មន្ត្រីនគរបាល​ម្នាក់ ត្រូវបាន​ឃាតករ​ចាក់​សម្លាប់​នៅ​តាម​ដង​​ផ្លូវ សង្ស័យ​រឿង​គំនុំ​

តាម​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប​បានឲ្យដឹងថា មន្ត្រីនគរបាល​ម្នាក់ នៃ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សង្កាត់​គោកចក ក្រុង​សៀមរាប ត្រូវបាន​ឃាតករ​ចាក់​សម្លាប់​នៅ​តាម​ដងផ្លូវ ជិត​ដល់​ផ្ទះ​សល់​ចម្ងាយ​២០០​ម៉ែត្រ​ទៀត ដោយ​ប្រើ​កូន​កាំបិត​ចុង​ស្រួច​ចំនួន​២ ជា​ប្រភេទ​កាំបិត​ចិត្ត​បន្លែ ដោយ​សង្ស័យ​ជា​រឿង​គំនុំ ព្រោះ​ម៉ូតូ​និង​ទ្រព្យសម្បត្តិ​នៅសល់​ទាំងអស់ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង នា​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៨ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ពី​ថ្នល់ជាតិ​ចម្ងាយ​ប្រហែល​៤០០​ម៉ែត្រ ស្ថិតក្នុង​ក្រុម​ទី​១១ ក្នុងភូមិ​ធ្លក​អណ្តូង សង្កាត់​ស្លក្រាម ក្រុង សៀមរាប ។

​សមត្ថកិច្ច​បានឲ្យដឹង​ទៀតថា តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់ឲ្យដឹង​ថា មុនពេល​កើតហេតុ​ពួកគាត់​កំពុង​ដេក​នៅ​ក្នុងផ្ទះ ស្រាប់តែ​មាន​ម៉ូតូ​២​ទៅ​៣​គ្រឿង ជិះ​ដេញ​ស្រែក​ចាក់​គ្នា ហើយ​មួយសន្ទុះ​ក៏​ស្ងាត់​បាត់ទៅ ហើយ​បន្ទាប់​ពី​ស្ងាត់​ស្រែក ពួកគាត់​ក៏​ដាស់​គ្នា​ចេញមកក្រៅ​មើល​ស្រាប់តែ​ឃើញ​មាន​មនុស្ស​ដេកស្លាប់​នៅ​តាម​ផ្លូវ ចម្ងាយ​ពី​ផ្ទះ​គាត់​ប្រហែល​៣០​ម៉ែត្រ រួច​ឃើញ​មាន​អ្នកជិតខាង​គាត់​បាន​រាយការណ៍​ទៅ​ប៉ូលិស​មូលដ្ឋាន​ដើម្បី​រាយការណ៍​អំពី​ករណី​មនុស្ស​ស្លាប់ ខណៈពេល​នោះ​ក៏​ឃើញ​មាន​ប៉ូលិស​ប៉ុស្តិ៍​សង្កាត់​ស្លក្រាម និង ប៉ូលិស​ក្រុង​ខេត្ត​មកដល់​កន្លែងកើតហេតុ​ភ្លាមៗ​ផង​ដែរ​ព្រមទាំង​មាន​ប្រជាពលរដ្ឋ​នាំគ្នា​មក​ចោមរោម​មើល​ក្រែង​មាន​អ្នក​ស្គាល់​។

​សមត្ថកិច្ច​បានឲ្យដឹង​ទៀតថា ជនរងគ្រោះ​មានឈ្មោះ ហ៊ឹម វណ្ណ​រ៉ូ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​មន្ត្រីប៉ូលិស​ប៉ុស្តិ៍​សង្កាត់​គោកចក ក្រុង​សៀមរាប មុខងារ​ព្រិន្ទបាលឯក មាន​ទីលំនៅ​ក្រុម​ទី​១១ ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្លក្រាម ហើយ​នៅ​យប់​ថ្ងៃ​ទី​១៤ ខែ​សីហា​នេះ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ទៅលេង​ផ្ទះ​បងធម៌ ដូច​សព្វដង​នៅក្នុង​កស្សិណ​អង្គរ ហើយ​ធ្លាប់​ដេក​នៅ​ទីនោះ​ផងដែរ ប៉ុន្តែ​យប់​កើតហេតុ​នេះ ជនរងគ្រោះ​ត្រូវ​បាន​សម្រាក​ពី​ការងារ ព្រោះ​មិន​ត្រូវ​ចំ​វេន​ប្រចាំកា​រណ៍​ទេ ហើយ​បាន​ជិះ​ម៉ូតូ​មក​ផ្ទះ​ទាំងយប់ ក៏​ត្រូវ​បាន​ជនសង្ស័យ​ដេញតាម​ពីក្រោយ​ចាក់​សម្លាប់​ទាំង​កណ្ដាល​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​ទី​១៥ ខែ​សីហា ដោយ​ប្រើ​កូន​កាំបិត​ចុង​ស្រួច​ចំនួន​២​ដើម ក្នុងនោះ​១​ដើម​មាន​ដង​ខ្មៅ ប្រវែង​៣​តឹក និង​១​ដើម​ទៀត​ដង​ខៀវ​លាយ​ស​ប្រវែង​៣​តឹក បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ​រួច​ជនសង្ស័យ​ក៏​ទម្លាក់​កាំបិត​ទាំង​២​ដើម​នោះ​ចោល ជិត​ផ្លូវ​ពី​ខាងស្តាំ ក្បែរ​សាកសព ។

​ក្រោយពេល​កើតហេតុ​កម្លាំង​ជំនាញ​ដែល​បាន​ចុះ​មកដល់​កន្លែងកើតហេតុ បាន​ធ្វើ​កោសល្យ​វិនិច្ឆ័យ រួច​បាន​សន្និដា្ឋនថា ជនរងគ្រោះ​ពិតជា​ត្រូវ​ឃាតករ​ចាក់​សម្លាប់​ដោយ​ប្រើ​កូនកាំបិត​ចិត្ត​បន្លែ​មុខស្រួច​ចំនួន​២​ដើម​ពិតមែន ហើយ​ជនសង្ស័យ​មាន​គ្នា​ចាប់ពី​២​ទៅ​៣​នាក់ បានធ្វើ​សកម្មភាព​ចាក់​ទៅលើ​ជនរងគ្រោះ​ចំនួន​១០​កាំបិត គឺ​នៅ​លើ​ពោះ​ចំនួន​៧​កាំបិត , លើ​ខ្នង​ចំនួន​១​កាំបិត , លើ​ភ្លៅ​ចំនួន​១​កាំបិត និង នៅក្រោម​ឃ្លៀក​ចំនួន​១​កាំបិត ហើយ​ឃាតកម្ម​នេះ ជនរងគ្រោះ​និង​ជនសង្ស័យ អាច​មាន​គំនុំ​នឹង​គ្នា​ទើប​ឈាន​ដល់​ធ្វើឃាត ព្រោះ​ទ្រព្យសម្បត្តិ​ឃើញ​នៅសល់​ទាំងអស់​នៅ​កន្លែងកើតហេតុ ។

​សាកសព​ជនរងគ្រោះ ត្រូវបាន​ប្រគល់ឲ្យ​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែកឯ​ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​កំពុង​ធ្វើ​ការស្រាវជ្រាវ ដើម្បី​យក​មក​ផ្តន្ទាទោស​ទៅតាម​ផ្លូវច្បាប់ ៕

​អត្ថបទ និង រូបថត ៖ លោក ជា ស្រស់ និង លោក ថាច់ ពិ​សុទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
#​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​