នគរបាល​ខេត្តសៀមរាប បង្ហាញថា បទល្មើស​គ្រឿងញៀន​ដើមឆ្នាំ​២០១៩​នេះ មានការ​ថយចុះ​

លោក​វរៈសេនីយ៍ឯក អ៊ុំ សា​អាត នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល​៣​ខែ​ដើមឆ្នាំ​២០១៩​នេះ ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​បានធ្វើការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​ចំនួន​១០០​ករណី ឃាត់ខ្លួន​បាន​១២៨​នាក់ ថយចុះ​២៥​ករណី ស្មើ​និង ២១% បើ​ធៀប​និង​រយពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៨ បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​ចំនួន​១២៧​ករណី ឃាត់ខ្លួន​បាន​៣២៤​នាក់ ។

​លោក​វរៈសេនីយ៍ឯក អ៊ុំ សា​អាត បាន​ឲ្យ​ដឹង​បន្ថែមទៀតថា ការថយចុះ​នៃ​ការប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​នេះ ដោយសារ​នគរបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ​ចាត់វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​ការ​បទល្មើស​គ្រឿងញៀន និង​ផ្សព្វផ្សាយ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្តិភាព តាម​មូលដ្ឋាន​ជា​បន្តបន្ទាប់ ហើយ​មានការ​ចូលរួម​ពី​កម្លាំង​ប្រជា​ការពារ និង​ការរាយការណ៍​របស់​ប្រជាពលរដ្ឋ​ពី​ករណី​ប្រើប្រាស់​គ្រឿងញៀន ។

​ជាមួយគ្នា​នោះដែរ លោក​វរៈសេនីយ៍ឯក អ៊ុំ សា​អាត បាន​អំពាវនាវ​ដល់​យុវវ័យ​គ្រប់រូប​ត្រូវ​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន និង មាតា បិតា អាណាព្យាបាល ទាំងអស់​ត្រូវ​អប់រំ​កូន​ឲ្យ​បានល្អ និង​តាមដាន​រាល់​សកម្មភាព​ប្រចាំថ្ងៃ ។

​ការលើកឡើង​បែបនេះ​របស់លោក​វរៈសេនីយ៍ឯក អ៊ុំ សា​អាត នៅក្នុង​កម្មវិធី​សន្ទនា​មតិ​នៅ​ថ្ងៃទី​១៣ ខែ​មិនា ឆ្នាំ​២០១៩ លើ​ប្រធានបទ​៖​វិធានការ​បង្ក្រាប​បទ​ល្មើស​គ្រឿន​ញៀន​ឆ្នាំ​២០១៩ ៕

អត្ថបទ​៖ លោក សឿង សារិន