អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ​ត្រៀម​លក្ខណៈ​ខ្ពស់ សម្រាប់​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ

ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក ឆាយ គឹម​ខឿន ប្រធាន​សេនាធិការ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​មានប្រសាសន៍ថា ក្នុង​ឱកាស​នេះ ក្នុង​នាម​ថ្នាក់ដឹកនាំ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សូម​សម្ដែង​នូវ​ការកោតសរសើរ​ចំពោះ​កងកម្លាំង​នគរបាល​ទាំងអស់​ក្នុង​ខេត្ត​សៀមរាប ដែល​រយៈកាល​កន្លងមក បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការអនុវត្តន៍​នូវ​តួនាទី​ភារកិច្ច​ជំនាញ​របស់​ខ្លួន សម្រាប់​ការរក្សាសន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​បាន​យ៉ាង​ល្អប្រសើរ ជូន​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​គណៈប្រតិភូ​ជាន់ខ្ពស់​ជាតិ អន្តជាតិ និង​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ ប៉ុន្តែ​ភារកិច្ច​សំខាន់ និង ចាំបាច់​បំផុត​របស់​កង​កងកម្លាំង​នគរបាល​យើង​ចំពោះ​មុខ​នេះ គឺ​កិច្ចការពារ​ថែរក្សា​សន្តិសុខ សុវត្ថិភាព និង សណ្ដាប់ធ្នាប់​សាធារណៈ សម្រាប់​កិច្ចដំណើរការ​បោះឆ្នោត​ជ្រើ​រើស​តំណាងរាស្ត្រ នីតិកាល​ទី ៦ ដែល​នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃ​អាទិត្យ ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ។

​ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក ឆាយ គឹម​ខឿន មានប្រសាសន៍​ទៀត​ថា ដើម្បីឲ្យ​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ ប្រព្រឹត្តទៅ​ដោយ​រលូន និង មាន​តម្លាភាព​នោះ សូម​ឲ្យ​មន្ត្រីនគរបាល​ទាំងអស់ ត្រូវ​ត្រៀម​ខ្លួន​ឲ្យបាន​មធ្យ័ត​បំផុត តាមដាន ត្រួតពិនិត្យ​សភាពការណ៍ និង ត្រៀម​អន្តរាគមន៍ តាម​ការស្នើសុំ​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ក្នុងករណី​មាន​ការអុកឡុក ការគំរាមកំហែង អំពើហិង្សា​ល្មើសច្បាប់​ផ្សេងៗ ដែល​នាំ​ឲ្យ​រាំងស្ទះ​ដល់​ដំណើរការ​នៃ​ការបោះឆ្នោត រួម​ទាំង​ការយកចិត្តទុកដាក់​អនុវត្ត​បន្ត​ទៀត និង ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ក្នុង​ការបង្ការ​ទប់ស្កាត់​បទល្មើស​គ្រប់​ប្រភេទ ពិសេស​ទប់ស្កាត់​នូវ​រាល់​ល្បិចកល និង​ឧបាយកល​របស់​ក្រុម​ពពួក​ជនខិលខូច ជាពិសេស​ត្រៀម​ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង ក្នុង​ករណី​ចាំបាច់ ដើម្បី​ចេញ​ជួយ​អន្តរាគមន៍​រាល់​សភាព​ការដែល​កើតមានឡើង​ជា​យថាហេតុ ។

​ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក ឆាយ គឹម​ខឿន មានប្រសាសន៍​ដូច្នេះ ក្នុងឱកាស​ចុះ​ត្រួតពិនិត្យ​កងកម្លាំង​នគរបាល​អន្តរាគមន៍​ពិសេស ចំនួន​២០០​នាក់ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៨​នេះ ៕

​អត្ថបទ និង រូបថត ៖ លោក ថាច់ ពិ​សុទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
#​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​