារកិច្ច​សំខាន់​ចាំបាច់ ដូចជា​ឪពុកម្តាយ​ឈឺ​ធ្ងន់ ឬ​និមន្ត​ទៅ​សម្តែងធម៌​ជាដើម ដោយ​តាំងចិត្ត ត្រលប់​មកវិញ​ក្នុង​រយ​:​ពេល ៧​ថ្ងៃ​។

​ពិធីបុណ្យ​ចូល​ព្រះវស្សា ប្រារព្ធ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ​ចាប់ពី​ថ្ងៃ​១​រោច ខែ​អាសាធ ដល់​ថ្ងៃ​១៥ កើត ខែអស្សុជ​។ ពិធី​ត្រូវបាន​ចាប់ផ្តើម​នៅ​ល្ងាច​ថ្ងៃទី ១៥​កើត ខែអាសាឍ ដោយមាន​ការចូលរួម​ពី​សំណាក់ បងប្អូន ចាស់ទុំ ចំណុះជើងវត្ត នាំគ្នា​ហែរ​ទៀនវស្សា សំពត់ សាដក និង​សម្ភារ​ប្រើប្រាស់​ផ្សេងៗ ហែរ​ជុំវិញ​ព្រះវិហារ និង​បន្ទាប់មក​សម្តែងធម៌​ទេសនា និង​វេរ​ទៀនវស្សា សម្ភារ​ប្រគេន​ព្រះសង្ឃ​។

​ប្រជា​ពុទ្ធបរិស័ទ​ខ្មែរ ដែលជា​អ្នកមាន​ជំនឿ​មុតមាំ​ទៅលើ​ព្រះពុទ្ធសាសនា នៅមុន​ឈាន​មកដល់​នៃ​កាលបរិច្ឆេទ​ចូល​ព្រះវស្សា​នេះ តែង​បាន​នាំយក​ទៀន​ព្រះវស្សា និង​ទេយ្យទាន​ផ្សេងៗ​ទៅ​ប្រគេន​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា ដែល​មិន​មានការ​និមន្ត​បិណ្ឌ​បាត្រ​នេះ​។

​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​ក្រុមគ្រួសារ ជា​ពុទ្ធសាសនិក ដែលមាន​ជំនឿ​យ៉ាង​មុតមាំ​ចំពោះ​ព្រះពុទ្ធសាសនា​។ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​ក្រុមគ្រួសារ​តែងតែ​នាំយក​ទៀន​ព្រះវស្សា និង​ទេយ្យទាន​ប្រគេន​ព្រះសង្ឃ​នៅតាម​ទី​អា​តាម​នានា​ជា​រៀងរាល់ឆ្នាំ ពេល​គង់​ចាំ​ព្រះវស្សា​រយៈពេល​៣​ខែ​នេះ​។

​ពិធី​ប្រគេន​ទៀន​ព្រះវស្សា និង​ទេយ្យទាន​ត្រូវបាន​ធ្វើឡើង​តាម​លំ​អាន​ព្រះពុទ្ធសាសនា​ខ្មែរ​។ ក្នុងឱកាស​នោះ​ក៏មាន​ការសូត្រ​មន្ត​ប្រោស​ព្រំ​ប្រសិទ្ធ​ពរជ័យ​ជូន​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​បុត្រា បុត្រី ចៅប្រុស ចៅស្រី​ជាទី​ស្រឡាញ់ និង​មន្ត្រីរាជការ​ដែល​បាន​អញ្ជើញ​ចូលរួម​ផងដែរ​។

​កាយវិការ​ប្រកបដោយ​សទ្ធា​ជ្រះថ្លា​របស់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក្នុងការ​នាំយក​នូវ​ទៀន​ព្រះវស្សា និង​ទេយ្យទាន​នេះ ដើម្បី​ជួយ​ផ្គត់ផ្គង់​ដល់​ចង្ហាន់​ព្រះសង្ឃ និង​ជួយ​ទ្រទ្រង់​ដល់​ព្រះពុទ្ធសាសនា​ហើយ​នោះ​។ ការនាំយក​ទៀន​ព្រះវស្សា និង​ទេយ្យទាន​ទាំងនេះ ដើម្បី​ប្រមូល​នូវ​បុណ្យ​កុសល​ទាំងឡាយ​កើតចេញពី​សទ្ធា​ជ្រះថ្លា​នេះ ក៏​ដើម្បី​ប្រមូល​បុណ្យ​កុសល​ឧទ្ទិស​ជូន​វិញ្ញាណក្ខន្ធ​លោកឪពុក អ្នក​ម្តាយ ជីដូន​ជីតា ញាតិ​ការ​ទាំង​៧​សណ្តាន និង​ជូន​ដល់​វិញ្ញាណក្ខន្ធ​បុព្វ​បរុស​ខ្មែរ យុទ្ធជន យុទ្ធ​នារី​ខ្មែរ​ទាំងឡាយ ដែល​បាន​ពលី​ជីវិត​ក្នុង​បុព្វហេតុ​ជាតិ​ឱ្យបាន​ទៅកាន់​សុគតិភព និង​ទីឋាន​ដ៏​គាប់ប្រសើរ​៕​